ប្រទេស​កាមេរូន​ស្វាគមន៍​ជំនួយ​របស់​អាមេរិក​ដើម្បី​ប្រយុទ្ធ​នឹង​ក្រុម​ឧទ្ទាម Boko Haram

ប្រទេស​កាមេរូន​ស្វាគមន៍​ជំនួយ​របស់​អាមេរិក​ដើម្បី​ប្រយុទ្ធ​នឹង​ក្រុម​ឧទ្ទាម Boko Haram

ទាហាន​កាមេរូន​ឈរ​យាម​នៅ​ទីតាំង​ខាង​មុខ ខណៈ​ពេល​ដែល​ពួកគេ​ចូល​រួម​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​ឥស្លាម​ជ្រុល​និយម Boko Haram។ប្រធានាធិបតី​របស់​​កាមេរូនបាន​ស្វាគមន៍​ការ​ចូល​រួម​របស់​កងទ័ព​អាមេរិក​ក្នុង​ការ​វាយប្រហារ​ប្រឆាំង​នឹង​ក្រុម Boko Haram ប៉ុន្តែ​ ពលរដ្ឋ​ជាច្រើន​មិន​ទាន់​បាន​យល់​ពី​តួ​នាទី​របស់​កងទ័ព​នេះ​ នៅ​ក្នុង​សង្គ្រាម​នៅ​ឡើយ​ទេ។ ក្រុង​យុនដេ—

លោក Paul Biya ប្រធានាធិបតី​របស់​ប្រទេស​កាមេរូន (Cameroon)​ បាន​ស្វាគមន៍​ការ​ចូល​រួម​របស់​កងទ័ព​អាមេរិក​ក្នុង​ការ​វាយប្រហារ​ប្រឆាំង​នឹង​ក្រុម Boko Haram។ ប៉ុន្តែ​ ពលរដ្ឋ​កាមេរូន​ជាច្រើន​មិន​ទាន់​បាន​យល់​ពី​តួ​នាទី​របស់​កងទ័ព​នេះ​ នៅ​ក្នុង​សង្គ្រាម​នៅ​ឡើយ​ទេ។

នៅ​ក្នុង​សារ​ចុង​ឆ្នាំ​របស់លោក​ លោក Paul Biya ប្រធានាធិបតី​របស់​ប្រទេស​កាមេរូន​ (Cameroon) លោក​បាន​និយាយ​ថា ក្រុម​ឧទ្ទាម​ Boko Haram​ នៅ​តែ​ជា​ឧបសគ្គ​ចម្បង​មួយ​សម្រាប់​ការ​អភិវឌ្ឍ សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​នេះ ហើយ​លោក​បាន​សរសើរ​នូវ​អ្វី​ដែល​លោក​ហៅ​ថា ​បទ​ពិសោធន៍ និង​មាន​ភាព​ស្ទាត់​ជំនាញ​របស់​កងទ័ព​អាមេរិក​ក្នុង​ការ​ជួយ​ប្រទេស​កាមេរូន។

លោក​បាន​និយាយ​ថា លោក​សូម​អរគុណ​ជា​ពិសេស​ទៅ​កាន់​រដ្ឋាភិបាល​អាមេរិក​ដែល​បាន​បញ្ជូន​កងទ័ព​ មក​ជួយ​យោធា​កាមេរូន​ក្នុង​ការ​រំដោះ​ប្រទេស​នេះ​ចេញ​ពី​ក្រុម​ឧទ្ទាម Boko Haram។ លោក​និយាយ​ថា លោក​ពិត​ជា​សប្បាយ​រីករាយ​នឹង​ទំនុក​ចិត្ត​របស់​ពលរដ្ឋ​អាមេរិក ជា​ពិសេស​ដោយ​សារ​តែ​ឥឡូវ​នេះ​កងទ័ព​អាមេរិក​កំពុង​ផ្តល់​ព័ត៌មាន​ និង​ការ​បណ្តុះបណ្តាល​សំខាន់ៗ​ទៅ​កាន់​យោធា​នៃ​ប្រទេស​របស់​លោក។

