សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ ពិធីករ និង​ជា​តារា​សម្តែង​លោក​អឹុ​ម ជីវ៉ា ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​កាលពី​យប់​ថ្ងៃ​ទី​១១ មក​រា ឆ្នាំ​២០១៦ ដោយសារ​ជំងឺ​លើស​ឈាម និង​បេះដូង​ធ្វើទុក្ខ​ខ្លាំង ។ គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​១២ មក​រា លោក​អឹុ​ម ជីវ៉ា បាន​ធូរស្រាល​ខ្លះ​ហើយ តែ​នៅ​បន្ត​ព្យាបាល​មិន​ទាន់​អាច​ចេញ​ទៅ​ផ្ទះ​វិញ​បាន​ឡើយ ។

លោក​អឹុ​ម ជីវ៉ា ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ដោយ​ជំងឺ​ធ្វើទុក្ខ​រូប​លោក​ត្រូវ​ម្តាយ​នាំ​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ឱ្យ​គ្រូពេទ្យ​សង្គ្រោះ ។ លោក​ជីវ៉ា​តែងតែមាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា​លើសឈាម និង​បេះដូង ។ កន្លង​មក​ជំងឺ​ទាំងនេះ​ធ្វើទុក្ខ​ជា រឿយ​ៗ ។ ដូច្នេះ​ហើយ​ទៅ​ណា​មក​ណា​លោក​ជីវ៉ា​ដាក់​ថ្នាំ​ទុក​លេបការ​ពារ​ជាប់​រហូត ។

លោក​អឹុ​ម ជីវ៉ា ឱ្យ​ដឹង​ថា ឈាម​ឡើង​ដល់​១៩ ឯ​បេះដូង​វិញ​ក៏​ធ្វើទុក្ខ​ខ្លាំង​ដែរ ម្ល៉ោះហើយ​អ្នក​ផ្ទះ​បារម្ភ ហើយ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ប៉ុន្មាន​ថ្ងៃនេះ​លោក​ជីវ៉ា​មិន​បាន​សេព​ស្រា ឬ​ហូប​អី​ផ្តេសផ្តាស​ទេ ស្រាប់តែ​ជំងឺ​ធ្វើទុក្ខ ។

រហូត​មក​ទល់​ពេល​នេះ​លោក​អឹុ​ម ជីវ៉ា នៅ​តែ​ឱ្យ​ក្រុម​គ្រូពេទ្យ​បន្ត​តាមដាន​អាការ​ជំងឺ ព្រោះ​ក្រៅពី​បញ្ហា​លើសឈាម និង​បេះដូង លោក​មាន​អាការ​ធ្ងន់​ក្បាល​ខ្លាំង ។

ទោះជា​យ៉ាងណា​ក្តី លោក​អឹុម ជីវ៉ា​និយាយ​ថា លោក និង​សមាជិកសមាគម​សិល្បៈ​ខ្មែរ​នៅ​តែ​មាន​គម្រោង​ចេញ​ទៅ​សួរសុខទុក្ខ និង​ចែក​អំណោយ​ខ្លះ​ដល់​អ្នកសិល្បៈ​ដែល​មានទុក្ខ​លំបាក​។ ប្រសិនបើ​លោក​ជីវ៉ា​ធូរស្បើយ​ពី​ជំងឺ​លោក​នឹង​រៀបចំ​នាំ​ក្រុមការងារ​សមាគម​ទៅ​ចូលរួម​ពិធីបុណ្យ​គម្រប់​៧​ថ្ងៃ​របស់​តារាចម្រៀង​វណ្ណ មក​រា ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត ។

លោក​អឹុ​ម ជីវ៉ា ថ្លែងអំណរគុណ​ចំពោះ​លោក​គន់ រៀម​រតនៈ ដែល​បាន​ជួយ​កំដរ ព្រមទាំង​អ្នកសិល្បៈ ផ្សេង​ទៀត​ដែល​បាន​ទៅ​សួរសុខទុក្ខ ៕