អ្នក​ជំនាញ​បង្ហាញ​ពី​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​មួយ ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដែល​មាន​ប្រតិកម្ម​ពី​ពលរដ្ឋ បន្ទាប់​ពី​សមត្ថកិច្ច​រឹត​បន្តឹង​ច្បាប់​នេះ​នៅ​តាម​ដង​ផ្លូវ ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦។ នៅ​គ្រា​ដែល​មាន​ការ​កែប្រែ​ច្បាប់​នេះ អ្នក​ជំនាញ​ថា ខ្លឹមសារ និង​ទោស​បញ្ញត្តិ​ខ្លះ​មាន​ភាព​ប្រសើរ​ហើយ ប៉ុន្តែ​លំបាក​អនុវត្ត​ក្នុង​សង្គម​ខ្មែរ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ឬ​រង​របួស ហើយ​អ្នក​បង្ក​រត់​គេច​ខ្លួន គឺ​បង្ហាញ​ពី​ភាព​មិន​ទទួល​ខុស​ត្រូវ និង​មិន​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន។ ភាព​មិន​ទុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ ឬ​អ្នក​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ពេល​ខ្លះ​ហ្វូង​មនុស្ស​តែង​តែ​បង្កើត​តុលាការ​ដោយ​ខ្លួន​ឯង​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ដើម្បី​វាយ​បក​ទៅ​អ្នក​បង្ក​គ្រោះថ្នាក់ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ភាគ​ច្រើន​ភ័យ​ខ្លាច ហើយ​រត់​គេច​ខ្លួន។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា មាន​ប្រសាសន៍​ថា បើ​អ្នក​បង្ក​គ្រោះថ្នាក់​មិន​ខ្លាច​ហ្វូង​មនុស្ស​វាយ​ធ្វើ​បាប​នៅ​នឹង​កន្លែង​កើត​ហេតុ​នោះ​ទេ គឺ​ជា​រឿង​មួយ​ប្រសើរ ដែល​អ្នក​បង្ក​មាន​ឱកាស​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​តាម​រយៈ​ការ​សង្គ្រោះ​បឋម ឬ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ លោក​ថា ការ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​រឿង​សំខាន់ ហើយ​ការ​វែក​ញែក​រក​យុត្តិធម៌ អាច​ធ្វើ​នៅ​ពេល​ក្រោយ៖ «ហើយ​ទី​២ តុលាការ​ត្រូវ​តែ​ផ្ដល់​ទោស​ទណ្ឌ​ទៅ​តាម​ច្បាប់​ចរាចរណ៍ គឺ​ទោស​អតិបរមា​សម្រាប់​អ្នក​ណា​ដែល​បង្ក​គ្រោះថ្នាក់ ហើយ​រត់​គេច។ អ៊ីចឹង​បើ​ការ​អនុវត្ត​បាន​ត្រឹមត្រូវ អាច​នឹង​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការ​បើក​បុក​គេ​ហើយ​រត់ នឹង​មាន​ការ​កាត់​បន្ថយ​នៅ​ប្រទេស​កម្ពុជា យើង​នេះ»

មាត្រា​៨៣ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ចែង​ថា ជន​ណា​ដែល​បើកបរ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទបញ្ញត្តិ​ចរាចរណ៍​ផ្លូវ​គោក​តម្រូវ បណ្ដាល​ឲ្យ​មាន​របួស​អ្នក​ដទៃ ហើយ​បណ្ដាល​ឲ្យ​អ្នក​រងគ្រោះ​អសមត្ថភាព​ការងារ​រយៈពេល​ស្មើ ឬ​លើស​ពី ៨​ថ្ងៃ គិត​ពី​ថ្ងៃ​កើត​ហេតុ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ទៅ ១០​លាន​រៀល។

អ្នក​បង្ក​អាច​ផ្ដន្ទាទោស​ដោយ​ទោស​បន្ថែម​មួយ ឬ​ច្រើន ដូច​មាន​ចែង​ក្នុង​មាត្រា​៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ ដូចជា​ករណី​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ ក្នុង​បំណង​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ។