មេដឹកនាំ​យុវជន​កាន់​សាសនា​ឥស្លាម​វ័យ​៣៩ឆ្នាំ​ម្នាក់​ឈ្មោះ Bouba Ahijo និយាយ​ថា​ ពលរដ្ឋ​នៅ​ក្នុង​ក្រុង Garoua ភាគ​ខាង​ជើង​នៃ​ប្រទេស​កាមេរូន​ទទួល​បាន​ដំណឹង​ថា ទាហាន​អាមេរិកមក​ទីនេះ​ដើម្បី​ជួយ​រំដោះ​ពួកគេ​ពី​ភាព​យង់ឃ្នង​របស់​ក្រុម​ឧទ្ទាម Boko Haram។ ប៉ុន្តែ​ លោក​បាន​និយាយ​ថា លោក​នៅ​តែ​មិន​ទាន់​ដឹង​ថា​តើ​ទាហាន​អាមេរិក​ទាំង​នោះ​បាន​ធ្វើ​អ្វី​ខ្លះ​នោះ​ទេ បន្ទាប់​ពី​ពួកគេ​បាន​មក​ដល់​ជាង​ពីរ​ខែ​ទៅ​ហើយ​នោះ។

លោក​និយាយ​ថា លោក​រំពឹង​ថា​ កងកម្លាំង​អាមេរិក​នឹងធ្វើ​ការ​រួម​ប្រយុទ្ធជាមួយ​នឹង​ទាហាន​កាមេរូន​ដើម្បី​យក​ឈ្នះ​លើ​ក្រុម​ឧទ្ទាម Boko Haram ប៉ុន្តែ​ ផ្ទុយ​ទៅ​វិញ​ ពួកគេ​ស្ថិត​នៅ​ក្នុង​ទីស្នាក់ការ​របស់​ពួកគេ​ចាប់​តាំង​ពី​ពេល​ដែល​ពួកគេ​បាន​មក​ដល់។​ លោក​បាន​ចោទ​ជា​សំណួរ​ថា​ តើ​ហេតុអ្វី​បាន​ជា​ទាហាន​អាមេរិក​មិន​វាយប្រហារ​លើ​ក្រុម​ឧទ្ទាម Boko Haram ដូច​អ្វី​ដែល​លោក​បាន​ឮ​ថា​ ពួកគេ​បាន​វាយ​ប្រហារ​មូលដ្ឋាន​ទ័ព​របស់​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។​

ប្រទេស​កាមេរូន​បាន​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម Boko Haram​ ដែល​បាន​ទន្រ្ទាន​ចូល​ទឹក​ដី​ខ្លួន​ពី​ប្រទេស​នីហ្សេរីយ៉ា​កាលពី​បី​ឆ្នាំ​មុន។ យោង​ទៅ​តាម​អង្គការ​សហប្រជាជាតិ​ ពលរដ្ឋ​ជាង​២០.០០០​នាក់​បាន​បាត់​បង់​ជីវិត​ និង​មនុស្ស​ជាង​២លាន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ។​

មេបញ្ជាការ​កងទ័ព​ជើង​ទឹក លោក​វរសេនីយ៍​ Mike Davis បាន​ពិពណ៌នា​ប្រភេទ​ជំនួយ​របស់​អាមេរិក​ដល់​កងទ័ព​កាមេរូន​នៅ​ក្នុង​ការ​វាយប្រហារ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម Boko Haram។

«រដ្ឋាភិបាល​កាមេរូន​បាន​ស្នើសុំ​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ជួយ​ពួកគេ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម Boko Haram។ ដូច្នេះ អ្វី​ដេល​យើង​កំពុង​តែ​ធ្វើ​គឺ​ជួយ​រដ្ឋាភិបាល​កាមេរូន​ក្នុង​ការ​វាយប្រហារ​លើ​ក្រុម​ឧទ្ទាម Boko Haram។ ការ​គាំទ្រ​នោះ​ធ្វើ​ឡើង​តាម​រយៈ​ការ​បង្រៀន​បើក​យន្តហោះ​ដោយ​បញ្ជា​ពី​ចម្ងាយ វគ្គ​បណ្តុះបណ្តាល និង​ផ្នែក​សន្តិសុខ​មួយ​ចំនួន​ទៀត»។​

លោក​ឧត្តម​សេនីយ៍ Ndjonkep Mehomy Frederick ដែល​ជា​មេបញ្ជាការ​ម្នាក់​ក្នុង​ចំណោម​មេបញ្ជាការ​កំពូលៗ​របស់​កាមេរូន​ដែល​កំពុង​ប្រយុទ្ធនឹង​ក្រុម​ឧទ្ទាម Boko Haram​ និយាយ​ថា ជំនួយ​ដែល​ពួកគេ​កំពុង​ទទួល​បាន​ពី​ទាហាន​អាមេរិក​គឺ​ វគ្គ​បណ្តុះ​បណ្តាល​ជា​មូលដ្ឋាន និង​ការ​ចែក​រំលែក​ព័ត៌មាន​ស៊ើបការណ៍។

