រៀន​ចិត្ត​វិទ្យា ដល់​ពេល​ខ្លួន​ឯង​ពិបាក​ចិត្ត​ធ្វើ​ម៉េច​ទៅ?​


រៀន​ចិត្ត​វិទ្យា ដល់​ពេល​ខ្លួន​ឯង​ពិបាក​ចិត្ត​ធ្វើ​ម៉េច​ទៅ?​

សិស្ស​ដែល​សិក្សា​ផ្នែក​ចិត្ត​វិទ្យា ត្រូវ​សិក្សា​ពី​បុគ្គលិក​លក្ខណៈ​មនុស្ស​ ហើយ​អាច​ធ្វើ​ជា​អ្នក​ប្រឹក្សា​យោបល់​ដល់​អ្នក​ដទៃ​ទៀត​ផង។ ចុះ​នៅ​ពេល​ដែល​ពួក​គេ​ពិបាក​ចិត្ត​ តើ​ពួក​គេ​ធ្វើ​យ៉ាង​ម៉េច​ទៅ?

 

ជូលី និស្សិត​ចិត្ត​វិទ្យា​ឆ្នាំ​ទី​មួយ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា បញ្ហា​របស់​ខ្លួន​គឺ​ដោះ​ស្រាយ​ ដោយ​ការ​លើក​ទឹកចិត្ត​ខ្លួន​ឯង។ ជូលី​ប្រាប់​ទៀត​ថា អ្នក​ណាៗ​ក៏​មាន​បញ្ហា​ដែរ ដូច្នេះ​មាន​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ ដែល​ត្រូវ​ប្រឈម​មុខ​ទាំង​បញ្ហា​និង​ការ​រក​ដំណោះ​ស្រាយ។

 

រៀន​ចិត្ត​វិទ្យា ដល់​ពេល​ខ្លួន​ឯង​ពិបាក​ចិត្ត​ធ្វើ​ម៉េច​ទៅ?​

(រូបតំណាងពី the daily beast)

 

ខុស​ពី​កញ្ញា សុខ លក្ខិណា និស្សិត​ចិត្តវិទ្យា​ឆ្នាំ​ទី​បី​វិញ​បាន​ប្រាប់​ថា កញ្ញា​ត្រូវ​ការ​ឱ្យ​មិត្តភ័ក្ដិ​ជួយ​ដោយ​ប្រាប់​ពី​បញ្ហា​របស់​កញ្ញា​ទៅ​កាន់​ពួក​គេ និង ទទួល​យក​យោបល់​របស់​ពួក​គេ​មក​វិញ។ តែ​ជួន​កាល​ក៏​លក្ខិណា​ ពឹង​លើ​ដំណោះ​ស្រាយ​របស់​ខ្លួន​ឯង​ដែរ។

លោក សំ សុមន្នា និស្សិត​ឆ្នាំ​ទី​បី​ដែរ បាន​ឱ្យ​ដឹង​ថា មិន​មែន​អ្នក​រៀន​ចិត្ត​វិទ្យា​ មិន​ចេះ​ពិបាក​ចិត្ត​នោះ​ទេ។ ពេល​ដែល​លោក​​ឱ្យ​យោបល់​ចំពោះ​អ្នក​ដែល​មាន​វិបត្តិ​ លោក​នឹង​យក​​ដំណោះ​ស្រាយ​ដែល​ខ្លួន​បាន​ផ្ដល់​ឱ្យ​គេ​ មក​អនុវត្ត​ខ្លួន​ឯង ឬ​ក៏​អាច​ទៅ​ពិភាក្សា​ជាមួយ​សិស្ស​ច្បង និង សាស្ត្រាចារ្យ​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ជាង។ តែ​ សុមនា ​នៅ​តែ​អះ​អាង​ថា ទោះ​ជា​យ៉ាង​ណា​ក្នុង​នាម​ជា​និស្សិត​ចិត្ត​​វិទ្យា​ម្នាក់​លោក​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង និង មិន​ឱ្យ​បញ្ហា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្លូវ​ចិត្ត​ឡើយ៕
អត្ថបទ៖ ណេង ណេង​​