សុខភាព &raquo សុខភាព

កត្តា​សំខាន់​មួយ​ក្នុង​ចំណោម​កត្តា​សំខាន់​ៗ​ដ​ទែ​ទៀត​ដែល​នាំ​ឱ្យ​សម្បូរ​ខ្លាញ់​នៅ​ក្បាលពោះ​គឺ​កត្តា​របប​អាហារ​ទទួលទាន​ប្រចាំ​ថ្ងៃ ។ សម្រាប់​ស្ត្រី ការ​ឡើង​ខ្លាញ់​នៅ​បរិវេណ​ក្បាលពោះ​អាច​ធ្វើ​ឱ្យ​ខូច​រាង និង​អាច​បំផ្លាញ​ចំណាប់អារម្មណ៍​ពី​បុរស​ផង​ដែរ ។ ដើម្បី​ចៀសវាង​បញ្ហា​នេះ គេ​ចាំបាច់​ត្រូវ​តែ​បោះបង់​ចោល​ទម្លាប់​មួយ​ចំនួន​ដូច​ជា ៖

១-​ទទួលទាន​បណ្តា​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស​ទៀងទាត់ ៖ តាម​ក្រុម​អ្នក​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា បុគ្គល​ដែល​ទទួលទាន​បណ្តា​ភេសជ្ជៈ​ខាង​ដើម​១​ឬ​២​កំប៉ុង​រាល់ថ្ងៃ អាច​បណ្តាល​ឱ្យ​ទំហំ​ចង្កេះ​របស់​ពួក​គេ​កើនឡើង​រហ័ស​ដល់​ទៅ​ជាង​៥​ដង​ធៀប​នឹង​អ្នក​ដែល​ទទួលទាន​១​កំប៉ុង​ក្នុង​មួ​យស​ប្តា​ហ៍ ។ តាម​ធម្មតា សារធាតុ​ស្ករ​ក្នុង​ចំនួន​ដ៏​ច្រើន​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក្នុង​បណ្តា​ភេសជ្ជៈ​មាន​ហ្គា​ស ។ ដូច្នេះ​ការ​ទទួលទាន​កាន់តែ​ច្រើន​នោះ​ចំណង់​ស្រេកឃ្លាន​អាហារ​មាន​កាន់តែ​ខ្លាំង​ផង​ដែរ ។

២-​ទទួលទាន​អាហារ​ពេល​ល្ងាច​ខក​ដល់​យប់​ជ្រៅ ៖ អ្នកជំនាញ​សុខភាព​បញ្ជាក់​ថា វា​មិនមែន​ជា​ជម្រើស​ល្អ​ឡើយ​ដែល​បុគ្គល​មួ​យ​ចំនួន​ចូល​ដេក​ខណៈ​ពោះ​ឆ្អែត​តឹង​ណែន​ដោយ​អាហារ​ទើប​ទទួលទាន​រួច ។ ទម្លាប់​បែប​នេះ ក្រៅពី​ធ្វើ​ឱ្យ​ទំហំ​ចង្កេះ​រីក​ធំ ប៉ុន្តែ​វា​ក៏​អាច​បណ្តាល​ឱ្យ​កើត​មាន​បញ្ហា​រំលាយ​អាហារ និង​ការ​ភើ​ឡើង​ទៀត​ផង ។ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ គេ​គួរ​ទទួលទាន​ឆ្អែត​ល្មម​នៅ​ពេល​យប់ និង​មិន​គួរ​ចូល​ដេក​ក្រោយ​ទទួលទាន ។ ជា​ការ​ល្អ គេ​គួរ​រង់ចាំ​យ៉ាង​ហោច​ណាស់​៣​ម៉ោង ។ ប្រសិនជា​អាច​ធ្វើ​ទៅ​បាន គេ​គួរ​ទទួលទាន​ផ្លែ​ឈើ​ក្នុង​ករណី​ឃ្លាន​តិច​ៗ​នៅ​ពេល​យប់ ។

