ព្រៃ​ដែន​ជម្រក​សត្វ​ភ្នំ​ព្រេច​កំពុង​រលាយ​ដោយសារ​ក្រុមហ៊ុន​ដាយ​ថា​ន់

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា ព្រៃ​អភិរក្ស​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​កំពុង​ប្រឈម​នឹង​ការ​កាប់រំលំ​អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ ពុំមាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹងថា លោក សំ​រ៉ង់ ឌី​វិចិត្រ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច គឺជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​ធ្វើ​សកម្មភាព​កាប់​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ដឹក​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​យ៉ា​រលូន ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​បាន​អះអាងថា ពួកគេ​ចូលមក​អារ​រំលំ​ដើមឈើ​ធំៗ​ក្នុង​តំបន់​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ហើយ​ដឹក​ចូលទៅក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ដាយ​ថា​ន់ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក សំ​រ៉ង់ ឌី​វិចិត្រ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច គឺជា​អ្នក​បើកដៃ​ឲ្យ​ពួកគេ​ចូល​កាប់​ឈើ​ដល់​ចំណុចកណ្ដាល​នៃ​ដែន​ជម្រក​សត្វ​ភ្នំ​ព្រេច​តែម្តង​។ ឈ្មួញ​ធំៗ​មួយចំនួន​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគេ​ត្រូវរ៉ូវ​ជាមួយ​លោក សំ​រ៉ង់ ឌី​វិចិត្រ ទើប​អាច​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ដោយ​សេរី ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជណ៍​ដែរ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចុង​ផ្លាស់ និង​ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ពួកគាត់​តែងតែ​ឃើញ​រថយន្ត​បង្កុង​និង​រថយន្ត​កែច្នៃ​រាប់សិប​គ្រឿង​ដឹកឈើ​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ទៅកាន់​ទីតាំង​ដី​សម្បទាន​ក្រុមហ៊ុន​ដាយ​ថា​ន់ និង​ក្រុមហ៊ុន​មួយចំនួនទៀត​ដែលមាន​ទីតាំង​ជាប់​ព្រំប្រទល់​រវាង​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ​។ ក្នុងនោះ​សកម្មភាព​ដឹកឈើ​ចូលក្នុង​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ដាយ​ថា​ន់ មាន​បរិមាណ​ច្រើន​លើសលប់ ហើយ​ក្រុមហ៊ុន​នេះ​ត្រូវបាន​គេ​ដឹងថា ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​យ៉ាង​មហន្តរាយ​ទៀតផង​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា ព្រោះ​បច្ចុប្បន្ន​ឈើ​ប្រណីត​ដូចជា ធ្នង់ បេង នាងនួន សុ​ក្រំ ផ្ចឹក ស្ទើរតែ​លែងមាន​សេសសល់​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​តទៅទៀត​ហើយ​៕

WAT-130122 WAT-130123 WAT-130121