អាជ្ញាធរ​ចាប់​អ្នក​ភូមិ​អូរតាមែង​ម្នាក់​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ឧត្ដរមានជ័យ​រឿង​ទំនាស់​ដីធ្លី

ឧត្តរមានជ័យ គឺ​ជា​ខេត្ត​របស់​ខ្មែរ​ដែល​នៅ​ជាប់​ព្រំដែន​គ្នា​ជាមួយ​ខេត្ត​បូរីរ៉ាំ ខេត្ត​ស៊ីសាកេត និង​ខេត្ត​សុរិន្ទ របស់​ថៃ ដែល​សម្បូរ​អ្នក​មាន​អំណាច​គាប​សង្កត់ និង​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ ដូចជា​ការ​ប្រើ​ហិង្សា​លើ​រាង​កាយ និង​ការ​រំលោភ​យក​ដីធ្លី ហើយ​ប្រព័ន្ធ​ច្បាប់​មិន​បាន​ផ្ដល់​យុត្តិធម៌​ឲ្យ​ត្រឹមត្រូវ ជាដើម។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា កន្លង​ទៅ បុរស​ម្នាក់​នៅ​ភូមិ​អូរតាមែង នៃ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ត្រូវ​បាន​កង​រាជ​អាវុធហត្ថ​ចាប់​ខ្លួន​បញ្ជូន​ទៅ​ឲ្យ​តុលាការ បន្ទាប់​ពី​មាន​ជម្លោះ​ដីធ្លី​ជាមួយ​មន្ត្រី​មាន​អំណាច​ម្នាក់​នៅ​ស្រុក​អន្លង់វែង នោះ។

ស្ត្រី​អ្នក​ភូមិ​អូរតាមែង កំពុង​ស្វះ​ស្វែងរក​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ជួយ​ការពារ​ផ្នែក​ផ្លូវ​ច្បាប់ និង​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​ឧត្តរមានជ័យ ដោះ​លែង​ប្ដី​របស់​គាត់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ឲ្យ​មាន​សេរីភាព​វិញ។

ការ​ស្វែងរក​ជំនួយ​ផ្លូវ​ច្បាប់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គ្រួសារ​របស់​គាត់ កើត​មាន​ជម្លោះ​ដី​ចម្ការ​ជាមួយ​មន្ត្រី​មាន​អំណាច​ម្នាក់​នៅ​ស្រុក​អន្លង់វែង ហើយ​កង​រាជ​អាវុធហត្ថ​បាន​ជួយ​ជ្រោមជ្រែង​ដល់​អ្នក​មាន​អំណាច​នោះ ព្រម​ទាំង​ចាប់​ខ្លួន​ប្ដី​របស់​គាត់​បញ្ជូន​ទៅ​ឲ្យ​តុលាការ​ឃុំ​ឃាំង។

ស្ត្រី​អ្នក​ភូមិ​អូរតាមែង ដែល​មាន​ទំនាស់​ដីធ្លី​នោះ គឺ​លោកស្រី ឃួន លីន។ លោកស្រី​អះអាង​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​១៣ ខែ​មករា ថា កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា កន្លង​ទៅ គាត់​បាន​ជួល​ត្រាក់ទ័រ​របស់​គេ​ទៅ​ភ្ជួរ​ដី​ចម្ការ​ទំហំ ៣​ហិកតារ ក៏ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៩ ខែ​មករា ស្រាប់​តែ​លេច​មុខ​បុរស​ម្នាក់​ឈ្មោះ សុខា រិទ្ធិ យក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ជាន់​លើ​ដី​នោះ ដោយ​មាន​មេ​ព្រៃ​ឈរ​ចាំ​យាម ហើយ​ឲ្យ​កម្មករ​ជាច្រើន​នាក់​ដាំ​ចេក​លើ​ដី​ទាំង​នោះ​ផង។ ស្ត្រី​ដដែល​បញ្ជាក់​ថា បើ​ទោះ​បី​ជា​គាត់​ស្គាល់​បុរស​នោះ​ថា សុខា រិទ្ធិ ប៉ុន្តែ​គាត់​មិន​ដឹង​តួនាទី​ជា​អ្វី​ឡើយ គឺ​ដឹង​ត្រឹម​តែ​ថា អ្នក​នោះ​មាន​អំណាច​អាច​ប្រើ​មន្ត្រី​កង​រាជ​អាវុធហត្ថ​នៅ​ស្រុក​អន្លង់វែង បាន។

