ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​មានការ​ផ្ដន្ទាទោស​តាមច្បាប់​ទៅលើ​អធិការនគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​

​អធិការនគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង លោក ពុំ កាន់ ត្រូវបាន​ចាប់ខ្លួន​ក្រោយពេល​មានការ​ផ្ទុះអាវុធ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ក្នុងពេល​ចុះបង្ក្រាប​សង្វៀន​បញ្ជល់មាន់​មួយកន្លែង​ក្នុងភូមិ​តង​ឡង​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​។ ប្រជាពលរដ្ឋនៅក្នុង​ភូមិ​កើតហេតុ​បានលើកឡើង​ថា លោក ពុំ កាន់ មាន​ភាព​សាហាវព្រៃផ្សៃ​បំផុត​នៅពេល​ចុះបង្ក្រាប​សង្វៀន​បញ្ជល់មាន់​នោះ ដោយបាន​បាញ់ប្រហារ​ទៅលើ​ប្រជាពលរដ្ឋ​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។

ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​ស្ថាប័ន​តុលាការ ចាត់វិធានការ​ដាក់ទោស​លោក ពុំ កាន់ ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ព្រោះ​គ្រាន់តែ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​សោះ គាត់​បាន​ប្រើ​កាំភ្លើង​បាញ់ប្រហារ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់បាត់​បង់ជីវិត​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ប្រជាពលរដ្ឋ​បាន​រិះគន់​យ៉ាងខ្លាំង​ក្លា​ទៅលើ​ទង្វើ​ដ៏​សាហាវយង់ឃ្នង​របស់លោក ពុំ កាន់ ហើយ​តុលា​ការគួរ​កាត់ទោស​ពីបទ​ឧក្រិដ្ឋ​ដែល​ជននេះ​ប្រព្រឹត្ត​។ ប្រសិនបើ​មានការ​បន្ធូ​បន្ថយទោស​ឬ​យ៉ាងណា​នោះ គឺ​បង្ហាញថា​វប្បធម៌​គ្មាន​ទោសពៃរ៍​នៅតែ​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ស្លូតត្រង់​រងគ្រោះ​រហូត​។

​ប្រភពពី​សមត្ថកិច្ច​ក្នុង​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ លោក ពុំ កាន់ អធិការនគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​មាន​បញ្ជល់មាន់ និង​អាប៉ោង​នៅ​ភូមិ​តង​ឡង​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ នៅក្នុងពេល​បង្ក្រាប​នោះគេ​ឃើញ​លោក ពុំ កាន់ ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាញ់​ឡើងលើ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​គ្រាប់កាំភ្លើង​នោះ​ផ្លាត​ទៅ​ត្រូវ​បុរស​ម្នាក់​ដែល​កំពុង​ឈរ​កាន់​កូន​បណ្ដាល​ឲ្យ​ដួល​ស្លាប់​មួយ​រំពេច​។ តែ​ប្រភព​ខ្លះ​អះអាងថា លោក ពុំ កាន់ បាញ់​ទៅលើ​បុរស​នោះ​យ៉ាង​សាហាវ​ធ្វើ​ឲ្យ​បុរសរងគ្រោះ​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែងកើតហេតុ​។ បន្ទាប់មក​លោក ពុំ កាន់ ត្រូវបាន​ឃាត់ខ្លួន​យកមក​ឃុំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដើម្បី​ចាត់វិធានការ​តាមច្បាប់ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​មានការ​ផ្តន្ទាទោស​លោក ពុំ កាន់ តាមច្បាប់​៕

maxresdefaultលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