អ្នក​វិភាគ និង​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ថ្លែង​ថា បច្ចុប្បន្ន កម្ពុជា មិន​អាច​ធានា​លើ​ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ ដោយសារ​តែ​ពលរដ្ឋ​លែង​ទុក​ចិត្ត​លើ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ។ លោក​គិត​ថា រដ្ឋាភិបាល​ត្រូវ​ធ្វើ​ឲ្យ​ពលរដ្ឋ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​បញ្ចៀស​ការ​វាយ​សម្លាប់ ឬ​ឲ្យ​រង​របួស​ដល់​អ្នក​បើកបរ​ពី​សំណាក់​ហ្វូង​ប្រជាពលរដ្ឋ៖ «ប្រជាជន​យើង​ភាគ​ច្រើន​កាល​ណា​បុក​គោ​គាត់ ជ្រូក​គាត់ បុក​កូន​គាត់ បុក​បង​ប្អូន​គាត់ គឺ​អត់​ទាន់​រក​ខុស​ត្រូវ​ទេ គាត់​ប្រមូល​គ្នា​ទៅ​វាយ​ធ្វើ​បាប ជួន​កាល​រហូត​ដល់​ស្លាប់ ហើយ​បាន​ប្ដឹង​ទៅ​ប៉ូលិស ហើយ​អត់​ទុក​ចិត្ត​ប៉ូលិស អត់​ទុក​ចិត្ត​ប្រព័ន្ធ​តុលាការ»

ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​របួស និង​ស្លាប់ ហើយ​អ្នក​បង្ក​គេចវេះ​ក្នុង​គោល​បំណង​មិន​ទទួល​ខុស​ត្រូវ មាន​ច្រើន​ករណី ដែល​មាន​ទាំង​មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​បង្កើត​ច្បាប់​ទៀត​ផង។ សារព័ត៌មាន និង​បណ្ដាញ​សង្គម​យូធូប (YouTube) បាន​ចុះ​ផ្សាយ​អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​របស់ លោក ជាម យៀប កាល​ពី​ចុង​ឆ្នាំ​២០១៣ ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បើក​ឡាន​គេច។

រថយន្ត​របស់ លោក ជាម យៀប បាន​បើក​បុក​គេ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែ​វិច្ឆិកា នៅ​ចំណុច​ស្ពាន​ព្រែក​យួន ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បណ្ដាល​ឲ្យ​បុរស​ឈ្មោះ មឿន ថា អាយុ ២៦​ឆ្នាំ​ជា​ប្ដី​របួស​ធ្ងន់ និង​ប្រពន្ធ​ឈ្មោះ ពិន សុភា មាន​ផ្ទៃពោះ ២​ខែ ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត។ ក្រោយ​ពី​រត់​គេច​ក្នុង​ហេតុការណ៍​កាល​ណោះ លោក ជាម យៀប បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​តាម​រយៈ​មេធាវី ដោយ​ផ្ដល់​សំណង​ជូន​គ្រួសារ​រងគ្រោះ។ ការ​វិល​មក​ទទួល​ខុស​ត្រូវ​វិញ​នេះ គឺ​នៅ​បន្ទាប់​ពី​មាន​ការ​រិះគន់​ជាច្រើន​ពី​សាធារណជន អំពី​ការ​គេចវេះ​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​នៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ​នេះ។

អ៊ា ចរិយា ៦២០
នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៦។

ព្រះរាជក្រម​បាន​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដែល​រដ្ឋសភា​អនុម័ត​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៤ នា​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣ នីតិកាល​ទី​៥ ហើយ​ព្រឹទ្ធសភា បាន​ពិនិត្យ​ចប់​សព្វគ្រប់​លើ​ទម្រង់ និង​គតិ​ច្បាប់​នេះ​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤ នា​សម័យ​ប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៣។ ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ មាន ១២​ជំពូក និង ៩២​មាត្រា ហើយ​មាន​ការ​កែប្រែ​លើ​ខ្លឹមសារ និង​ការ​ផាក​ពិន័យ​មួយ​ចំនួន គឺ​ខុស​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ចាស់​ឆ្នាំ​២០០៧។

យ៉ាង​ណា ទាំង លោក កែម ឡី និង​នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា រិះគន់​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ថា​ច្បាប់​ថ្មី​នេះ​តាក់​តែង​ឡើង​ដោយ​គ្មាន​ការ​បើក​ចំហ និង​មិន​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​ពិត​ប្រាកដ។ ការ​ចែង​នៅ​ក្នុង​មាត្រា​ខ្លះ មិន​ត្រូវ​ទៅ​នