ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

ក្រុមហ៊ុន Microsoft បាន​សម្រេចចិត្ត​បញ្ឈប់​ការ​គាំទ្រ​សម្រាប់​កម្មវិធី​រុករក​តាម​អីុន​ធើ​​រ​ណេ​ត​ស៊េរី​ចាស់​គឺ Internet Explorer កម្រិត​៨,៩​និង​កម្រិត​១០ នឹង​បាត់​រូបរាង​ពី​ពិភពលោក​នេះ ខណៈ​ពេល​ក្រុមហ៊ុន​កំពុង​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ចាប់ផ្តើម​ទទួលយក​កម្មវិធី​ស៊េរី​ថ្មី​គឺ Microsoft Edge ។

ចាប់ពី​ថ្ងៃ​ទី​១២ មក​រា ២០១៦ តទៅ មាន​តែ​កម្មវិធី Internet Explorer កម្រិត​ទី​១១​ប៉ុណ្ណោះ ដែល​បន្ត​ទទួល​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ការ​អភិវឌ្ឍ​ផ្នែក​សន្តិសុខ​បច្ចេក​វិទ្យា ។ បើសិនជា​អតិថិជន​ទាំងអស់​កំពុង​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​មួយ​ក្នុង​ចំណោម​២០០​លាន​គ្រឿង​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រ​តិ​ប​តិ្ត​ការ Windows 10 នោះ​មាន​ន័យ​ថា លោក​អ្នកមាន​កម្មវិធី​រុករក​ថ្មី Microsoft Edge រួច​ហើយ ។ ប៉ុន្តែ​បើ​អ្នក​នៅ​តែ​មានកម្ម​វិធី​រុករក​អីុ​ន​ធើ​រ​ណេ​ត Internet Explorer កម្រិត​ទី​៨,៩ និង​ទី​១០ ដែល​ជា​ជម្រើស​របស់​អ្នក​នោះ ក្រុមហ៊ុន Microsoft នឹង​លើកទឹកចិត្ត​អ្នក​ឱ្យធ្វើ​កំណែប្រែ​ឡើង​កម្រិត​ដើម្បី​ចៀសវាង​ពី​ការ​វាយប្រហារ​អេ​ឡិច​ត្រូ​និក ។

កម្មវិធី​អុ​ី​ន​ធើ​រ​ណេ​ត Internet Explorer កម្រិត​ទី​១១ នឹង​រក្សា​ការ​ធ្វើ​កំណែប្រែ​ផ្នែក​សន្តិសុខ​សម្រាប់​មួយ​រយៈពេល​ដល់​ប្រព័ន្ធ Windows 7,8 និង​ប្រព័ន្ធ Windows 10 ។ ក្រុមហ៊ុន​បាន​ប្រកាស​បិទ​បញ្ឈប់​កម្មវិធី Internet Explorer កាលពី​ខែមីនា ២០១៥ ក្រោយ​ពី​វា​មាន​វត្តមាន​អស់​រយៈពេល​១៩​ឆ្នាំ​មក​ហើយ​ក្នុង​ការ​បម្រើ​សេចក្តី​ត្រូវការ​របស់​អតិថិជន​របស់​ខ្លួន ។ យ៉ាងណាមិញ​ក្រុមហ៊ុន​បាន​បង្កើត​កម្មវិធី​រុករក​ថ្មី​ដោយ​ស្ថិត​ក្នុង​គម្រោង​មានឈ្មោះ​ថា «Project Spartan» ហើយ​បច្ចុប្បន្ន​ស្គាល់​តាម​រយៈ​ឈ្មោះ​ថា Edge ត្រូវ​បាន​សាទរ​ជា​ការ​ចាប់ផ្តើម​ដ៏​ថ្លៃថ្លា និង​ជា​ការ​ប្រកួតប្រជែង​ជាមួយ​កម្ម​វី​ធី Chrome របស់​ក្រុមហ៊ុន Google និង​កម្ម​វី​ធី Fire Fox របស់​មូលនិធិ Mozilla Foundation ៕