លោក​និយាយ​ថា ទាហាន​អាមេរិក​មាន​យន្តហោះ​គ្មាន​មនុស្ស​បើក (drones) ទំនើបៗ​ដែល​អាច​ផ្តល់​ឲ្យ​ពួកគេ​នូវ​ព័ត៌មាន​សំខាន់ៗ​ទាន់​ពេល​វេលា ហើយ​ពួកគេ​អាច​ធ្វើ​អន្តរាគមន៍​ប្រឆាំង​នឹង​ក្រុម​ភេវរកម្ម​នៅ​កន្លែង​ណា​ក៏​ដោយ​ឲ្យ​តែ​មាន​ការ​វាយប្រហារ​កើត​ឡើង ឬ​មាន​ការ​រៀបចំ​ផែនការ​វាយប្រហារ។ លោក​និយាយ​ថា ទាហាន​អាមេរិក​បាន​សហការ​យ៉ាង​ពេញ​លេញ​ក្នុង​ការ​តាមដាន និង​ការ​ចែក​រំលែក​ព័ត៌មាន​ ដែល​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្រ្គាម​ប្រឆាំង​នឹង​ក្រុម​ភេវរកម្ម។​

អ្នក​នាំ​ពាក្យ​របស់​យោធា​កាមេរូន លោក​វីរសេនីយ៍ Didier Badjeck និយាយ​ថា​ ពលរដ្ឋ​មិន​គួរ​រំពឹង​ទុក​ថា​ ទាហាន​អាមេរិក​ស្ថិត​នៅ​សមរភូមិ​ជួរ​មុខ​នោះ​ទេ ប៉ុន្តែ​ ពួកគេ​គួរ​គិត​ថា ទាហាន​អាមេរិក​ជា​ផ្នែក​យ៉ាង​សំខាន់​មួយ​នៅ​ក្នុង​ជ័យជម្នះ​របស់​កាមេរូន​ប្រឆាំង​នឹង​ក្រុម​បះបោរ។

លោក​និយាយ​ថា ទាហាន​អាមេរិក​ស្ថិត​នៅ​ក្នុង​ប្រទេស​កាមេរូន​ដើម្បី​ជួយ​បង្រ្កាប​ក្រុម​ឧទ្ទាម Boko Haram ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើបៗ​របស់​ខ្លួន ហើយ​ថា​ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ២០១៦ ពួកគេ​នឹង​ចេញ​ប្រតិបត្តិការ​ពេញ​លេញ​ នៅ​ពេល​ដែល​ពល​ទាហាន​ដែល​នៅ​សេសសល់​នឹង​មក​ដល់​ប្រទេស​កាមេរូន​ ដើម្បី​បង្រ្គប់​ចំនួន​៣០០​ដូច​អ្វី​ដែល​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ បាន​សន្យា។​

នៅ​ក្នុង​ខែ​ធ្នូ ប្រទេស​កាមេរូន​បាន​ប្រកាស​ថា ទាហានរបស់​ខ្លួន និង​ទាហាន​នីហ្សេរីយ៉ា​ បាន​រំដោះ​មនុស្ស​ជាង​៩០០​នាក់​ ពី​មូលដ្ឋាន​របស់​ក្រុម​ឧទ្ទាម Boko Haram។ ក្រុម​មន្រ្តី​រដ្ឋាភិបាល​បាន​និយាយ​ថា ពួកគេ​បាន​ទទួល​ផល​ប្រយោជន៍​ពី​អ្នក​ជំនាញ​បច្ចេកទេស​របស់​អាមេរិក។

យោធា​អាមេរិក​កំពុង​រៀបចំ​មូលដ្ឋាន​យន្តហោះ​គ្មាន​មនុស្ស​បើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាហ្វ្រិក ហើយ​ប្រទេស​កាមេរូន​ជឿ​ថា​ មូលដ្ឋាននោះ​ទំនង​ជា​នឹង​ធ្វើ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ ទាហាន​របស់​ប្រជាជាតិ​អាហ្វ្រិក​កណ្តាល​កំពុង​តែ​រៀន​ពី​របៀប​ប្រើប្រាស់​យន្តហោះ​គ្មានមនុស្ស​បើក​សម្រាប់​ឈ្លប​យកការណ៍ ដែល​យន្តហោះ​នេះ​យក​មក​ពី​កងទ័ព​ជើង​ទឹក​របស់​អាមេរិក៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