ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បង្កើតផែនការសម្តែង ទស្សនីយភាព សិល្បៈ បុរាណខ្មែរ នៅតាមទីធ្លាសាធារណៈ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ បានប្រកាសរៀបចំដាក់ ចេញនូវ ផែនការ ចំនួន៣ សំរាប់អនុវត្តនាឆ្នាំ២០១៦ ហើយក្នុងនោះក៏មានបើកការសម្តែង ទស្សនីយភាព សិល្បៈ បុរាណខ្មែរនៅតាមទីធ្លាសាធារណៈ នៅទូទាំងប្រទេស ដើម្បីជំរុញឱ្យមានការលើកតម្កើងថែរក្សា អភិរក្សវប្បធម៌ ខ្មែរ ឱ្យគង់វង្សស្ថិតស្ថេរ ។ នេះបើតាមទីភ្នាក់ងារសារពត៌មានកម្ពុជា(AKP) ចេញថ្ងៃទី១៤ មករា ឆ្នាំ២០១៦។

យោងតាមទីភ្នាក់ងារសារពត៌មានកម្ពុជា (AKP) បានដកស្រង់សម្តីលោកស្រីភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ក្រសួងមាន បំណងបើកការសម្តែងនូវទស្សនីយភាព សិល្បៈ បុរាណខ្មែរ នៅតាមគោលដៅសំខាន់ៗ តាមទីសាធារណៈ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស ដើម្បីជំរុញឱ្យមានការលើកតម្កើងថែរក្សា អភិរក្សវប្បធម៌ខ្មែរ ឱ្យបានរីកចម្រើន និងគង់វង្ស ស្ថិតស្ថេរ។

លោកស្រីបានបញ្ជាក់ថា ទស្សនីយភាពសិល្បៈបុរាណខ្មែរទាំងនោះ មានដូចជា ចម្រៀងសម័យ យីកេ របាំ ប្រពៃណី ល្ខោន ចាប៉ី ជាដើម។ គម្រោងផែនការផ្សព្វផ្សាយពីវប្បធម៌សិល្បៈខ្មែរនេះ ធ្វើឡើង ដើម្បីទប់ទល់ លំហូរ វប្បធម៌បរទេស ក៍ដូចជាឆ្លើយតបទៅនឹងការស្នើសុំរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលចង់ចេះ ចង់ដឹង និងស្វែងយល់ពីវប្បធម៌ខ្មែរបន្ថែមទៀត ដើម្បីឈានទៅចូលរួមការថែរក្សាអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ ខ្មែរ។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានដាក់ចេញផែនការយុទ្ធសាស្ត្រ អាទិភាព ចំនួន៣ចំណុច ដើម្បី ឈានទៅសម្រេចឱ្យបានតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤ -២០១៨ ក្នុងវិស័យវប្បធម៌ ក្នុងនោះរួមមានទី១ ពង្រឹងពង្រីកសក្តានុពលវប្បធម៌ ឲ្យក្លាយជាកម្លាំងចលករ ក្នុងការរួម ចំណែក អភិវឌ្ឍសេដ្ឋកិច្ចជាតិ ទី២ ពង្រឹងពង្រីកការអប់រំ ការផ្សព្វផ្សាយ ការច្នៃប្រឌិត និងការបង្កើតទីផ្សារវប្បធម៌ ទី៣ ពង្រឹងពង្រីកសមត្ថភាពស្ថាប័ន ភាពជាដៃគូអភិវឌ្ឍ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងសេវា ៕