សុខភាព &raquo សុខភាព

បច្ចុប្បន្ន​មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​លេបថ្នាំ​គ្រាប់​វីតាមីន B Complex ដើម្បី​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​ការ​រំលាយ​អាហារ ក៏​ដូច​ជា​ជំរុញ​កម្រិត​ថាមពល​រាង​កាយ ។ យ៉ាងណា​ក៏​ដោយ គេ​អាច​ទទួល​បាន​ផល​ដូច​គ្នា​ប្រសិនជា​គេ​ដាក់​បញ្ចូល​អាហារ​សម្បូរ​ដោយ​វីតាមីន​B​មួយ​ចំនួន​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ។ អាហារ​ទាំងនោះ​មាន​ដូច​ជា ៖

១-​គ្រាប់​វ៉​ល​ណាត់ ៖ ក្រៅពី​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​-៣ និង​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ដ៏​មាន​ថាមពល គ្រាប់​វ៉​ល​ណាត់​ក៏​សម្បូរ​យ៉ាង​ក្រាស់ក្រៃ​ផង​ដែរ​នូវ​វីតាមីន B5 វីតាមីន B1(Thiamin)  និង​វីតាមីន B6 ។ ដូច្នេះ​ការ​ទទួលទាន​គ្រាប់​រុក្ខជាតិ​នេះ​នឹង​ជួយ​ឱ្យ​អារម្មណ៍​ស្រស់ថ្លា បង្កើន​ថាមពល​រាង​កាយ និង​ព្រមទាំង​ជួយ​ឱ្យ​ល្អ​ប្រសើរ​ដល់​មុខងារ​ចង​ចាំ​ទៀត​ផង ។

២-​ផ្លែ​ចេក ៖ ចេក​ជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​វីតាមីន B5 និង​B6 ។ បន្ថែម​ពីលើ​នេះ វា​ក៏​ផ្ទុក​វីតាមីន C សារធាតុ​សរសៃ និង​ប៉ូ​តា​ស្យូ​ម​ក្នុង​កម្រិត​មួយ​ខ្ពស់​ផង​ដែរ ។ ចំណែក​សារធាតុ​ទឹក​វិញ​គឺ​មាន​ប្រហែលជា​៧៤​ភាគរយ ។

៣-​គ្រាប់ស្វាយចន្ទី​និង​ប៊័រ​ផលិត​ពី​គ្រាប់​របស់​វា ៖ គ្រាប់ស្វាយចន្ទី​សម្បូរ​ទៅ​ដោយ​វីតាមីន B3(Niacin) B1(Thiamin) និង B6​។ គេ​អាច​ទ​ទួ​ល​ទាន​វា​ក្នុង​នាម​ជា​អាហារ​សម្រន់​ក្នុង​បរិមាណ​ពេញ​១​ក្តាប់ដៃ​ក្នុង​មួយ​ថ្ងៃ ។ ជាង​នេះ​ទៅ​ទៀត គេ​ក៏​អាច​រីករាយ​វា​ក្នុង​ទម្រង់​ជា​ក្រែ​ម​ផង​ដែរ ។

៤-​គ្រាប់​អាល់​ម៉ុ​ន​និង​ទឹកដោះគោ​ផលិត​ពី​គ្រាប់​រុក្ខជាតិ​នេះ ៖ អាល់​ម៉ុ​ន​សម្បូរ​ទៅ​ដោយ​វីតាមីន B2 (riboflavin) B1,B5,B3,B9(folate) និង B6 ។ ក្រៅពី​នេះ​គឺ​មាន​វីតាមីន E ម៉ាញេស្យូម ដែក និង​ប្រូ​តេ​អុ​ី​ន ។ ក្នុង​ទម្រង់​ជា​ទឹកដោះគោ​វិញ អាល់​ម៉ុ​ន​សម្បូរ​ទៅ​ដោយ​វីតាមីន B6 និង B12 ។ យ៉ាងណា​ក៏​ដោយ ដើម្បី​ទទួល​បាន​ផលប្រយោជន៍​សុខភាព គេ​មិន​គួរ​បន្ថែម​ស្ករ​ក្នុង​ទឹកដោះគោ​ផលិត​ពី​គ្រាប់​អាល់​ម៉ុ​ន​នោះ​ទេ​។ អាល់​ម៉ុ​ន​ក៏​ត្រូវ​បាន​កែ​ច្នៃ​ក្នុង​ទម្រង់​ជា​ប៊័រ​ផង​ដែរ ។