លោកស្រី ឃួន លីន ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ប្ដី​របស់​គាត់​ឈ្មោះ គឺ សំបូរ អាយុ ៥២​ឆ្នាំ ឃើញ​គេ​យក​ចេក​ទៅ​ដាំ​លើ​ដី​ចម្ការ​របស់​ខ្លួន​ដូច្នេះ ក៏​នាំ​អ្នក​ភូមិ​ខ្លះ​ទៀត​ទៅ​ដក​ចេញ​វិញ បន្ទាប់​មក​ប្រហែល​ជា ៣​ម៉ោង ក៏​ឈ្មោះ សុខា រិទ្ធិ និង​កម្លាំង​ប៉េអិម​ជាច្រើន​មក​ដល់ ហើយ​ចាប់​ខ្លួន​ប្ដី​របស់​គាត់​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ឧត្តរមានជ័យ តែ​ម្ដង៖ «គាត់​យក​ត្រាក់ទ័រ​យក​ចេក​មក​ដាំ​លើ​ដី​ខ្ញុំ។ ខ្ញុំ​ឃាត់​គាត់​អត់​ស្ដាប់ ហើយ​ដល់​ប្ដី​ខ្ញុំ​ដក​ចេក​តែ ៥០​ដើម​ទេ ប៉ុន្តែ​របាយការណ៍​ចោទ​ប្រកាន់​ដល់​ទៅ ១៥០​ដើម»

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​បុរស​ឈ្មោះ សុខា រិទ្ធិ ដែល​អ្នក​ភូមិ​អះអាង​ថា ជា​អ្នក​មាន​អំណាច​នោះ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​យ៉ាង​ណា​នៅ​ឡើយ។

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ឲ្យ​ដឹង​ថា កម្លាំង​កង​រាជ​អាវុធហត្ថ​បាន​ចាប់​ខ្លួន​បុរស​ឈ្មោះ គឺ សំបូរ បញ្ជូន​ទៅ​ឲ្យ​តុលាការ​នោះ គឺ​ចោទ​ប្រកាន់​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។ ទោះ​យ៉ាង​ណា លោក ស្រី ណារ៉េន យល់​ថា សមត្ថកិច្ច​អនុវត្ត​ច្បាប់​មិន​ទាន់​ត្រឹមត្រូវ​ទេ ដោយសារ​តែ​ជា​រឿង​ជម្លោះ​ដីធ្លី ហើយ​នៅ​មិន​ទាន់​ប្រាកដ​ថា តើ​អ្នក​ណា​ជា​ម្ចាស់​ដី​ពិត​ប្រាកដ​នៅ​ឡើយ៖ «ខ្ញុំ​គិត​ថា មន្ត្រី​កង​រាជ​អាវុធហត្ថ គួរ​ស៊ើប​អង្កេត​ឲ្យ​ច្បាស់​សិន​ថា ដី​ហ្នឹង​ជា​របស់​អ្នក​ណា​សិន មុន​នឹង​ចោទ​ប្រកាន់​ថា គេ​ទៅ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ»

បច្ចុប្បន្ន មាន​អ្នក​ភូមិ​អូរតាមែង ចំនួន​ជាង ៩០​នាក់ សុខ​ចិត្ត​នាំ​គ្នា​ផ្ដិត​មេដៃ​ដើម្បី​បញ្ជាក់​ថា បុរស​ឈ្មោះ គឺ សំបូរ ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ ពិត​ជា​ម្ចាស់​កាន់​កាប់​ដី​ជា​យូរ​មក​ហើយ។ ពួក​គេ​ទាមទារ​ឲ្យ​តុលាការ ដោះ​លែង​បុរស​ឈ្មោះ គឺ សំបូរ ឲ្យ​មាន​សេរីភាព​វិញ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ឲ្យ​ដឹង​ថា ខេត្ត​ឧត្តរមានជ័យ គឺ​ឧស្សាហ៍​កើត​មាន​ករណី​ទាហាន និង​អ្នក​មាន​អំណាច គំរាម​កំហែង គាប​សង្កត់​ប្រជាពលរដ្ឋ ដូចជា​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា កន្លង​ទៅ មាន​មេ​ព្រៃ និង​ទាហាន​ខ្លះ ទៅ​បាញ់​គំរាម​អ្នក​ភូមិ​គោកសំព័រ ឈ្មោះ លួន ឡត និង​មាន​ករណី​ទាហាន​នៃ​យោធភូមិភាគ​ទី​៤ ខ្លះ បាន​រំលោភ​យក​ដី​ស្រែ​របស់​អ្នក​ភូមិ​គោកសំព័រ ដូច​គ្នា​នោះ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។