ពលរដ្ឋ​អំពាវនាវ​ឲ្យអភិបាល​ខេត្តបាត់ដំបង លុបបំបាត់​កុងត្រូលជជុះ​នៅ​ស្រុក​សំឡូត​

បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​លុបបំបាត់​កុងត្រូលជជុះ​នៅ​ទូទាំងប្រទេស​ត្រូវ​បរាជ័យ​ទាំងស្រុង ព្រោះ​រហូតមក​ដល់ពេលនេះ កុងត្រូលជជុះ​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​ទាំង​តាម​ច្រក​ផ្លូវជាតិ​សំខាន់ៗ​ចូល​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​ទូទាំងប្រទេស​។ ជាក់ស្តែង​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង បាន​ចោទប្រកាន់​ម្ចាស់​អាជីវកម្ម​ភាស៊ី​ចំណតរថយន្ត​ក្នុងស្រុក​សំឡូត​ថា ប្រើ​ឈ្មោះ​មន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដាក់កុង​ត្រូល​តាម​ដងផ្លូវ​ជំរិត​យកលុយ​ពី​រថយន្ត​ដឹក​ដំឡូង​មី​របស់​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ស្រុក​សំឡូត អំពាវនាវ​ឲ្យ​លោក ស ថេត ស្នងការ​នគរបាល​ខេត្ត និង​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ចាត់វិធានការ​លុបបំបាត់​កុងត្រូលជជុះ​ជាបន្ទាន់​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​រស់នៅ​ស្រុក​សំឡូត បាន​ប្រាប់​អ្នកយកព័ត៌មាន កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​ថា ម្ចាស់​អាជីវកម្ម​ភាស៊ី​ចំណតរថយន្ត​ស្រុក​សំឡូត បាន​ប្រើ​ឈ្មោះ​មន្ត្រី​នៃ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដាក់​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​រថយន្ត​ដឹក​ដំឡូង​មី​របស់​ពួកគាត់​នៅ​ចំណុច​ស្រែ​ល្ពៅ ឃុំ​មានជ័យ ស្រុក​សំឡូត ជា​រៀងរាល់ថ្ងៃ​។ ប្រជាពលរដ្ឋ​រងគ្រោះ​បាន​បញ្ជាក់ថា ម្ចាស់​អាជីវកម្ម​ប្រមូល​ភាស៊ី​តែង​ប្រើពាក្យ​សំដី​អសុរោះ​និង​បង្ខំ​ឲ្យ​ម្ចាស់​រថយន្ត​ចំណុះ​១០​តោន​បង់ប្រាក់​១០​ម៉ឺន​រៀល​ក្នុង​១​ជើង​។ ប្រការនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​យ៉ាងខ្លាំង ព្រោះ​លោក បេ យ៉ឹ​ង ម្ចាស់​អាជីវកម្ម​ប្រមូល​ភាស៊ី​ចំណតរថយន្ត​ស្រុក​សំឡូត កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។

ដោយសារតែ​ប្រឈម​នឹង​ការលំបាក​ខ្លាំងពេក ទើប​ពលរដ្ឋ​នៅ​ស្រុក​សំឡូត អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង លុបបំបាត់​កុងត្រូលជជុះ​របស់លោក បេ យ៉ឹ​ង ម្ចាស់​អាជីវកម្ម​ភាស៊ី​ចំណតរថយន្ត​ស្រុក​សំឡូត​ជាបន្ទាន់​។ ដោយហេតុថា មួយរយៈ​ពេលកន្លងមក​នេះ លោក បេ យ៉ឹ​ង បាន​ប្រព្រឹត្ត​ខុសច្បាប់​ទាំងស្រុង គឺ​ដាក់​ប៉ុស្តិ៍​ជជុះ​ស្ទាក់​រថយន្ត​ដឹក​ដំឡូង​មី​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​មិន​ខុសពី​ចោរប្លន់​ឡើយ​។ ហេតុនេះ​លោក ច័ន្ទ សុផល និង​លោក ស ថេត មិនត្រូវ​ទុក​ឲ្យ​បុគ្គល បេ យ៉ឹ​ង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ ហើយ​ត្រូវ​ចាត់វិធានការ​លើ​បុគ្គល​នេះ​ជាបន្ទាន់ ព្រោះ​ការ​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត គឺជា​ទង្វើ​ខុសច្បាប់​យ៉ាងច្បាស់​ក្រឡែត​៕

114លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង