សុខភាព &raquo សុខភាព

ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​ក និង​ចិន​បាន​រក​ឃើញ​ថា ការ​ជំនួស​អាហារ​ផ្អែម​ដោយ​ស្ករ​និង​អាហារ​សម្បូរ​ខ្លាញ់​ដោយ​ការ​ទទួលទាន​សណ្តែកដី គ្រាប់ស្វាយចន្ទី និង​សណ្តែក​ប្រេ​ស៊ី​លអាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​មាន​ជំងឺ​បេះដូង​បាន​ប្រហែលជា​២០​ភាគរយ ។ ដោយឡែក ចំពោះ​ហានិភ័យ​ស្លាប់​ពី​ជំងឺ​ផ្សេង​ៗ​គឺ​អាច​កាត់​បន្ថយ​បាន​ប្រហែលជា​១៧​ភាគរយ ។

សណ្តែកដី គ្រាប់ស្វាយចន្ទី និង​សណ្តែក​ប្រេ​ស៊ី​ល​ត្រូវ​គេ​រក​ឃើញ​ថា សម្បូរ​ទៅ​ដោយ​វីតាមីន សារធាតុ​រ៉ែ អាស៊ីត​ខ្លាញ់ និង​បណ្តា​សារធាតុចិញ្ចឹម​ផ្សេង​ៗ​ទៀត ។ នៅ​ពេល​សារធាតុ​ទាំង​អស់នេះ​រួម​ផ្សំគ្នា វា​បង្កើត​បានជា​កម្លាំង​ដ៏​មាន​ប្រសិទ្ធភាព​បញ្ចុះ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល និង​កាត់​បន្ថយ​ការ​រលាក​ក្នុង​រាង​កាយ ។

ការ​ពិនិត្យ​មើល​ទិន្នន័យ​នៃ​ការ​សិក្សា​ចំនួន​១៨​លើក​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២ ដែល​មាន​ចំនួន​១​ម៉ឺន​២​ពាន់​នាក់ និង​អ្នកជំងឺ​បេះដូង​១​ម៉ឺន​៥​ពាន់​នាក់​ពី​សំណាក់​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក្រុង​វូ​ហាន ប្រទេស​ចិន​និង​សាកលវិទ្យាល័យ​ហា​វើ​ដ សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា អ្នក​ដែល​ទទួលទាន​សណ្តែក​ដី គ្រាប់ស្វាយចន្ទី ឬ​សណ្តែក​ប្រេ​ស៊ី​ល​ម្តង​ក្នុង​មួយ​ថ្ងៃ​ឃើញ​ថា ហានិភ័យ​ពី​ជំងឺ​បេះដូង​ធ្លាក់​ចុះ​ចន្លោះ​ពី​២៨​ទៅ​២៩​ភាគរយ​ខណៈ​ហានិភ័យ​ស្លាប់​ពី​ជំងឺ​ផ្សេង​ៗ​ធ្លាក់​ចុះ​ប្រហែលជា​១៧​ភាគរយ ។

ទោះជា​យ៉ាងនេះ​ក្តី គេ​ពុំ​ឃើញ​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​ជំងឺ​ទឹកនោមផ្អែម​រវាង​អ្នក​ទទួលទាន​សណ្តែក និង​អ្នក​មិន​ទទួលទាន​នោះ​ទេ ។ មានការ​កាត់​បន្ថយ​បន្តិចបន្តួច​ដែរ​លើ​ហានិភ័យ​ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។

បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ពី​ការ​រក​ឃើញ​របស់​ខ្លួន ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ការ​រក​ឃើញ​លើក​នេះ​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​លើ​ការ​ពិត​ដែល​ថា ការ​ដាក់​បញ្ចូល​សណ្តែកដី គ្រាប់ស្វាយចន្ទី ឬ​សណ្តែក​ប្រេ​ស៊ី​ល​ជាដើម​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ គឺជា​ការ​ផ្តល់​ការ​ការពារ​ប្រឆាំង​នឹង​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន ៕