ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ថៃ ៖  ពាណិជ្ជកម្ម​ត្រូវ​បាន​គេ​បារម្ភ​ថា វិនិយោគិន​បរទេស​នឹង​ផ្លាស់​ប្តូរ​ទីតាំង​របស់​ខ្លួន​ពី​ប្រទេស​ថៃ ទៅ​កាន់​ប្រទេស​វៀតណាម សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី ដើម្បី​ទាញ​យក​ប្រយោជន៍​បន្ថែម​ក្នុង​ការ​ឈាន​ជើង​ចូល​ទីផ្សារ​អា​មេ​រិ​ក ។

« វិនិយោគិន​ជា​ច្រើន​កំពុង​ពិចារណា​លើ​ឯកសិទ្ធិ​បន្ថែម​ទៀត​ថា តើ​ពួក​គេ​នឹង​ដាក់​ទុន​វិនិយោគ​លើ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងនោះ ដែល​បាន​ចុះហត្ថលេខា​លើ​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក ហៅ​កាត់​ថា TPP ជាមួយ​អា​មេ​រិ​ក និង​អនុញ្ញាត​ឲ្យ​ទំនិញ​ដែល​ផលិត​នៅ​ប្រទេស​ទាំងនោះ​អាច​ចូល​ទៅ​កាន់​ទីផ្សារ​អា​មេ​រិ​កដោយ​ឥត​បង់ពន្ធ » ។ នេះ​បើ​តាម​ប្រសាសន៍​របស់​អនុប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ FTI លោក Vallop Vitanakorn ។

លោក​បន្ត​ថា ៖ « FTI សង្ឃឹមថា នឹង​មានការ​វិនិយោគ​លើ​អាជីវកម្ម​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​ទាំង​បី ដោយសារ​តែ​ទទួល​បាន​អត្ថប្រយោជន៍​ឯកសិទ្ធិ​ច្រើន​ជាង​មុន​ពី​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក TPP » ។

លោក​បន្ថែម​ថា​៖« វិស័យ​ឧស្សាហកម្ម​ដែល​នឹង​ផ្លាស់​ទីតាំង​វិនិយោគ​រួម​មាន វិស័យ ឧស្សាហកម្ម អេ​ឡិ​ក​ត្រូ​និក អគ្គិសនី និង​ឧស្សាហកម្ម​វាយនភ័ណ្ឌ ដែល​វា​មិន​ត្រឹមតែ​កាត់​បន្ថយ​ការ​វិនិយោគ​ក្នុង​ប្រទេស​ថៃ​ទេ ប៉ុន្តែ​វា​នឹង​បង្កើន​ការ​ប្រកួតប្រជែង​ទំនិញ​ថៃ ជាមួយ​បណ្តា​ប្រទេស​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក​ផង​ដែរ » ។

កិច្ចព្រមព្រៀង​អន្តរ​ទេ្វ​ភាគី TPP គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​៥ ធ្នូ ដែល​មាន​១២​ប្រទេស​ចូលរួម ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក កា​ណា​ដា មិ​ុ​ច​ស៊ិ​ក ប៉េ​រូ ឆេ​លី អូស្ត្រាលី និង​ណូ​វែ​ល​សេ​ឡង់ រួម​មាន សេវាកម្ម ពាណិជ្ជកម្ម​តាម​អេ​ឡិ​ក​ត្រូ​និក លទ្ធកម្ម​ការងារ​របស់រដ្ឋាភិបាល បទ​ប្បញ្ញត្តិ​របស់​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ និង​យន្តការ​ដោះស្រាយ​ជម្លោះ ។

សមាជិក​អាស៊ាន​ផ្សេង​ទៀត​មាន​ប្រទេស​ជប៉ុន ព្រុយ​ណេ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង TPP ទាំងអស់​មាន​ចំនួន​៤០% នៃ GDP សរុប​ទូ​ទាំង​ពិភពលោក និង​២៦% នៃ​ពាណិជ្ជកម្ម​ពិភពលោក ។

លោក Vallop Vitanakorn បន្ត​ថា ៖« ការ​នាំ​ចេញ​គ្រឿង​អេ​ឡិច​ត្រូ​និករ​បស់​ប្រ ទេស​ថៃ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ក្នុង តំបន់​អាស៊ាន ដែល​តម្លៃ​នាំ​ចេញ​ប្រចាំឆ្នាំ​មាន​ចំនួន​១,៥​ទ្រី​លាន​បាត ខណៈ​ដែល​សិង្ហ​បុរី ជាប់​ចំណាត់ថ្នាក់​លេខ​១ និង​ម៉ា​ឡេ​ស៊ី​ជាប់​ចំណាត់ថ្នាក់​លេខ​២ » ។

FTI កំពុង​តែ​ជំរុញ​រដ្ឋាភិបាល និង​សហគ្រាស​ឱ្យ​ស្វែងរក​ទីផ្សារ​នាំ​ចេញ​ថ្មី ដើម្បី​ឆ្ពោះទៅ​រក​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​សម្រាប់​ប្រកួតប្រជែង​លើ​ទីផ្សារ​កាន់តែ​ខ្លាំង​បន្ថែមទៀត ។

លោក Vallop Vitanakorn បញ្ជាក់​ទៀត​ថា ៖ « វៀតណាម​បាន​ក្លាយជា​ទីតាំង​សម្រាប់​ផលិត​ស្មា​ត​ហ្វូ​ន ចាប់តាំងពី​ក្រុមហ៊ុន Samsung បាន​ប្តូរ​រោងចក្រ​របស់​ខ្លួន​មក​កាន់​ប្រទេស​នេះ ។ ប្រទេស​ថៃ គួរតែ​ស្រាវជ្រាវ​លើ​វិស័យ​ឧស្សាហកម្ម​បន្ថែម​ទៀត ជា​ជាង​បន្ត​ផលិត​នូវ​ឧបករណ៍​ទូទៅ » ៕