ពេលនេះសូម្បីរុស្ស៊ី ក៏គាំទ្រអាមេរិក ឲ្យដាក់សម្ពាធ លើកូរ៉េខាងជើងដែរ

ម៉ូស្គូ៖ ប្រធានាធិបតី អាមេរិកលោក បារ៉ាក់ អូបាម៉ា និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃពុធ ម្សិលមិញនេះ បានសន្ទនាគ្នាតាមទូរស័ព្ទ និង ឈានដល់ការព្រមព្រៀងឲ្យ សហគមន៍អន្ដរជាតិ គួរតែដាក់ សម្ពាធឲ្យកាន់តែធ្ងន់លើកូរ៉េខាងជើង ជាការឆ្លើយតបនឹង ការធ្វើតេស្តអាវុធនុយក្លេអ៊ែរកាលពីសប្ថាហ៍មុននេះ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា ថ្នាក់ដឹកនាំអាមេរិក និងរុស្ស៊ី បានព្រមព្រៀងគ្នាឆ្លើយតបទៅនឹងអន្ដរជាតិ ទៅនឹងមហិច្ឆិតា កូរ៉េខាងជើង ក្នុងការធ្វើតេស្តគ្រាប់ បែកអ៊ីដ្រូសែន ដែលបំពានទៅនឹង ដំណោះស្រាយ របស់ក្រុមប្រឹក្សានៃអង្គការសហប្រជាជាតិ ដែលបាន ទាមទារឲ្យក្រុងព្យុងយ៉ាង បញ្ឈប់រាល់ សកម្មភាពទាំងឡាយណា ដែលពាក់ព័ន្ធនឹង កម្មវិធីអាវុធនុយក្លេអ៊េរ។

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន មានប្រតិកម្មថា មហិច្ឆិតាធ្វើតេស្ត គ្រាប់បែកអ៊ីដ្រូសែនរបស់ កូរ៉េខាងជើង នឹងក្លាយជាការរំលោភបំពាន យ៉ាងខ្លាំងលើសេចក្តីសម្រេច របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ហើយទង្វើនេះគួរណាសហគមន៍ អន្តរជាតិដាក់ទណ្ឌកម្ម ឲ្យបានខ្លាំងក្លាផងដែរ។

ការជួបពិភាក្សាគ្នាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំកំពូលទាំងពីរ ធ្វើឡើងស្របពេលដែល ក្រុមប្រឹក្សាសន្ដិសុខ កំពុងស្វែងរកវិធានការឆ្លើយតប ទៅនឹងសកម្មភាពធ្វើតេស្តនុយក្លេអ៊ែរ របស់កូរ៉េខាងជើងកាលពីថ្ងៃ០៦ ខែមករា កន្លងទៅនេះ ដែលខ្លួនបានធ្វើតេស្តជាបន្ដបន្ទាប់ ដូចជាកាលពីក្នុងឆ្នាំ២០០៦, ២០០៩, និង ២០១៣៕

ពេលនេះសូម្បីរុស្ស៊ី ក៏គាំទ្រអាមេរិក ឲ្យដាក់សម្ពាធ លើកូរ៉េខាងជើងដែរ