រដ្ឋបាល​រាជធានី ផ្សព្វផ្សាយ​សមិទ្ធផល​និង​បញ្ហា​ប្រឈម ក្នុង​ឆ្នាំ​២០១៥

ភ្នំពេញ: ​របាយការណ៍​សង្ខេប​ប្រចាំឆ្នាំ​២០១៥ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០១៥​នេះ ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ សាលា​រាជធានី​ភ្នំពេញ បាន​បន្ត​ខិតខំ​ជម្នះ​ពុះពារ​ការលំបាក​ស្មុគស្មាញ និង​អនុវត្ត​គ្រប់​វិធានការ ពិសេស​ការចាត់តាំង​អនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ឲ្យ​កាន់តែ​ប្រសើរ ដោយ​ធានាបាន​សភាពការណ៍​ស​ន្តិ​សុខ​ទូទាំង​រាជធានី​។​
​របាយការណ៍​នេះ ត្រូវបាន​ផ្សព្វផ្សាយ កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៦ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​។​

​តាម​របាយការណ៍​រដ្ឋ​បាល​រាជធានី​ចំនួន ១២ ទំព័រ​នោះ លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ការងារ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​គ្រប់ផ្នែក គ្រប់​វិស័យ​បាន​ដំណើរការ​ជា​ប្រក្រតី និង​ដោយ​រលូន ជាមួយនឹង​សមិទ្ធផល​នានា​ជាច្រើន​គួរ​ជាទី​មោទនៈ ដោយ​ក្នុងនោះ​គួរ​ឲ្យ​កត់សម្គាល់​សកម្មភាព​បង្កចលាចល​នយោបាយ និង​អំពើ​ភេរវកម្ម​ត្រូវបាន​ទប់ស្កាត់​មិន​ឲ្យ​កើតមាន អំពើ​ប្លន់​ប្រដាប់អាវុធ ក្មេង​ទំនើង និង​គ្រឿងញៀន​ត្រូវបាន​យកចិត្តទុកដាក់​បង្ក្រាប​បានជា​បន្តបន្ទាប់ ព្រមទាំង​ផ្តល់នូវ​ភាពកក់ក្តៅ​ដល់​ប្រជាជន វិនិយោគិន និង​ភ្ញៀវ​បរទេស​។ សភាពការណ៍​នេះ បានផ្តល់​នូវ​ភាពអនុគ្រោះ​ដល់​ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ វិសហមជ្ឈការ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រដ្ឋាភិបាល ឲ្យ​ទទួលបាន​ជោគជ័យ ពិសេស​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ លូ ស្ពាន សួនច្បារ សំណង់​អគារ​ខ្ពស់ៗ ទីក្រុង​រណប និង​ការ​ងើបឡើង​វិញ​នៃ​ទីផ្សារ​អចលនទ្រព្យ នៅក្នុង​រាជធានី​ភ្នំពេញ បានរួម​ចំណែក​យ៉ាងសកម្ម ក្នុង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ការកាត់បន្ថយ​ភាពក្រីក្រ និង​ការលើកកម្ពស់​សុខុមាល​ភាព​របស់​ប្រជាជន​។​

​លោក​មាន ចាន់​យ៉ា​ដា បាន​បន្តថា ទន្ទឹមនឹង​លទ្ធផល​ដែល​សម្រេច​បានជា​វិជ្ជមាន​របស់​សាលា​រាជធានី ក៏​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវ​ប្រមូលផ្តុំ​ដោះស្រាយ​ឲ្យ​បានល្អ​នាពេលខាងមុខ មាន​អាទិ៍​៖១)​បញ្ហា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ពិសេស​ករណី​ប្លន់​ប្រដាប់អាវុធ ក្មេង​ទំនើង និង​គ្រឿងញៀន​នៅតែ​ជា​ចំណុចក្តៅ​របស់​រាជធានី​ភ្នំពេញ​។ ២)​បញ្ហា​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ តាម​ដងផ្លូវ​នៅតែ​ជា​បញ្ហា​ចោទ អាស្រ័យ​ដោយ​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​មធ្យោបាយ​យានយន្ត និង​ប្រជាជន​។ ៣)​បញ្ហា​គ្រោះ​អគ្គិភ័យ នៅតែ​ជា​កង្វល់​ដ៏​ធំ​របស់​សមត្ថកិច្ច​គ្រប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​។ ៤)​បញ្ហាដីធ្លី លំនៅដ្ឋាន និង​បរិស្ថាន​ក៏​នៅតែ​ចោទ អាស្រ័យ​ដោយ​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​ប្រជាជន និង​៥) ប្រព័ន្ធ​ដឹកជញ្ជូន និង​ប្រព័ន្ធ​ផ្លូវ លូ ក្នុង​រាជធានី​នៅ​មិនទាន់បាន​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​៕

រដ្ឋបាល​រាជធានី ផ្សព្វផ្សាយ​សមិទ្ធផល​និង​បញ្ហា​ប្រឈម ក្នុង​ឆ្នាំ​២០១៥

រដ្ឋបាល​រាជធានី ផ្សព្វផ្សាយ​សមិទ្ធផល​និង​បញ្ហា​ប្រឈម ក្នុង​ឆ្នាំ​២០១៥

រដ្ឋបាល​រាជធានី ផ្សព្វផ្សាយ​សមិទ្ធផល​និង​បញ្ហា​ប្រឈម ក្នុង​ឆ្នាំ​២០១៥