រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម ហុង​គ្រី បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​

ភ្នំពេញ: ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម របស់​ប្រទេស​ហុង​គ្រី លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ ( Péter Szijjártó ) កំពុង​ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា នា​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​។ លោក​រដ្ឋមន្ត្រី បាន​មកដល់​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​១៣​មករា ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ២ ថ្ងៃ នៅ​កម្ពុជា​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា បានប្រកាសថា ដំណើរ​ទស្សនកិច្ច​រប​ស់​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម ហុង​គ្រី រយៈពេល​ពីរ​ថ្ងៃ នៅ​កម្ពុជា នៅ​ថ្ងៃទី​១៣ និង​ថ្ងៃទី​១៤​មករា​នេះ ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់​ទំនងជា​ប្រពៃណី ដែលមាន​ស្រាប់ និង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ហុង​គ្រី​។​

​តាម​កម្មវិធី ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ នឹង​ជួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ម៉ោង ៤ ថ្ងៃទី​១៤​មករា​។

​ជាមួយគ្នា​នោះ លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស នៅ​ព្រឹក​ថ្ងៃទី​១៤​មករា​នេះ​។ លោក​រដ្ឋមន្ត្រី ក៏ត្រូវ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃទី​១៤​មករា​នេះ​ផងដែរ​។

​ក្រៅពីនេះ លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ ត្រូវ​អញ្ជើញ​ទៅ​ទស្សនា​អគារ​ពាណិជ្ជ​មេគង្គ​កម្ពុជា​-​ហុង​គ្រី ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​៕