ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ អ្នកជំនួញ​ដែល​ជោគជ័យ​លើ​មុខរបរ​បើកហាង​បោក​អ៊ុត​ជា​ច្រើន​សាខា បាន​មក​ជួបជុំ​គ្នា​ដើម្បី​ផ្ទេរ​បទ​ពិសោធន៍​ថ្មី​ៗ និង​រក​វិធីសាស្ត្រ​កាន់តែ​ទទួល​បានការ​គាំទ្រ​បន្ថែម​ទៀត​ពី​សំណាក់​អតិថិជន ។ កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​កាលពី​ចុងខែ​ធ្នូ នា​ដំណាច់ឆ្នាំ​២០១៥ កន្លង​ទៅ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ក្រោម​ប្រធានបទ « កម្មវិធី​ជួបជុំ​គ្រួសារ​បោក​អ៊ុត​អាស៊ាន » ។ ក្នុង​ពិធី​នោះ​ដែរ ក៏​មាន​តារា​សម្តែង​វ័យក្មេង​ប្រុស​ស្រី​មួយ​ចំនួន​ចាប់អារម្មណ៍​នឹង​ការ​បង្កើត​អាជីព​មុខរបរ​បោក​អ៊ុត​នេះ​ផង​ដែរ ។

អ្នកគ្រប់គ្រង​ក្រុមហ៊ុន​បោក​អ៊ុត​អាស៊ាន លោក ទូច ពុ​ទ្ធី បាន​មាន​ប្រសាសន៍​ថា ៖ « គោលបំណង​ដែល​យើង​មក​ជួបជុំ​គ្នា​របស់​សាខា​អាស៊ាន​បោក​អ៊ុត​ទាំង​១០​នា​ពេល​នេះ គឺ​ដើម្បី​បាន​បង្កើត​ឱកាស​ដល់​សាខា​ទាំងអស់​ឱ្យ​បាន​ស្គាល់គ្នា​ទៅ​វិញ​ទៅ​មក និង​បង្កើត​ភាព​ស្និទ្ធស្នាល​ជា​ក្រុម​គ្រួសារ​អាជីវកម្ម​តែ​មួយ » ។

លោក​បន្ត​ថា ៖ « ក្រៅពី​កត្តា​ខាងលើ​នេះ ក៏​ជា​ការ​មក​ពិគ្រោះ​យោបល់​រក​ដំណោះស្រាយ និង​អភិវឌ្ឍន៍​អាជីវកម្ម​, យល់​ដឹង​អំពី​សកម្មភាព​បេសកកម្ម និង​ទស្សនវិស័យ​របស់​ក្រុមហ៊ុន ដើម្បី​ទទួល​បាន​ព័ត៌មាន និង​ចំណេះដឹង​បច្ចេកទេស​បោក​អ៊ុត​ថ្មី​ៗ​ពី​ក្រុមហ៊ុន » ។

លោក​សង្កត់ធ្ងន់​ថា ៖ « ទស្សនវិស័យ​របស់​យើង គឺ​ចង់​លើកទឹកចិត្ត​ឲ្យ​មានការ​ចាប់ផ្តើម​អាជីវកម្ម​តាម​រយៈ​អាជីវកម្ម​បោក​អ៊ុត ដោយ​បង្កើន​សមត្ថភាព​ភាព​ជា​អ្នកដឹកនាំ និង​សហគ្រិនភាព​ភាព​នាំមុខ​គេ​ទៅ​លើ​គុណភាព និង​សេវាកម្ម​បោក​អ៊ុត ។ យើង​បង្កើត​ឱកាស​ពេល​នេះ គឺជា​ការ​ជួបជុំ​គ្នា​ចុងឆ្នាំ​ចាស់​ផ្តាច់​ចូល​ឆ្នាំ​ថ្មី​២០១៦ ក្នុង​ន័យ​សប្បាយ​រីករាយ​សួរសុខទុក្ខ​គ្នា​ពីមុខ​ជំនួញ និង​ចង់​ដឹង​ពី​ការ​ប្តេជ្ញា និង​ចង់​ប្រែក្លាយ​ខ្លួន​ជា​ម្ចាស់​អាជីវកម្ម ។ បោក​អ៊ុត​អាស៊ាន តែងតែ​នៅ​ជាមួយ​ពួក​គាត់​ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ផ្តល់​ជំនួយ​បច្ចេកទេស និង​រៀបចំ​ការ​គ្រប់គ្រង​ឲ្យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ។ ជំរុញ​ឲ្យ​មានការ​ខិតខំ​ទាំងអស់​គ្នា​តាម​រយៈ​ការ​ជួបជុំ​ពិគ្រោះ​យោបល់​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ ក្នុង​ការ​អភិវឌ្ឍ​ខ្លួន » ។

