ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ ឥណទាន​អ្នក​ប្រើប្រាស់​នៅ​វៀតណាម​ត្រូវ​គេ​រំពឹង​ថា នឹង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ​ទៀត ដោយសារ​តែ​តម្រូវការ​កើនឡើង​នៃ​ការ​រើប​ឡើង​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​វ័យក្មេង ។

លោក Dao Van Hung សមាជិក​ក្រុមប្រឹក្សា​គោលនយោបាយ​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា ៖ « វៀតណាម​មាន​សក្តានុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍន៍​ឥណទាន​អ្នក​ប្រើប្រាស់​នេះ » ។

ក្រុមហ៊ុន​ហិរញ្ញវត្ថុ និង​ធនាគារពាណិជ្ជ ដែល​បាន​ផ្តល់​នូវ​សេវា​ឥណទាន​អ្នក​ប្រើប្រាស់​នេះ នៅ​មិន​ទាន់​អាច​ទាក់ទាញ​អ្នក​រស់នៅ​ជាយក្រុង និង​តំបន់​ដាច់​ស្រយាល​នៅឡើយ​ទេ ដោយសារ​តែ​អ្នក​ទាំងនោះ​គ្មាន​តម្រូវការ​គ្រប់គ្រាន់​ក្នុង​ការ​សុំ​កម្ចី​ឥណទាន​អ្នក​ប្រើប្រាស់​នេះ ។

បើ​យោង​តាម​ស្ថិតិ​ពី​ធនាគារកណ្តាល​វៀតណាម​បង្ហាញ​ថា គណនី​ខ្ចីប្រាក់​អ្នក​ប្រើប្រាស់​មាន​អត្រា​៨% នៃ​ប្រាក់​កម្ចី​មិន​ទាន់​សង ដែល​ជា​អត្រា​ទាប​បំផុត បើ​ធៀប​នឹង​អត្រា​ក្នុង​តំបន់ មាន​រហូត​ដល់​ទៅ​២០% និង​៤០% ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ ។

សមាមាត្រ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ដល់​ជាង​១៥% នៃ​ប្រាក់​កម្ចី​សរុប​ក្នុង​រយៈពេល​៥​ឆ្នាំ ឬ​កំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​កើន​បាន​២០% ដែល​ជួយ​ឲ្យ​មានការ​អភិវឌ្ឍ​ទីផ្សារ​ជាមួយនឹង​កញ្ចប់​ឥណទាន​អ្នក​ប្រើប្រាស់ ។ អគ្គនាយក​នៃ​សមាគម​ធនាគារ​វៀតណាម លោក Truong Thanh Duc រំពឹង​ថា ៖ « នឹង​មាន​ក្រុមហ៊ុន​ហិរញ្ញវត្ថុ ដែល​ជា​ធនាគារពាណិជ្ជ នឹង​ចូលរួម​ប្រកួតប្រជែង​ការ​ផ្តល់​កម្ចី​ឥណទាន​អ្នក​ប្រើប្រាស់​នៅ​ឆ្នាំ​ខាង​មុខ » ។

បច្ចុប្បន្ន វៀតណាម​មាន​ត្រឹមតែ​៦​ក្រុមហ៊ុន​ប៉ុណ្ណោះ​ដែល​ផ្តោត​ទៅ​លើ​សេវាកម្ម​ហិរញ្ញវត្ថុ​អ្នក​ប្រើប្រាស់ រួម​ទាំង​ធនាគារ​៣-៤​ទៀត​ដែល​បាន​ផ្តល់​សេវាកម្ម​នេះ ហើយ​វា​នៅ​តែ​មិន​អាច​បំពេញតម្រូវការ​បាន ។

លោក Truong Thanh Duc បន្ត​ថា ៖ « នីតិវិធី​ផ្តល់​ប្រាក់​កម្ចី​អ្នក​ប្រើប្រាស់​នេះ គឺ​មាន​ភាព​ងាយស្រួល​ជាង​នីតិវិធី​របស់​ធនាគារ ដែល​ធ្វើ​ឲ្យ​តម្រូវការ​ឥណទាន​អ្នក​ប្រើប្រាស់​កើនឡើង​ខ្ពស់កប់ពពក ។ ការ​ប្រាក់​បាន​មក​ពី​កម្ចី​អ្នក​ប្រើប្រាស់​នេះ នឹង​មាន​អត្រា​ខ្ពស់​ជាង​កម្ចី​ធនាគារ ក្រោម​ហេតុផល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មានការ​លំបាក​ក្នុង​ការ​បង្កើន​មូលធន​របស់​ខ្លួន ខណៈ​ដែល​តម្លៃ​ផ្តល់​ប្រាក់​កម្ចី​នៅ​តែ​ខ្ពស់ ស្រប​នឹង​ការ​ផ្តល់​ទំនុកចិត្ត​ខ្ពស់ » ។

លោក​បញ្ជាក់​ទៀត​ថា ៖ « ខណៈ​ដែល​ទីផ្សារ​កម្ចី​អ្នក​ប្រើប្រាស់​មិន​ទាន់​ដំណើរការ​នោះ ហានិភ័យ​នៅ​តែ​មាន​អត្រា​ខ្ពស់ ដែល​ការ​ផ្តល់​ប្រាក់​កម្ចី​អ្នក​ប្រើប្រាស់​ស្ថិត​ក្នុង​ការ​ប្រកួតប្រជែង ហើយ​ធ្វើ​ឲ្យ​ការ​ប្រាក់​ចុះ​ទាប​សម្រាប់​អ្នក​ខ្ចី » ។

ទោះជា​យ៉ាងណា អ្នកជំនាញ​នៅ​តែ​និយាយ​ថា អត្រា​ការ​ប្រាក់​សម្រាប់​ការ​ផ្តល់​កម្ចី​អ្នក​ប្រើប្រាស់ គឺ​មាន​ចំនួន​ទាប​ជាង​ឥណទាន​ខ្មៅ ។ ការ​អភិវឌ្ឍ​កម្ចី​ឥណទាន​អ្នក​ប្រើប្រាស់ នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់ និង​សេដ្ឋកិច្ចជាតិ​ទាំងមូល ពីព្រោះ​នៅ​ពេល​ដែល​មាន​កម្ចី​ឥណទាន​ប្រើប្រាស់​នោះ វា​នឹង​ធ្វើ​ឲ្យ​កំណើន​នៃ​ការ​ទិញ​កាន់តែ​ខ្ពស់ ដែល​ជា​កត្តា​ជំរុញ​ដល់​កំណើន​ផលិតកម្ម ៕