ស្ត្រីរងគ្រោះផ្លូវភេទ កូរ៉េខាងត្បូង បដិសេធ សំណងជំងឺចិត្ត ពីរដ្ឋាភិបាលជប៉ុន

សេអ៊ូល៖ ជនរងគ្រោះដោយសារ ការរំលោភបំពានផ្លូវភេទ ដោយទាហានជប៉ុន កាលពីសម័យសង្គ្រាម បាន បដិសេធក្នុងការទទួលយកសំណងជំងឺ ជាទឹកប្រាក់រាប់លានដុល្លារ ដែលត្រូវបានព្រមព្រៀងគ្នា រវាងរដ្ឋាភិបាល កូរ៉េខាងត្បូង និង ជប៉ុន កាលពីចុងឆ្នាំ ២០១៥ កន្លងទៅនេះ ហើយពួកគេបានប្រកាស ទុកកិច្ចព្រមព្រៀងនោះ ជាមោឃៈទៀតផង។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ ២០១៦ នេះទៀតថា ជនរង គ្រោះជាស្ត្រី ចំណាស់ ដែលមានវ័យខ្ទង់ ៨០ ទៅ ៩០ ឆ្នាំ ដែលបានចេញមុខច្រានចោលកិច្ចព្រមព្រៀង ខាងលើនេះ មានចំនួន ៦ រូប។ ពួកគេធ្លាប់បានធ្វើការតវ៉ា ជារៀងរាល់ថ្ងៃពុធ បែបនេះ អស់រយៈពេល ២០ឆ្នាំមកហើយ ដើម្បីអំពាវនាវឲ្យប្រទេសជប៉ុន ធ្វើការសូមទោសប្រកបដោយកិត្តិយស ព្រមជាមួយនឹង សំណងជំងឺចិត្ត ដ៏សមរម្យបំផុត មកដល់ពួកគេ។

គួរបញ្ជាក់ថា នៅក្នុងការតវ៉ានៅថ្ងៃពុធនេះ ក៏មានអ្នកគាំទ្រចូលរួមប្រមាណ ៨០០ នាក់ ដើម្បីទាមទារ ឲ្យរដ្ឋាភិបាល យកការប្រឆាំងនេះទៅគិតពិចារណាឡើងវិញ។ សម្រាប់កិច្ចព្រមព្រៀង កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៥ នោះ ជប៉ុនបានយល់ព្រមសូមទោសជនរងគ្រោះកូរ៉េខាងត្បូងទាំងអស់ និង សម្រេច យកថវិកា ជាតិសងជំងឺចិត្តជនរងគ្រោះចំនួន ៨,៣ លានដុល្លារអាមេរិកថែមទៀត។

ចំពោះការប្រឆាំងតវ៉ាបែបនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង និង ជប៉ុន មិនទាន់បានបញ្ចេញប្រតិកម្ម ឬ ក៏ចាត់វិធានការ ដោះស្រាយ បែបណានោះឡើយ៕

ស្ត្រីរងគ្រោះផ្លូវភេទ កូរ៉េខាងត្បូង បដិសេធ សំណងជំងឺចិត្ត ពីរដ្ឋាភិបាលជប៉ុន