លោក​បញ្ជាក់​ថា ៖ « គ្រួសារ​បោក​អ៊ុត​អាស៊ាន មាន​ទិស​ដៅ​ចង់​វាត​ឱកាស​ក្តាប់​ការងារ​ពង្រីក​ក្នុង​តំបន់​អាស៊ាន ដើម្បី​ឲ្យ​បណ្តា​ប្រទេស​ទាំងនោះ​ស្គាល់ និង​ជឿ​ទុកចិត្ត​លើ​ស្នាដៃ​អាស៊ាន​បោក​អ៊ុត​ដែល​មាន​ស្នាក់​ការ​ធំ​ក្នុង​ប្រទេស​កម្ពុជា ។ យើង​ដឹង​ថា មនុស្ស​គ្រប់​រូប​តែងតែ​រវល់​នឹង​ការងារ​រកស៊ី​តាម​ស្ថាប័ន និង​មុខងារ​រៀងខ្លួន គ្មាន​ពេល​ឯណា​យក​សម្លៀក​បំពាក់​ទៅ​បោក​ដោយ​ខ្លួនឯង មាន​តែ​ផ្ញើ​នៅ​កន្លែង​បោកគក់ » ។

លើស​ពី​នេះ​ទៀត សព្វ​ថ្ងៃនេះ នារី​ៗ​ក៏​ធ្វើការ​អត់​មាន​ពេល​មក​ផ្ទះ​បោកគក់​នោះ​ទេ មាន​តែ​រក​សេវា​បោកគក់ ហើយ​អាស៊ាន​បោក​អ៊ុត​យើង​ធានា​ថា ពិតជា​ឲ្យ​ខោអាវ​លោក​អ្នក​ស្អាត​ផ្លឹ​ង​មាន​របៀប​ស្តែង​ដោយ​ភាព​ថ្លៃថ្នូរ​ជាក់​ជា​មិន​ខាន ជាមួយនឹង​គុណភាព​នៃ​ទំនិញ​បោក​សុទ្ធតែ​ជា​របស់​ល្អ​ៗ​មានគុណ​ភាពល្អ ។

រីឯ​លោក ណា ខុន តារា​សម្តែង​វ័យក្មេង​កំពុង​តែ​ល្បីឈ្មោះ ក៏​បាន​មក​ចូលរួម​ស្តាប់​បទ​បង្ហាញ​ដែរ ហើយ​បង្ហាញ​ចំណាប់អារម្មណ៍​ថា ៖ « លោក​តែងតែ​គាំទ្រ​សេវាកម្ម​បោក​អ៊ុត​អាស៊ាន​តាំងពី​យូរ​មក​ហើយ ក៏​ព្រោះតែ​ដឹង​ថា បោក​អ៊ុត​អាស៊ាន​មាន​សេវា​ល្អ ការ​លាង​ជម្រះ​សម្លៀក​បំពាក់ ក៏​មើលទៅ​មានគុណ​ភាព ហើយ​ពង្រីក​សាខា​ថ្មី​ៗ​ជា​បន្តបន្ទាប់ ដែល​នេះ​ជា​ការ​ជឿ​លើ​អតិថិជន​ជា​គោល ទើប​អាច​រកបាន​កន្លែង​ថ្មី​ៗ​បើក​បន្ត​បាន » ។

លោក​បន្ត​ថា ៖ « ប្រជាជន​យើង​ឥឡូវ​ហាក់​មានការ​ងារ​រវល់​រកស៊ី​ច្រើន ទើប​យក​សម្លៀក​បំពាក់​ឲ្យ​គេ​បោក​អ៊ុត​ស្រាប់​ៗ ចំណេញ​ពេលវេលា ហើយ​ខោអាវ​ស្អាត​ល្អ​សម​រូបរាង​ក្លិនក្រអូប​ទៀត មិនបាច់​ចំណាយ​កម្លាំង​ច្រើន​។ ម្ល៉ោះហើយ​ទាំង​ខ្ញុំ និង​មិត្តភក្តិ ជាតា​រា​មួយ​ចំនួន​ទៀត​តែងតែ​មក​អាស៊ាន​បោក​អ៊ុត​នេះ ព្រោះ​តម្លៃ​សមរម្យ ហើយ​យកចិត្តទុកដាក់​ខ្លាំង​លើ​អតិថិជន​ជា​គោល​ផង​ដែរ » ៕