ឧកញ៉ា សេង ប៊ុន​ថៃ ជា​អ្នក​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ស្រុក​កោះ​ញែក

បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល ព្រោះ​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ ជាក់ស្តែង​ឈើ​ហ៊ុ​ប​មូលប្រមាណ​៦០០​ម៉ែត្រគូប​នៅ​ស្រុក​កោះ​ញែក ត្រូវបាន​គេ​ដឹងថា ឧកញ៉ា​ឈ្មោះ វី​ដា ប្រមូល​ក្នុង​ដី​សម្បទាន​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ដើម្បី​លក់​ឲ្យ​ឧកញ៉ា សេង ប៊ុន​ថៃ ហើយ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ​។ ប៉ុន្តែ​ប្រភព​ខ្លួះ​បាន​ឲ្យ​ដឹងថា ឈើ​ទាំងនោះ​មិន​មែនមាន​ប្រភព​នៅក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​ទេ គឺ​គែ​កាប់​នៅក្នុង​ព្រៃ​សហគមន៍​និង​ព្រៃ​ការពារ​។

មន្ត្រីរាជការ​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ឈើ​ហ៊ុ​ប​មូលប្រមាណ​៦០០​ម៉ែត្រគូប​នៅក្នុង​ស្រុក​កោះ​ញែក ត្រូវបាន​គេ​ដឹង​យកទៅលក់​យ៉ាង​រលូន​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៥ ហើយ​អស់ទាំង​ស្រុង​នៅ​សប្ដាហ៍​ទី​១ ខែមករា ឆ្នាំ​២០១៦​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឧកញ៉ា វី​ដា និង​ឧកញ៉ា សេង ប៊ុន​ថៃ គឺជា​អ្នក​ឃុបឃិត​គ្នា​លក់​ឈើ​និង​ដឹកឈើ​នោះ​ចេញពី​ស្រុក​កោះ​ញែក ហើយ​មាន​ពាក់ព័ន្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ពុករលួយ​ផងដែរ​។ ក្នុងនោះ​លោក ឈួន សិរី​វឌ្ឍន៍ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​កោះ​ញែក ត្រូវបាន​គេ​ដឹងថា គឺជា​អ្នក​ឃុបឃិត​ជាមួយ​ឈ្មួញ​ឈ្មោះ វី​ដា និង សេង ប៊ុន​ថៃ ក្នុងការ​កាប់​ឈើ ដឹកជញ្ជូន​ឈើ ចេញពី​មូលដ្ឋាន​ស្រុក​កោះ​ញែក តាម​អំពើ​ចិត្ត​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​នៅតែ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​មូលដ្ឋាន​របស់​ពួកគាត់​យ៉ាង​គគ្រឹកគគ្រេង​ដូច​កាលពីមុន​ដដែល ហើយ​ឧកញ៉ា សេង ប៊ុន​ថៃ គឺជា​មេខ្លោង​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ធំជាងគេ​នៅក្នុង​ស្រុក​កោះ​ញែក​។ ជាមួយគ្នានេះ​មានការ​សង្ស័យថា លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក វង់ សុក្រ​សិរី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០០២​របស់​រដ្ឋាភិបាល​។ ដូច្នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក​ជាបន្ទាន់ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​នេះ គឺជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​ដើម្បី​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​៕

Pic43