កូនស្រី​លោក មាជ សុវណ្ណារ៉ា រក​អន្តរាគមន៍​ពី​លោក អូបាម៉ា

កូនស្រី​ច្បង​របស់​លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​គ្រួសារ ជំរុញ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ជួយ​អន្តរាគមន៍​ដោះលែង​ឪពុក​របស់​ខ្លួន​ដែល​កំពុង​ជាប់​ពន្ធនាគារ។

​ក្នុង​លិខិត​មួយ​របស់​កញ្ញា មាជ សុជាតា ផ្ញើ​ទៅ​កាន់​លោក បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា សរសេរ​ថា ការ​កាត់​ទោស​ឪពុក​របស់​នាង​ឲ្យ​ជាប់​ឃុំឃាំង​រយៈពេល ២០​ឆ្នាំ ជា​អំពើ​អយុត្តិធម៌ ដោយសារ​តែ​ប្រព័ន្ធ​តុលាការ​របស់​ខ្មែរ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ចម្លើយ​បន្ថែម​ពី​កញ្ញា មាជ សុជាតា បាន​ទេ ដោយសារ​កញ្ញា​កំពុង​ស្ថិត​ក្នុង​សាលារៀន​កាល​ពី​ម្សិលមិញ។

អ្នកស្រី ជេមី មាជ (Jamie Meach) ភរិយា​របស់​លោក មាជ សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ការ​ដែល​កូនស្រី​របស់​អ្នកស្រី​សរសេរ​លិខិត​ទៅ​កាន់​លោក បារ៉ាក់ អូបាម៉ា នេះ គឺ​ដោយសារ​លោក ហ៊ុន សែន គ្រោង​នឹង​ចូលរួម​កិច្ច​ប្រជុំ​មេដឹកនាំ​អាស៊ាន​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ៖ «...ខ្លួន​គាត់​បែក​បាក់​ឪពុក​ម្ដាយ ហើយ​ឪពុក​ជាប់​ពន្ធនាគារ​ដោយ​ភាព​អយុត្តិធម៌ ដោយ​គ្រាន់​តែ​លោក​និយាយ​រក​សិទ្ធិ​សេរីភាព​ឲ្យ​ពលរដ្ឋ​ខ្មែរ​សោះ​បែរ​ជា​ជាប់​គុក​ដល់ ២០​ឆ្នាំ»

​ក្នុង​លិខិត​ដដែល​នោះ កញ្ញា មាជ សុជាតា រៀបរាប់​ទៀត​ថា លោក ហ៊ុន សែន ដឹកនាំ​កម្ពុជា បែប​ផ្ដាច់ការ​ជាង ៣០​ឆ្នាំ តាម​រយៈ​ការ​រំលោភ​សិទ្ធិមនុស្ស ហើយ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ព្រឹត្តិការណ៍​ហិង្សា​វ៉ៃ​ប្រហារ​ទៅ​លើ​អ្នក​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។