ផ្លូវរថភ្លើង ប្រវែង ៦,៥គីឡូម៉ែត្រ ពីក្រុងប៉ោយប៉ែត ភ្ជាប់ព្រំដែនថៃ ចាប់ផ្តើមស្ថាបនា នៅចុងសប្តាហ៍នេះ

ភ្នំពេញ៖ កំណាត់ផ្លូវរថភ្លើងប្រវែង ៦,៥គីឡូម៉ែត្រ នៅក្រុងប៉ោយប៉ែត ភ្ជាប់ព្រំដែនថៃរួម និងស្ថានីយ២កន្លែងទៀត នៅក្នុងខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមស្ថាបនាហើយ នៅចុងនៅចុងសប្តាហ៍ទី២ ក្នុងខែមករានេះ។ ការចាប់ផ្តើនស្ថាបនានេះ គឺបន្ទាប់ពីអាជ្ញាធរ បានដោះស្រាយ ផលប៉ះពាល់ជាមួយប្រជាពលរដ្ឋរួចរាល់។ នេះបើតាមការចុះផ្សាយព័ត៌មាន របស់ទីភ្នាក់ងារព័ត៌មានកម្ពុជា ដែលហៅកាត់ថា AKPនៅថ្ងៃនេះ។

លោក អ៊ួន សុង អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំពិភាក្សា អំពីបញ្ហាការដាក់ឱ្យដំណើរការ ស្ថាបនាកំណាត់ផ្លូវរថភ្លើង នៅសាលាក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះថា ក្រុមមន្ត្រីជំនាញ នឹងចាប់ផ្តើមដំណើរការស្ថាបនា ផ្លូវដែកនេះដោយបង្កើនគ្រឿងចក្រ រួមទាំងពេលសាងសង់ នៅពេលយប់ ដើម្បីធ្វើយ៉ាងណា ឱ្យសម្រេចតាមផែនការ ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យដំណើរ ការផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែតទៅកាន់ រាជធានីភ្នំពេញនៅ ដំណាច់ឆ្នាំ២០១៦។ដោយឡែកស្ថានីយរថភ្លើងប៉ោយប៉ែត និងស្ថានីយរថភ្លើង ក្រុងសិរីសោភ័ណនឹងធ្វើឱ្យរួចរាល់ទៅតាមផែនការផងដែរ។ ជាមួយនោះ លោកក៏បានសំណូមដល់អាជ្ញាធរខេត្តក្រុង ជួយសម្រួលការងារនៅតំបន់ រង្វង់មូលប៉ោយប៉ែត ដែលផ្លូវរថភ្លើងត្រូវ ចាក់គ្រឹះ និងផ្លូវបេតុង ដូច្នេះអាជ្ញាធរគួរពិនិត្យមើល ខ្សែអេឡិត្រូនិចនានា ដែលស្ថិតនៅក្បែនោះ ហើយក្រុមការងារយើង នឹងដាក់កម្លាំងបន្ថែមទៀតផងដែរ។

លោកអនុរដ្ឋលេខាធិការរូបនេះ មានប្រសាសន៍បន្តថា “ការស្ថាបនាផ្លូវរថភ្លើងតភ្ជាប់ រវាងកម្ពុជា-ថៃ នេះពិតជាមានសារប្រយោជន៍ណាស់ ក្នុងការចរាចរដឹកជញ្ជូនទំនិញ ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសដើម្បី ជួយជំរុញលើការអភិវឌ្ឍ វិស័យសេដ្ឋកិច្ច និងវិស័យនានាសំដៅជួយ បង្កើនជីវភាពប្រជាពលរដ្ឋនៃ ប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត”។

លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ បានសម្តែងការប្តេជ្ញាចិត្ត ប្រឹងប្រែងសហការជាមួយ ក្រុមការងារដើម្បីស្ថាបនាផ្លូវដែក និងសម្របសម្រួលរាល់ការងារទាំងអស់។ លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ហើយត្រូវបានដោះស្រាយរួចនោះ សូមមេត្តាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីស្ថាបនា ផ្លូវដែកឱ្យបានរួចរាល់ឆាប់រហ័ស៕