៥-​ផ្លែ​ប៊័រ ៖ ក្រៅពី​ផ្ទុក​ទៅ​ដោយ​ខ្លាញ់​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​បេះដូង​ក្នុង​កម្រិត​ខ្ពស់ ប៊័រ​ក៏​សម្បូរ​ណាស់​ដែរ​នូវ​វីតាមីន E ,B3,B5,B6 និង​ម៉ាញេស្យូម ។ ការ​ទទួល​ទាន​ផ្លែ​ប៊័រ​ជួយ​ឱ្យ​រាង​កាយ​ផលិត Glutathione ដែល​ជា​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​មាន​ប្រសិទ្ធភាព​ជួយ​ទប់ស្កាត់​ភាព​ចាស់​ទៅ​តាម​អាយុ ទប់ស្កាត់​ការ​កើត​មាន​ជំងឺ​ភ្លេចភ្លាំង ជំងឺ​បេះដូង និង​ជំងឺមហារីក​... ។ បន្ថែម​ពី​នេះ ប៊័រ​អាច​ជួយ​កាត់​បន្ថយ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល បញ្ចុះ​សម្ពាធ​ឈាម និង​កាត់​បន្ថយ​កម្រិត stress ផង​ដែរ ។

៦-​ប៉េងប៉ោះ ៖ វា​ជា​បន្លែ​មួយ​ប្រភេទ​ដែល​ទទួល​បាន​ពិន្ទុ​ល្អ​ក្នុង​ការ​ផ្តល់​អត្ថប្រយោជន៍​សុខភាព​នៅ​គ្រប់ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ ។ ជាមួយនឹង​ពណ៌​ដ៏​ស្រស់​ស្អាត ប៉េងប៉ោះ​ប្រមូលផ្តុំ​ទៅ​ដោយ​បណ្តា​វីតាមីន B ជា​ពិសេស​គឺ B6 ។ ឯ​វីតាមីន C និង​ប៉ូ​តា​ស្យូ​ម​ក៏​មាន​ច្រើន​ដែរ ។ ជាង​នេះ​ទៅ​ទៀត ការ​ទទួលទាន​ប៉េងប៉ោះ​គឺ​ជួយ​ឱ្យ​រាង​កាយ​ផលិត​សមាសធាតុ glutathione ដែល​ជួយ​បន្សាប​ជាតិពុល​ចេញពី​ថ្លើម​កាន់តែ​ច្រើន ។ ចំណែក អត្ថប្រយោជន៍​មួយ​ផ្សេង​ទៀត​របស់​ប៉េងប៉ោះ​គឺ​ជួយ​ឱ្យ​ស្បែក​ស្រស់ថ្លា ។

៧-​គ្រាប់​ជី ៖ គ្រាប់​ជី​ផ្តល់​អត្ថប្រយោជន៍​ក្នុង​ការ​ជួយ​រាង​កាយ​ប្រឆាំង​នឹង​ជំងឺ​បាន​ច្រើន​មុខ ។ វា​ផ្ទុក​រាល់​បណ្តា​វីតាមីន B ទាំងអស់​លើកលែងតែ B12 ប៉ុណ្ណោះ ។ ក្រៅពី​នេះ វា​ក៏​មាន​ផ្ទុក​សារធាតុ​ដែក និង​ខ្លាញ់​អូ​មេ​ហ្គា​-៣​ផង​ដែរ ។ ការ​ទទួលទាន​គ្រាប់​ជី​២​ស្លាបព្រា​កាហ្វេ​ក្នុង​មួយ​ថ្ងៃ​គឺ​គ្រប់គ្រាន់​ក្នុង​ការ​បង្កើន​ថាមពល​ដល់​រាង​កាយ និង​ផ្លូវចិត្ត ។

៨-​ដំឡូងជ្វា ៖ ដំឡូងជ្វា​ស្ថិត​ក្នុង​អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន B ជា​ពិសេស B6 ។ ក្រៅពី​មាន​រសជាតិ​ផ្អែម​ល្មម ដំឡូងជ្វា​ក៏​ជា​ប្រភព​វីតាមីន C ម៉ាញេស្យូម បេ​តា​ការ៉ូ​តែ​ន និង​ប៉ូ​តា​ស្យូ​ម ។

៩-​សណ្តែកដី និង​ប៊័រ​ធ្វើ​ពី​សណ្តែកដី ៖ សណ្តែកដី​សម្បូរ​យ៉ាងច្រើន​បំផុត​នូវ​វីតាមីន B9( folate ) ,B6 , B5, B2( riboflavin) និង​វីតាមីន B1 ។ ចំណែក​ប៊័រ​ធ្វើ​ពី​សណ្តែកដី​វិញ​សម្បូរ​ទៅ​ដោយ​ប្រូ​តេ​អីុ​ន និង​ខ្លាញ់​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​បេះដូង ៕