ប្រធាន​សហគមន៍​ខេត្ត​កំពង់ធំ​បារម្ភ​ខ្លាច​អាជ្ញាធរ​ចោទ​ពី​បទ​បំផ្លាញ​សម្បត្តិ​សាធារណៈ

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ឃុំ​សាគ្រាម ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ លើក​ឡើង​ថា អាជ្ញាធរ​អាច​ចោទ​ប្រកាន់​ពួក​គេ​អំពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ កាល​ពី​ពេល​កន្លង​ទៅ។

កាល​ពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ឃុំ​បាន​កោះ​ហៅ​ពួក​គាត់​ឲ្យ​ចូល​បំភ្លឺ​រឿង​ដុត​ស្ពាន​មួយ​កន្លែង ដែល​ឆ្លង​កាត់​ពី​ព្រៃ​សហគមន៍​ចូល​តំបន់​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK)។

ប្រធាន​សហគមន៍​ការពារ​ធម្មជាតិ​ភ្នំ​ប្រង់ អះអាង​ថា ការ​ចោទ​ប្រកាន់​ពួក​គាត់ គឺ​ក្នុង​គោល​បំណង​បំបាក់​ស្មារតី​ប្រជា​សហគមន៍ ដែល​មាន​គំនិត​ចង់​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​ព្រៃ​សហគមន៍​របស់​ខ្លួន។ ពួក​គេ​ថា ស្ពាន​ដែល​អាជ្ញាធរ​ចោទ​ប្រកាន់​ពួក​គាត់ ថា​បាន​ដុត​នោះ មិន​មែន​ជា​ស្ពាន​សាធារណៈ​ឡើយ ប៉ុន្តែ​ជា​ស្ពាន​ដែល​ជន​ល្មើស​ធ្វើ​ឡើង​សម្រាប់​ដឹក​ឈើ​ឆ្លង​កាត់​ចេញ​ពី​តំបន់​ដី​សហគមន៍​ប៉ុណ្ណោះ។

ប្រធាន​សហគមន៍​ការពារ​ធម្មជាតិ​ភ្នំ​ប្រង់ លោក ឃួន ធន់ បដិសេធ​ថា ពួក​លោក​មិន​បាន​ដុត​ស្ពាន​នៅ​ចំណុច​ក្បែរ​ទីស្នាក់ការ​សហគមន៍ ដែល​ឆ្លង​កាត់​ពី​ដី​ព្រៃ​សហគមន៍ ទៅ​តំបន់​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ឡើយ ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​បាន​ដុត​កម្ទេចកំទី​នៃ​បំណែក​ស្ពាន​បាក់​បែក​ប៉ុណ្ណោះ កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥៖ «ខ្ញុំ​ភិត​ភ័យ ព្រោះ​ខ្ញុំ​ម្នាក់​ឯង ខ្ញុំ​មាន​ដៃ​ជើង​បរិស្ថាន និង​ឃុំ​ម្នាក់​ដែរ ហើយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ក៏​គាំទ្រ ប៉ុន្តែ​ខ្ញុំ​មិន​ទុក​ចិត្ត ព្រោះ​បក្ខពួក​គេ​ច្រើន»

ការ​បារម្ភ​នេះ កើត​ឡើង​ក្រោយ​ពេល​សមត្ថកិច្ច​ឃុំ​សាគ្រាម បាន​កោះ​ហៅ​ប្រធាន​សហគមន៍​រូប​នេះ​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​នគរបាល​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ទី​៤ មករា ជុំវិញ​រឿង​ដុត​ស្ពាន​ឈើ​នោះ។

ទាក់ទង​បញ្ហា​នេះ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​សាគ្រាម លោក នួន ប៊ុនធឿន មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ អាច​នឹង​បញ្ជូន​ទៅ​អធិការ​ស្រុក​បន្ត ដើម្បី​សម្រប​សម្រួល​គ្នា​នៅ​ទីនោះ។ លោក​ថា ការ​កោះ​ហៅ​ប្រធាន​សហគមន៍​ឲ្យ​ចូល​បំភ្លឺ គឺ​យោង​ទៅ​លើ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ ដែល​ចោទ​ប្រកាន់ លោក ឃួន ធន់ ថា​បាន​ដុត​ស្ពាន​ដែល​ពួក​គាត់​ធ្លាប់​ឆ្លង​កាត់​រាល់​ដង។ លោក​ថា ស្ពាន​នោះ​មិន​មែន​មាន​តែ​ជន​ល្មើស​ដឹក​ឈើ​ឆ្លង​កាត់​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ត្រូវ​ការ​ជា​ចាំបាច់ ដើម្បី​ដឹក​ដំឡូង ឬ​ឈើ​ខ្លះ​សម្រាប់​ធ្វើ​ផ្ទះ ជាដើម៖ «បាទ! អា​នេះ​វា​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​គាត់​សំណូមពរ​ទេ​បង មិន​មែន​សមត្ថកិច្ច​នគរបាល​ចេះ​តែ​បង្កើត​ឡើង​ទេ»

ស្ពាន​ឈើ​នោះ​មិន​មាន​ឈ្មោះ​ឡើយ ដោយ​ឆ្លង​កាត់​ប្រព័ន្ធ​ប្រឡាយ​របស់​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ គឺ​មាន​ប្រវែង​បណ្តោយ​ប្រមាណ ២​ម៉ែត្រ ទទឹង​ជាង ២​ម៉ែត្រ ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០១៤។

ដោយឡែក​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សាគ្រាម លោក ចាន់ សុផល ឲ្យ​ដឹង​ថា ស្ពាន​នោះ គឺ​ជន​ល្មើស​ដឹក​ឈើ​ឆ្លង​កាត់​ផង ប៉ុន្តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​ត្រូវ​ការ​ដឹក​ផលិតផល​កសិកម្ម​ចេញ​ចូល។ លោក​ថា រឿង​នេះ គឺ​ធ្លាប់​មក​សម្រុះសម្រួល​គ្នា​នៅ​សាលា​ឃុំ​កាល​ពី​ពេល​កន្លង​ទៅ ហើយ​ក៏​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ហើយ​រហូត​មក​ដល់​ពេល​នេះ។

យ៉ាង​ណា មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ញ៉ូង សាមឿន មាន​ប្រសាសន៍​ថា ទោះ​បី​ជា​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ជា​រឿង​ខុស​ច្បាប់​ក៏ដោយ ប៉ុន្តែ​លោក​ថា ករណី​នេះ អាជ្ញាធរ​គប្បី​មើល​ទៅ​លើ​អង្គ​ហេតុ ថា​តើ​ភាគី​មួយ​ណា​ផ្តល់​ផល​វិជ្ជមាន​ធំ​ជាង ត្បិត​អី​ភាគី​សហគមន៍​ធ្វើ​ឡើង​ដើម្បី​ការពារ​ព្រៃ​សហគមន៍​របស់​ពួក​គាត់។ ម្យ៉ាង អាជ្ញាធរ​ត្រូវ​ស៊ើប​អង្កេត​រឿង​នេះ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ជៀសវាង​ការ​ចោទ​ប្រកាន់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។