៣-​ទទួលទាន​អាហារ​មាន​ខ្លាញ់​តិច​ញឹកញាប់ ៖ មនុស្ស​មួយ​ចំនួន​គិត​ថា ទទួលទាន​អាហារ​មាន​ខ្លាញ់​ច្រើន​អាច​នាំ​ឱ្យ​ដុះ​ក្បាលពោះ​ខណៈ​អាហារ​មាន​ខ្លាញ់​តិច​ផ្តល់​ផល​ល្អ​ដល់​សុខភាព ។ ទោះជា​យ៉ាងនេះ​ក្តី នៅ​ពេល​បច្ចុប្បន្ន​នេះ គេ​មិន​ត្រូវ​ភ្លេច​ថា អាហារ​មាន​ខ្លាញ់​តិច​មួយ​ចំនួន​ដែល​ឆ្លងកាត់​ការ​កែ​ច្នៃ​ទុក​ឱ្យ​បាន​យូរ ត្រូវ​បាន​គេ​បន្ថែម​ស្ករ​យ៉ាង​ក្រាស់ក្រៃ ។ ដូច្នេះ​ទទួលទាន​អាហារ​ទាំងនេះ​ជា​ញឹកញាប់​គឺ​មាន​ន័យ​ថា បង្កើន​វត្តមាន​សារធាតុ​ស្ករ​ក្នុង​រាង​កាយ​កាន់តែ​ច្រើន​ដែរ ហើយ​នោះ​ក៏​ជា​ឱកាស​ដែល​ខ្លាញ់​ពង្រឹង​វត្តមាន​របស់​វា ។

៤-​មិន​ចង់​ទទួលទានដំណេក​ពេល​យប់ ៖ ជា​គោលការណ៍ មនុស្ស​ធំ​គួរតែ​ទទួលទានដំណេក​ឱ្យ​បាន​ពី​៧​ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់ ។ ការ​ខកខាន​មិន​អាច​ធ្វើ​បាន​តាម​ម៉ោង​កំណត់​នេះ​នឹង​នាំ​ឱ្យ​កម្រិត​អ័រម៉ូន Stress ឈ្មោះ Cortisol កើនឡើង​ខ្ពស់ ហើយ​ជំរុញ​ឱ្យ​ឃ្លាន​អាហារ​ផ្អែម​ៗ ។

៥-​ទទួលទាន​អាហារ​គ្មាន​ប្រូ​តេ​អីុ​ន​គ្រប់គ្រាន់ ៖ ជា​ទូទៅ មនុស្ស​ពេញវ័យ​មាន​សុខភាព​ល្អ គួរ​ប្រើប្រាស់​ប្រូ​តេ​អីុ​ន​យ៉ាង​ហោច​ណាស់​២០-២៥​ក្រាម​សម្រាប់​អាហារ​មួយ​ពេល ។ ទោះជា​យ៉ាងនេះ​ក្តី បុរស​គួរ​បន្ថែម​១០​ក្រាម​ពីលើ​ដើម្បី​ធានា​សុខភាព​ល្អ ។ ដោយ​ការ​បង្កើន​ការ​ទទួលទាន​ប្រូ​តេ​អីុន លោក​អ្នក​អាច​ធ្វើ​ឱ្យ​មាន​តុល្យភាព​កម្រិត​ស្ករ​ក្នុង​ឈាម​ខណៈ​កម្រិត​អាំង​ស៊ុ​យ​លី​ន​ត្រូវ​បាន​ថយ​ចុះ ។ ជាង​នេះ​ទៅ​ទៀត ប្រូ​តេ​អីុ​ន​អាច​ជួយ​គ្រប់គ្រង​អ័រម៉ូន​ស្រេកឃ្លាន ទប់ស្កាត់​ភាពធាត់​លើស​ទម្ងន់ ។

សូម​បញ្ជាក់​ថា បណ្តា​អាហារ​ដែល​សម្បូរ​ដោយ​ប្រូ​តេ​អីុន​មាន​ដូច​ជា សាច់​មាន់​គ្មាន​ស្បែក ស៊ុត ត្រីសូ​ម៉ុង បង្កង បង្គា ងាវ ក្តាម ... ៕