ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបន្ទាយមានជ័យ ​៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា​ មានសង្វៀនជល់មាន់ ​ដោយមានបង្កប់ល្បែងយូគី ​និងអាប៉ោង​ ជ្រកក្រោមស្លាកកាស៊ីណូ ឡាក់គី​បានបើកឲ្យពលរដ្ឋខ្មែរចូលលេង​ជារៀងរាល់ថ្ងៃយ៉ាងអនាធិបតេយ្យ ​ដោយពុំមានសមត្ថកិច្ចណារារំាង ​ឬបង្រ្កាបឡើយ ។

សេចក្តីរាយការណ៍បានបន្តថា ​កាស៊ីណូដែល​បើកសង្វៀនជល់​មាន់និងបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូល​លេងបំពានច្បាប់នោះ ​គឺឡាក់គីកាស៊ីណូ ​នៅចំណុចរង្វង់​មូល​ទល់​មុខទីស្នាក់ការ​​ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ​បើកសម្ពោធដំណើរការកាលពីអំឡុងខែវិច្ឆិកា​ ២០១៥ ​ស្ថិតនៅក្នុងភូមិប៉ោយប៉ែត​ សង្កាត់-ក្រុង​ប៉ោយប៉ែត ។

ប្រភពបន្តថា ​កាស៊ីណូឡាក់គីខាងលើ​គ្រប់គ្រងនិងមើលការខុសត្រូវដោយឈ្មោះ ​កែវ រតនា​ ហើយឈ្មោះនេះបានអះអាងថា​មានច្បាប់ត្រឹមត្រូវ ​ទើបអនុញ្ញាតឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលស្រែកហ៊ោរ​កញ្ច្រៀវរំខានពលរដ្ឋជិតខាងយ៉ាងអនាធិបតេយ្យ និងចាញ់លុយអស់រាប់ម៉ឺនដល់​សែនដុល្លារនោះថែមទៀត ។

ពាក់ព័ន្ឋនឹងបញ្ហានេះ ​លោក ភួន ផេង ​ថៅកែកាស៊ីណូឡាក់គីបាននិយាយដោយខ្លីថា ​"អ្នកកាសែតចុះផ្សាយអីក៍ចុះទៅ ​លោកមិនខ្វល់ទេ ​សំខាន់គឺកាស៊ីណូ​របស់លោក​មាន​ច្បាប់ ដែលថ្នាក់លើអនុញ្ញាតឲ្យ " ។

សេចក្តីរាយការណ៍ពីក្រុងប៉ោយប៉ែតក៍បានឲ្យដឹងទៀតថា ​ក្រៅពីកាស៊ីណូឡាក់គីខាងលើ ​ក៍មានកាស៊ីណូហ្គោលឌិនក្រោន ​បាន​បើកសង្វៀនជល់មាន់ ​និងមានល្បែងស៊ី​សង​ជាចច្រើនប្រភេទទៀត​ ដូចជាល្បែងភ្នាល់បាល់តាមអនឡាញ​ និងកន្ទុយលេខកំពុងត្រូវបាន​បំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរ ​ដែលញៀននឹងល្បែងស៊ីសង និងធ្វើឲ្យកើតមាន​អសន្តិសុខក្នុងមូលដ្ឋាន ​និងការបែកបាក់ក្រុមគ្រួសារ​នោះថែមទៀត ៕