អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តរតនគិរី បើកដៃ​ឲ្យ​ឧកញ៉ា សុខ គឹម​សាន្ត បើក​ល្បែងស៊ីសង​តាម​អំពើ​ចិត្ត​

លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មា​នស​វុ​ត្ថិ​ភាព​ទាំង​៩​ចំណុច​នោះទេ​។ ជាក់ស្តែង​ឧកញ៉ា សុខ គឹម​សាន្ត បាន​បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ដ៏​ធំ​មួយ​នៅក្បែរ​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ​ជាង​៥​ឆ្នាំ​មកហើយ ដោយ​ពុំមាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តរតនគិរី ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ បញ្ហា​នេះ​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួងមហាផ្ទៃ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​ឧកញ៉ា សុខ គឹម​សាន្ត បើក​ល្បែងស៊ីសង​ខុសច្បាប់​តាម​អំពើ​ចិត្ត​ទៀត​។

ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បន​ល្បែង​ខុសច្បាប់​ដែល​កំពុងបើក​លេង​យ៉ាង​គឃ្លើន​នោះ​មាន​ឈ្មោះថា កាស៊ីណូ​(AHS King Group) ដែលជា​កម្មសិទ្ធិ​របស់​ឧកញ៉ា សុខ គឹម​សាន្ត​។ បន​ល្បែងស៊ីសង​ខុសច្បាប់​នេះ​បើក​លេង​ចាប់ពី​ឆ្នាំ​២០១១​រហូតមក​ដែលមាន​តែ​លិខិត​ជូនដំណឹង​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ខែកញ្ញា ឆ្នាំ​២០១០ បាន​យល់ព្រម​ជាគោលការណ៍​លើ​លិខិត​ស្នើសុំ​របស់​ក្រុមហ៊ុន​បើក​មជ្ឈមណ្ឌល​កំសាន្ត​ទេសចរណ៍​រួមមាន សណ្ឋាគារ ម៉ូ​តែ​ល ភោជនីយដ្ឋាន និង​ក្លឹប​ល្បែង​កំសាន្ត កាស៊ីណូ ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវ​រៀបចំ​បែបបទ​សុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ ក៏ប៉ុន្តែ​ជាក់ស្តែង​កាស៊ីណូ​(AHS King Group) មិនទាន់​ទទួលបាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ផង ស្រាប់តែ​ឧកញ៉ា សុខ គឹម​សាន្ត បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់​តាម​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ទាំងអស់​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការឃុបឃិត​ជាមួយ​អាជ្ញាធរខេត្ត និង​សមត្ថកិច្ច​ក្នុង​ខេត្តរតនគិរី​ទេនោះ ឧកញ៉ា សុខ គឹម​សាន្ត មិនអាច​បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ជិត​ច្រកព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ​បានឡើយ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា បន​ល្បែងស៊ីសង​គ្មាន​ច្បាប់​អនុញ្ញាត​របស់​ឧកញ៉ា សុខ គឹម​សាន្ត កំពុង​ធ្វើ​ឲ្យ​កើតមាន​បញ្ហា​អសន្តិសុខ​សង្គម​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្តរតនគិរី ដូចជា​អំពើហិង្សា​ក្នុង​គ្រួសារ អំពើចោរកម្ម លួច​ឆក់​ប្លន់ និង​បទល្មើស​គ្រឿងញៀន​ផងដែរ​។ បញ្ហា​នេះ​ប្រសិនបើ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី មិន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ទទួលផល​ប្រយោជន៍​ទេនោះ គួរ​ចាត់វិធានការ​បង្ក្រាប​ប​ន​ល្បែងស៊ីសង​ខុសច្បាប់​របស់​ឧកញ៉ា សុខ គឹម​សាន្ត ជាបន្ទាន់​។ ដោយហេតុថា បច្ចុប្បន្ន​បន​ល្បែង​នោះ​មាន​បើក​លេងល្បែង​បញ្ជល់មាន់ បៀ​អាប៉ោង យូគី និង​មាន​អ្នក​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ ហើយ​អាជ្ញាធរ​ស្រុក និង​អធិការនគរបាល​ស្រុក​អូរ​យ៉ា​ដាវ​មិន​ហ៊ាន​ប៉ះពាល់​ឡើយ​៕

V-0039លោក ថង សាវុន អភិបាលខេត្តរតនគិរី