ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​​សមត្ថកិច្ច​ខណ្ឌទួលគោក​ កាលពី​វេលា​ម៉ោង​០៨​យប់​​ថ្ងៃ​ទី​១៣​ មករា ​២០១៦ ​បាន​ដេញចាប់​បាន​ចោរឆក់​២​នាក់​បន្ទាប់​ពី​ឆក់​កាបូប​ពី​នារី​​វ៏័យ​ក្មេង​ម្នាក់ ​ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​​រត់​មក​សំងំ​ពួន​​ក្នុង​កន្លែង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង​ នៅ​ជាប់​របង​ផ្សារ​ហេង ​លី ​តាម​បណ្តោយ​ផ្លូវ​លេខ​២៦៩​ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក ។

ជនសង្ស័យ​ជា​ចោរឆក់​ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​២​នាក់​ ​​១-​ឈ្មោះកង រចនា ​អាយុ​២០​ឆ្នាំ​ ជា​កូនប្រុស​ឧត្តមសេនីយ៍​ផ្កាយ​៣​នៃ​ក្រសួងការពារជាតិ​ម្នាក់​​ មាន​ផ្ទះ​នៅ​សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក និង​២-​ឈ្មោះ​សោម​ វ៉ា​លី​ហ្សា អាយុ​១៦​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក ។ ​ចំណែក​នារី​រង​គ្រោះ​​ឈ្មោះ​ចិន ម៉ុ​ន​ថា អាយុ​១៩​ឆ្នាំ​ ។​ ខណៈ​ពេល​ចាប់ខ្លួន​ សមត្ថកិច្ច​ដក​ហូត​ម៉ូតូ​ជនសង្ស័យ​ ដែល​ជិះ​ធ្វើ​សកម្មភាព​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​ ​ព្រមទាំង​ម៉ូតូ​១​គ្រឿង​ទៀត​ជា​របស់​បក្ស​ពួក​ជនសង្ស័យ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១១០​ ​ពណ៌​ខ្មៅ និង​កាបូប​របស់​ស្ត្រី​រង​គ្រោះ​ផង​ដែរ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែង​ហ្គេ​ម​បាញ់​ត្រី​នោះ​បាន​ឱ្យ​​ដឹង​ថា ​កន្លែង​ហ្គេ​ម​នេះ​​ជា​កន្លែង​ហ្គេ​ម​ស៊ីសង​គ្រប់​ប្រភេទ​ ដែល​តែងតែ​​ឃើញ​ក្រុម​ក្មេង​ស្ទាវ​ៗ​ មក​ពពាក់ពពូន​ទាំង​យប់​ទាំង​ថ្ងៃ​ ហើយ​ក៏​ជា​កន្លែង​សំងំ​លាក់ខ្លួន​របស់​ក្រុម​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​ផង​ដែរ ​ព្រោះ​ហ្គេ​ម​នេះ​បើក​២៤​ម៉ោង​ ។

ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា ​កន្លែង​ហ្គេ​ម​នេះ ​បើក​ជា​យូរ​មក​ហើយ​ ហើយ​ក៏​មិន​ដែល​ឃើញ​សមត្ថកិច្ច​ណា​មាន​វិធានការ ​ឬ​ធ្វើការ​បង្ក្រាប​ដែរ សង្ស័យ​ទាំង​អាជ្ញាធរ និងសមត្ថ​កិច្ច​វាយអែប​ស៊ីអប​ក៏មិន​ដឹង ។

សមត្ថកិច្ច​ខណ្ឌទួលគោក​លួច​ខ្សឹប​​ប្រាប់​ថា​ ម្ចាស់​ហ្គេ​ម​បាញ់​ត្រី​នេះ​ ​ជាថៅ​កែ​ហាង​បញ្ចាំ​ដ៏​ធំ​មួយ​កន្លែង​​នៅ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ​ ។ក្រោយ​ពេល​ចាប់ខ្លួន​​ជនសង្ស័យ​ទាំង​២​នាក់​ និង​វត្ថុ​តាង​ ដែល​ដកហូត​បាន​ ត្រូវ​​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