សម្តេច​តេ​ជោ​៖ខ្ញុំ​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋសភា​ឆ្នាំ​១៩៨៥​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្រ្តី

​រាជធានី​ភ្នំពេញ​៖​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​នៅ​ថ្ងៃ​១៤ ខែមករា ឆ្នាំ​១០១៦​នេះ​ថា កាលពី​៣១ ឆ្នាំមុន គឺ​នៅ​ថ្ងៃ​១៤ ខែ មករា ឆ្នាំ ១៩៨៥ នោះ​ហើយ​ដែល​រដ្ឋសភា​បាន​បោះឆ្នោត​ជ្រើសរើស​ខ្ញុំព្រះករុណាខ្ញុំ ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី (​នាយករដ្ឋមន្ត្រី​)​នៃ​រដ្ឋាភិបាល​សា​ធា​រណះ​រដ្ឋ​ប្រជាមានិត​កម្ពុជា​។ បន្ទាប់ពី​ការបំពេញភារកិច្ច​ជា​រដ្ឋមន្ត្រីការបរទេស ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​ទេស​រយះពេល​៦​ឆ្នាំ​ហើយក៏​បាន​បំពេញ​មុខនាទី​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​ប្រមាណ​ជាង​៣​ខែ តាំងពី​ពេលដែល ឯកឧត្តម ចាន់ ស៊ី ចេញទៅ​ព្យាបាល​ជម្ងឺ​និង​ទទួល​មរ​ណះ​ភាព​នៅ​ទីក្រុង​មូ​ស្គូ​។​

​ការគាំទ្រ​របស់​ថ្នាក់ដឹកនាំ​បក្ស និង​រដ្ឋ ពិសេស សម្តេច ហេង សំរិន សម្តេច ជា ស៊ីម បង​សាយ ភូ​ថង បង​ជា សុ​ទ្ឋ ។​ល​។ ទើប​មានការ​រៀបចំ​បែបនេះ​។ អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​បំផុត​គឺ​ការបោះឆ្នោត​ជាសម្ងាត់​នៅក្នុង​រដ្ឋសភា​គឺ​ខ្ញុំ​ទទួលបាន​នូវ​សម្លេងឆ្នោត​គាំទ្រ​១០០%​។ គ្មាន​សន្លឹកឆ្នោត​ប្រឆាំង គ្មាន​សន្លឹកឆ្នោត​អនុប្បវាទ គ្មាន​សន្លឹកឆ្នោត​មោ​ឃះ​។ នាយករដ្ឋមន្ត្រី​២​រូប​មុន​ខ្ញុំ​តែងមាន​សន្លឹកឆ្នោត​ប្រឆាំង​មិនតិចជាង​៥​សម្លេង​។ កម្លាំង​គាំទ្រ​ដ៏​ខ្លាំង​បែបនេះហើយ​ទើប​ធ្វើឱ្យ​ខ្ញុំ​សំរេចបាន​នូវ​របៀប​វា​រះ​នយោបាយ​ដែល​ប្រជាជន​កម្ពុជា​បាន និង​កំពុង​ទទួលផល​រហូត​សព្វថ្ងៃនេះ​។​

​អ្វីដែល​ខ្ញុំ​គួរ​រំលឹក​គឺ​គ្រោះទឹកជំនន់​និង​រាំងស្ងួត​ក្នុង​ឆ្នាំ​១៩៨៤ ដែល​ធ្វើឱ្យ​ខ្វះ​ស្បៀង​ក្នុង​ឆ្នាំ​១៩៨៥​។ ខ្ញុំ​បាន​និយាយ​ទៅកាន់​រដ្ឋសភា​ថា (​មិនត្រូវ​ទុកឱ្យ​ប្រជា​ជនណាម្នាក់​ស្លាប់​ដោយ​អត់បាយ​ដោយ​យើង​មិនបាន​ដឹង​និង​មិនបាន​ដោះស្រាយ​នោះឡើយ​)​។ ទ្រឹស្តី​នេះ​បាន​បន្សល់ទុក​រហូត​ប​ច្ចុ​ប្បន្ន មិន​គ្រាន់តែ​ជា​ទ្រឹស្តី​ប៉ុណ្ណោះ​ទេ តែ​ជា​សកម្មភាព​ជាក់ស្ដែងរ​បស់​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ទាំងមូល​។​

