ជនជាតិ​វៀតណាម​នៅ​មណ្ឌលគិរី​ម្នាក់​រង​ការ​ចោទ​ថា​ដើរ​គំរាម​ពលរដ្ឋ​រឿង​នយោបាយ

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​មណ្ឌលគិរី អះអាង​ថា មាន​ជនជាតិ​វៀតណាម ដែល​សង្ស័យ​ថា ជា​ភ្នាក់ងារ​ចារកម្ម​ម្នាក់​ដើរ​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ក្នុង​រឿង​នយោបាយ និង​រំខាន​ការងារ​សកម្មជន​គណបក្ស​នយោបាយ។ ចំណែក​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ហៅ​ទង្វើ​នេះ​ថា ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ និង​សកម្មជន​គណបក្ស​នយោបាយ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​មណ្ឌលគិរី អះអាង​ថា នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​មន្ត្រី​មូលដ្ឋាន​ឲ្យ​ស៊ើបអង្កេត និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អំពើ​គំរាម​កំហែង​ផ្នែក​នយោបាយ​របស់​ជនបរទេស​ទៅ​លើ​ពលរដ្ឋ​កម្ពុជា និង​សកម្មជន​គណបក្ស​នយោបាយ។

អនុ​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី លោក ឃុំ កាន ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា កន្លង​ទៅ ជនជាតិ​វៀតណាម ម្នាក់​ឈ្មោះ ថាំង មាន​ទីលំនៅ​បណ្ដោះអាសន្ន​នៅ​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង បាន​ចូល​មក​លំនៅឋាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​ចារាំង គឺ​លោក ហ ព្រីល ហើយ​ពោល​ពាក្យ​ប្រមាថ​រឿង​នយោបាយ ខណៈ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ពន្យល់​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ។

លោក​បន្ត​ថា នឹង​ធ្វើ​របាយការណ៍​ជូន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី ដើម្បី​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ជនជាតិ​វៀតណាម ឈ្មោះ ថាំង នេះ៖ «ជនជាតិ​វៀតណាម ហ្នឹង​មាន​សិទ្ធិ​ស្អី​រស់​នៅ​ស្រុក​ខ្មែរ ហើយ​ដើរ​តួ​លូកដៃ​រឿង​នយោបាយ​ស្រុក​ខ្មែរ បំភិតបំភ័យ​ប្រជាពលរដ្ឋ បើ​សិន​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ សង្គ្រាម សម្លាប់​អ៊ីចេះ អ៊ីចុះ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ជនជាតិ​វៀតណាម ឈ្មោះ ថាំង សុំ​បំភ្លឺ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​​ថ្ងៃ​ទី​១៣ ខែ​មករា។

របាយការណ៍​អង្កេត​របស់​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម ឈ្មោះ ថាំង នេះ​មាន​មុខ​របរ និង​ការងារ​មិន​ជាក់លាក់ ចូល​មក​រស់​នៅ​ឃុំ​សែនមនោរម្យ ក្នុង​លក្ខណៈ​បណ្ដោះអាសន្ន មិន​មាន​ចុះបញ្ជី​ស្នាក់​នៅ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​នោះ​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ដល់​ព័ត៌មាន​ស្ដីពី​ការ​រំលោភ​នេះ​មក​សមាគម​លោក​ឲ្យ​ជួយ​អន្តរាគមន៍​​ស៊ើប​អង្កេត​ពី​អត្តសញ្ញាណ​ជនជាតិ​វៀតណាម ឈ្មោះ ថាំង ដើម្បី​កំណត់​ថា តើ​គេ​ជា​ពលរដ្ឋ​វៀតណាម ​ស្នាក់​នៅ​ស្រប​ច្បាប់​នៅ​ខេត្ត​មណ្ឌលគិរី ឬ​មួយ​ជា​ភ្នាក់ងារ​បង្កប់​ដែល​ធ្វើ​សកម្មភាព​ប៉ះពាល់​សិទ្ធិ​​នយោបាយ​របស់​ពលរដ្ឋ និង​សកម្មជន​គណបក្ស​នយោបាយ។ យ៉ាង​ណា​លោក​ថា ប្រសិន​ការ​ចោទ​ប្រកាន់​នេះ​ជា​ការ​ពិត នោះ​គឺ​ជា​ការ​រើសអើង រំលោភ​សិទ្ធិ​ពលរដ្ឋ និង​សកម្មជន​គណបក្ស​នយោបាយ៖ «អ៊ីចឹង​ជា​មូលដ្ឋាន​មួយ​យើង​ធ្វើការ​ស៊ើប​អង្កេត​បុគ្គល​ហ្នឹង​ដែរ ដើម្បី​រក​ឲ្យ​ឃើញ​ថា ការ​មក​រស់​នៅ​របស់​គាត់​វា​ស្រប​ច្បាប់ ឬ​អត់? គាត់​មាន​លិខិត​ឆ្លង​ដែន ឬ​ចូល​សញ្ជាតិ​យ៉ាង​ណា​យើង​នឹង​ស៊ើប​អង្កេត​បន្ថែម»

ទាក​ទិន​ករណី​នេះ​ដែរ មេ​ឃុំ​សែនមនោរម្យ លោកស្រី ខ្វាន់ ត្រែល បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​មិន​បាន​ដឹង​ពី​ករណី​ចោទ​ប្រកាន់​នេះ​ទេ ដោយសារ​តែ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ផ្ដល់​ព័ត៌មាន ឬ​ដាក់​ពាក្យ​ប្ដឹង​អ្វី​ឡើយ។ លោកស្រី​ទទួល​ស្គាល់​ថា ជនជាតិ​វៀតណាម ឈ្មោះ ថាំង បាន​មក​​រស់​នៅ​ភូមិ​ពួស្យាម ឃុំ​សែនមនោរម្យ និង​មាន​ប្រពន្ធ​ជនជាតិ​ខ្មែរ​ប្រមាណ​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ ប៉ុន្តែ​មិន​មាន​ឯកសារ ឬ​លិខិត​ស្នាក់នៅ ឬ​មាន​មុខ​របរ​ជាក់លាក់​អ្វី​ឡើយ៖ «ប្រពន្ធ​ហ្នឹង​ខ្មែរ ប៉ុន្តែ​គាត់​អត់​មាន​បញ្ជី​ស្នាក់​នៅ​ក្នុង​ប័ណ្ណ​គ្រួសារ​ទេ។ នៅ​តាំង​ពី​ឆ្នាំ​ទៅ ពីរ​បី​ឆ្នាំ​ហើយ»

យ៉ាង​ណា​ក៏ដោយ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក ឃុំ កាន ឲ្យ​ដឹង​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ ព្រីល នឹង​រៀបចំ​ពាក្យ​ប្ដឹង​ជនជាតិ​វៀតណាម ដាក់​ជូន​អាជ្ញាធរ​ឃុំ​នៅ​សប្ដាហ៍​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។