កម្ពុជា​ត្រូវ​ការ​ពិន្ទុ​ដាច់​ខាត​ពី​ U-23 បារ៉ែន​​រសៀល​​នេះ​ ដើម្បី​បន្ត​ក្តី​សង្ឃឹម​

កម្ពុជា​ត្រូវ​ការ​ពិន្ទុ​ដាច់​ខាត​ពី​ U-23 បារ៉ែន​​រសៀល​​នេះ​ ដើម្បី​បន្ត​ក្តី​សង្ឃឹម​

បន្ទាប់​ពី​ទទួល​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ម៉ាល់ឌីវ​ទាំង​មិន​អស់​ចិត្ត​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ការ​ពិន្ទុ​ដាច់​ខាត​​នៅ​​ពេល​ជួប​ក្រុម​ខ្លាំង​​អាយុ​ក្រោម​២៣​ឆ្នាំ​បារ៉ែន​វេលា​ម៉ោង​៤​​រសៀល​ ថ្ងៃ​ទី​១៤​ ខែ​មករា​​នេះ​នៃ​ពាន​រង្វាន់​ Bangabadhu Gold Cup 2016  នៅ​ប្រទេស​បង់ក្លាដេស។

 

កម្ពុជា​ត្រូវ​ការ​ពិន្ទុ​ដាច់​ខាត​ពី​ U-23 បារ៉ែន​​រសៀល​​នេះ​ ដើម្បី​បន្ត​ក្តី​សង្ឃឹម​ លោកគ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា Lee Tae Hoon (កណ្តាល)

 

ក្រុម​ទាំង​ពីរ​​បាន​ឆ្លង​កាត់​មួយ​ប្រកួត​ដូច​គ្នា​នៅ​ពូល​ B ដោយ​ក្រុម​ U-23 បារ៉ែន​ ទទួល​បាន​១​ពិន្ទុ​ បន្ទាប់​ពី​ស្មើ​ក្រុម​ម្ចាស់​ផ្ទះ​ U-23 បង់ក្លាដេស​ ១-១​​ ខណៈ​កម្ពុជា​មិន​ទាន់​មាន​ពិន្ទុ​រាប់​នៅ​ឡើយ​ទេ​ ក្រោយ​ពេល​ចាញ់​ក្រុម​ជម្រើស​ជាតិ​ម៉ាល់ឌីវ​ដោយ​លទ្ធផល​ ៣-២។ ការ​ប្រកួត​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ក្រុម​ទាំង​ពីរ​ដើម្បី​បន្ត​ក្តី​សង្ឃឹម​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ជា​ពិសេស​ក្រុម​កម្ពុជា​​ត្រូវ​ការ​ពិន្ទុ​ជា​ចាំ​បាច់។

 

លោក​​គ្រូ​បង្វឹក​កម្ពុជា​ Lee Tae Hoon មាន​ទំនុក​ចិត្ត​ថា ក្រុម​របស់​លោក​អាច​ឆ្លង​ផុត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ និង​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ចំណែក​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ឃួន​ ឡាបូរ៉ាវី​ក៏​មាន​ទំនុក​ចិត្ត​ដូច​គ្រូ​បង្វឹក​ដែរ។

 

ឃួន ឡាបូរ៉ាវី​បាន​​ឲ្យ​ដឹង​ថា សម្រាប់​ពាន​រង្វាន់​ Bangabadhu Gold Cup 2016 នេះ​សម្រាប់​ក្រុម​ដែល​ជា​ក្តី​បារម្ភ​គឺ​បារ៉ែន​ ពី​ព្រោះ​កម្ពុជា​​មិន​ធ្លាប់​ប្រកួត​នឹង​ក្រុម​នេះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត បារ៉ែន​ជា​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ពិភព​លោក​ខ្ពស់​ជាង​កម្ពុជា។ ​​

 

ទោះ​ជា​យ៉ាង​ណា កម្ពុជា​ជា​ក្រុម​មួយ​ដែល​មាន​កីឡាករ​ភាគ​ច្រើន​ជា​យុវជន​ និង​ជម្រើស​ទី​ពីរ​ប៉ុណ្ណោះ​ ខណៈ​កីឡាករ​ជម្រើស​ឈាន​មុខ​មួយ​ចំនួន​មិន​បាន​រួម​ដំណើរ​ទៅ​ជា​មួយ​ទេ។ ចំណែក​ក្រុម​ U-23 បារ៉ែន​ជា​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​អាស៊ី។

 

៥​ប្រកួត​ចុង​ក្រោយ​របស់​​កម្ពុជា​

– សិង្ហបុរី ២-១ កម្ពុជា ( ​ជម្រុះ​​បាល់ទាត់​ពិភព​លោក​២០១៨ជុំ​ទី២)
– កម្ពុជា​ ៦-១ ប្រ៊ុយណេ ( ការ​ប្រកួត​មិត្តភាព)
– អាហ្វហ្គានីស្ថាន​ ៣-០ កម្ពុជា (ជម្រុះ​បាល់ទាត់​ពិភព​លោក​២០១៨​ជុំ​ទី​២)
– កម្ពុជា ០-២ ជប៉ុន​ (​ជម្រុះ​បាល់ទាត់​ពិភព​លោក​២០១៨​ជុំ​ទី​២)
– កម្ពុជា ២-៣ ម៉ាល់ឌីវ ( ពាន​រង្វាន់​ Bangabadhu Gold Cup 2016)

 

៥​ប្រកួត​ចុង​ក្រោយ​របស់ U-23 បារ៉ែន​
– U-23 បារ៉ែន​ ១-១ U-23 អូម៉ង់​ (ពាន​ AUC)
– U-23 ម៉ាល់ឌីវ ០-៣ U-23 បារ៉ែន​ (ពាន​ AUC)
– U-23 បារ៉ែន ០-២ U-23 អ៊ីរ៉ាក់​ (ពាន AUC)
– U-23 លីបង់​ ០-០ U-23 បារ៉ែន (ពាន​ AUC)
– U-23 បារ៉ែន​ ១-១ U-23 បង់ក្លាដេស​ ( Bangabadhu Gold Cup 2016)

 

ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ Bangabadhu National Stadium វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​១៤​ ខែ​មករា​ នេះ​ដែល​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា​ដោយ​ទូរទស្សន៍​ MYTV។ ក្រុម​ទាំង​ពីរ​មិន​ធ្លាប់​មាន​ប្រវត្តិ​ជួប​គ្នា​ឡើយ​ តើ​ក្រុម​ណា​បង្កើត​ប្រវត្តិ​សាស្ត្រ​ឈ្នះ​បាន​?

 

នៅ​ថ្ងៃ​ជា​មួយ​គ្នានេះ​ដែរ ​​ក្រុម​ម្ចាស់​ផ្ទះ U-23 បង់ក្លាដេស​​ត្រូវ​ទទួល​​​ក្រុម​ម៉ាល់ឌីវសម្រាប់​ការ​ប្រកួត​ទី​២​នៅ​ពូល​ B វេលា​ម៉ោង​ ៧:៣០ យប់​​៕

 

កម្ពុជា​ត្រូវ​ការ​ពិន្ទុ​ដាច់​ខាត​ពី​ U-23 បារ៉ែន​​រសៀល​​នេះ​ ដើម្បី​បន្ត​ក្តី​សង្ឃឹម​តារា​ង​ពិន្ទុពូល B (អក្សរ H៖ ម្ចាស់​ផ្ទះ

 

អត្ថបទ៖ ជាន ចាន់រ៉ា​