ធនាគារ​ប្រ៊ែ​ដ​របស់​បារាំង គ្រោង​បើក​សាខា​ថ្មី​នៅ​កម្ពុជា នា​ចុងឆ្នាំ​២០១៦

ភ្នំពេញ: រដ្ឋមន្ត្រី​ស្តីទី នៃ​ក្រសួងពាណិជ្ជកម្ម លោក កឹម ស៊ីថន បានប្រកាស​ស្វាគមន៍​ចំពោះ​លោក Olivier Klein នាយក​ប្រតិបត្តិ​ធនាគារ​ប្រ៊ែ​ដ ដែលមាន​បំណង​ចង់​បើក​សាខា​ថ្មី​នៃ​ធនាគារ​ប្រ៊ែ​ដ (BRED Bank) នៅ​កម្ពុជា នា​ចុងឆ្នាំ​២០១៦​។ ធនាគារ​ប្រ៊ែ​ដ (BRED Bank) ជា​ធនាគារ​នៃ​សាធារណរដ្ឋ​បារាំង​។​

​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​១៤​ខែមករា​នេះ បានប្រកាសថា នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ លោក កឹម ស៊ីថន រដ្ឋមន្ត្រី​ស្តីទី នៃ​ក្រសួងពាណិជ្ជកម្ម តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ធនាគារ​ប្រ៊ែ​ដ (BRED Bank) ដែល​ដឹកនាំ​ដោយ លោក Olivier Klein នាយក​ប្រតិបត្តិ​ធនាគារ​ចូលជួប​សម្តែង​ការគួរសម​។​

​លោក កឹម ស៊ីថន បាន​សំដែង​ការស្វាគមន៍ និង​ថ្លែងអំណរគុណ​ដល់​លោក Olivier Klein ដែល​បាន​ដឹកនាំ​សហការី មក​ទស្សនកិច្ច​នៅ​ក្រសួងពាណិជ្ជកម្ម​។ គោលបំណង​នៃ​កិច្ចពិភាក្សា គឺ​ដើម្បី​ជម្រាប់ជូន​ពី​ការបើក​សាខា​ថ្មី នៃ​ធនាគារ​មួយ​នេះ ដែលជា​ធនាគារ​ធំ​មួយ ក្នុងចំណោម​ធនាគារ​ធំៗ​នៅ​អឺរ៉ុប​។ លោក​រដ្ឋមន្ត្រី​ស្តីទី បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​ការរីកចម្រើន នៃ​សេដ្ឋកិច្ច​នៅ​កម្ពុជា និង​ការរីកដុះដាល គួរ​ឲ្យ​គត់​សម្គាល់ នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​លោក Olivier Klein បាន​ជម្រាបជូន​ថា​អំពី​សារៈសំខាន់ នៃ​វត្តមាន​សាខា​ធនាគា​ប្រ៊ែ​ដ ក្នុង​តំបន់​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​លោក​រំពឹងទុក​ថា​ធនាគារ​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​កម្ពុជា នា​ចុងឆ្នាំ​២០១៦​។ លោក​បាន​ជម្រាបជូន​បន្ថែមទៀតថា សេវា​សំខាន់​របស់​ធនាគារ គឺ​ការផ្តល់​ហិរញ្ញប្បទាន ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក ដើម្បី​សម្រួល​ដល់​លទ្ធភាព​ក្នុង​ការនាំ​ទំនិញ​ចេញចូល​។​

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី​ស្តីទី បាន​មានប្រសាសន៍ថា វត្តមាន​ធនាគារ​ប្រ៊ែ នឹងចូលរួម​ចំណែក ទាក់ទាញ ការបណ្តាក់ទុន​វិនិយោគ​បន្ថែមទៀត ពី​សហភាព​អឺរ៉ុប​។ លោក​រដ្ឋមន្ត្រី​ស្តីទី បាន​គូសបញ្ជាក់​អំពី​តួនាទី​សំខាន់ របស់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​។ លោក​ក៏បាន សម្តែង​ក្តីសង្ឃឹម​យ៉ាង​មុតមាំ ថា​ការដាក់បញ្ចូល សាខា​ថ្មី​របស់​ធនាគារ​នេះ នៅ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា នឹង​ស្តែង​ឲ្យ​ឃើញថា យើង​មាន​ធនធាន និង​ការផ្គត់ផ្គង់ ផ្នែក​ហិរញ្ញប្បទាន​ដ៏​សំខាន់ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​៕

ធនាគារ​ប្រ៊ែ​ដ​របស់​បារាំង គ្រោង​បើក​សាខា​ថ្មី​នៅ​កម្ពុជា នា​ចុងឆ្នាំ​២០១៦

ធនាគារ​ប្រ៊ែ​ដ​របស់​បារាំង គ្រោង​បើក​សាខា​ថ្មី​នៅ​កម្ពុជា នា​ចុងឆ្នាំ​២០១៦