ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់ ​និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​ពេល​កំពុង​​ជិះ​ម៉ូតូឌុប​គ្នា​ ត្រូវ​រថយន្ត​ពីរ​គ្រឿង​បើក​ប៉ះ​គ្នា​រេ​ចង្កូត​ទៅ​បុក​ចំ​ពីមុខ​ពេញទំហឹង​ហើយ​រថយន្ត​បង្ក​​បើក​រត់គេច​ខ្លួន​បាត់​ នៅ​សល់​រថយន្ត​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ​កាល​ពី​​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែមករា តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤​ ​ស្ថិត​នៅ​ភូមិ​ព្រៃ​បឹង​ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

សព​ជន​រង​គ្រោះ​​ឈ្មោះ​ ជៀម ​ផល ភេទ​ប្រុស អាយុ​៣១​​ឆ្នាំ ​ជាជាងសំណង់ មានស្រុក​កំណើត​នៅ​ភូមិ​ដូន​ភើ ឃុំ​ខ្វាវ ស្រុក​ត្រាំ​ង ខេត្តតាកែវ ។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​មាន​រថយន្ត​២​គ្រឿង​ ដែល​​​រថយន្ត​​​​​បង្ក​​ម៉ាក RAV4 មិន​ចាំ​​​ស្លាក​លេខ និង​​មួយ​គ្រឿង​ទៀត​​ម៉ាក​​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​កោះកុង​3A-0536 បើក​ស្រប​ទិស​គ្នា​ ពី​លិចទៅ​កើត ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ត​ទាំង​ពីរ​គ្រឿង​​បើក​ជែង​គ្នា ដោយ​រថយន្ត​បង្ក​បើក​កៀរ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ បណ្តាល​ឲ្យ​បែក​កញ្ចក់​ចំហៀង​ខាងឆ្វេង​ ហើយ​រថយន្ត​បង្ក​រេ​ចង្កូត​ទៅ​បុក​ចំ​ពីមុខ​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ អត់​ស្លាក​លេខ ជិះ​គ្នា​២​នាក់ ​បញ្ច្រាស​ទិស​គ្នា បណ្តាល​ឲ្យ​ម៉ូតូ​អូស​ជាង​១០​ម៉ែត្រ​ រង​របួសធ្ងន់​ម្នាក់​ និង​ស្លាប់​ម្នាក់​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​បង្ក​បើក​រត់​បាត់​ស្រមោល នៅ​សល់​តែ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ក៏​ជា​រថយន្ត​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ តែ​អ្នកបើកបរ​រត់គេច​ខ្លួន ។ រីឯ​អ្នក​រង​របួសធ្ងន់​ត្រូវរថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ​រីឯរថយន្ត​និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ។

ចំណែក​សព ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​​រៀប​ចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ៕