​ខ្ញុំ​ក្លាយខ្លួនជា​នាយករដ្ឋមន្ត្រី​ក្នុង​វ័យ ៣២​ឆ្នាំ និង​ស្ថិតក្នុង​ស្ថានភាព​ប្រទេសជាតិ​មាន​សន្តិភាព​ផង និង​មាន​សង្គ្រាម​ផង​។ កូនៗ​របស់ខ្ញុំ​នៅ​តូចៗ​ណាស់ ហើយ​អាយុ​ខុសគ្នា​តែ​១​ឆ្នាំៗ ព្រោះ​ភរិយា​ខ្ញុំ​កូន​ញឹក​មួយឆ្នាំ​កូន​១​។ មានតែ ម៉ា​ណែ​ត មួយ​ទេ ដែល​អាយុ​ច្រើនជាង​ប្អូន​បន្ទាប់​៤​ឆ្នាំ តែ​ក៏​មិនទាន់​ចេះ​មើល​ប្អូន​ដែរ​។​

​គ្រួសារ​ខ្ញុំ​មិនមាន​អ្នកបំរើ​ឬ​មេដោះ​ទេ​។ ប្តី ប្រពន្ធ​របស់​យើង​បាន​ថែទាំ​កូនៗ​ដោយ​ខ្លួនឯង​។ យប់​ខ្លះ​កូន​នោម​ដាក់ និង​រាល់​ពេលព្រឹក​តែងតែ​សំអាត​គ្រែ កន្ទេល បោក​ភួយ ហាល​ខ្នើយ​។​ល​។ ព្រោះ​កូន​ខ្ញុំ​២​នាក់​តែងតែ​នោម​យប់​។ មួយ​បន្ទប់​សំរាក​៧​នាក់​ឪពុក ម្តាយ​២​នាក់ កូន​៥​នាក់ បើ​កូន​មិន​នោម​ដាក់​ទេ ក៏​ធំខ្លិន​ទឹកនោម​ដែរ ហើយ​ពិបាក​ជាងគេ គឺ​នៅពេល​ភរិយា​ខ្ញុំ​មិន​នៅផ្ទះ​ខ្ញុំ​ត្រូវ​ឆុង​ទឹកដោះគោ​បំបៅកូន​។ ពេល​មួយ​ខ្ញុំ​ឆុង​ទឹកដោះគោ​ឱ្យ​ស្រី​ពៅ​រវល់​ដាំទឹក ម៉ានិត មក​ស៊ី​អស់​ម្ស៉ៅ​ទឹកដោះគោ ខំ​ឱ្យ​អ្នកបើកបរ​ទៅ​ទិញ​ម្ស៉ៅ​ទឹកដោះគោ​ពី​ផ្សារ​ទំរាំ​មក​មកដល់​ស្រី​ពៅ​យំ​រហូត​គេង​លក់​។ ពេល​ភ្លៀង​ម្តងៗ​ដំបូលផ្ទះ​វា​លិច​ខំ​យក​ក្រណាត់​កៅស៊ូ​គ្រប​លើ​កូន​។ រហូតដល់​ឆ្នាំ​១៩៩៤​ទើប​ដំបូលផ្ទះ​ខ្ញុំ​ឈប់​លិច​។ នេះ​ជា​ជីវភាព​ពិតប្រាកដ​របស់​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ស្ថិតក្នុង​តំណែង​រយះពេល​៣១​ឆ្នាំ​នា​ថ្ងៃនេះ​។​

​បងប្អូន​ខ្លះ​អាច​យល់​ខុសពី​របៀប​រស់នៅ​របស់​ខ្ញុំ តែ​នេះ​ក៏​ជា​មេរៀន​មួយ​ដែល​ខ្ញុំ​រក្សាបាន​នូវ​ឥទ្ធិពល​ដឹកនាំ​រយះពេល​វែង ជោគជ័យ​ក្នុងការ​បណ្តុះបណ្តាល​កូន​តាមរយះ​ភាព​ជិត​ស្និ​ទ្ឋ​។ ពេល​ចេញទៅ​បរទេស​ពិសេស​ពេល​ចរចារ​នៅ​បារាំង ភរិយា​ខ្ញុំ​គ្មាន​អ្នក​ហែរ​ហម​ទៅជា​មួយ​ទេ​។ ពេលខ្លះ​គាត់​អត់បាយ​ព្រោះ​នៅ​សណ្ឋាគារ​ម្នាក់ឯង​ហើយ​មិនចេះ​ភាសា​។ សូម​ផ្ដាំកូន ក្មួយ បងប្អូន​ពេល​មាន​ឋា​នះ​ខ្ពស់ ត្រូវ​ដាក់ខ្លួន​បំរើប្រជាជន​កុំ​វាយឫក​ខុស​របៀប​៕

សម្តេច​តេ​ជោ​៖ខ្ញុំ​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋសភា​ឆ្នាំ​១៩៨៥​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្រ្តី
សម្តេច​តេ​ជោ​៖ខ្ញុំ​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋសភា​ឆ្នាំ​១៩៨៥​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្រ្តី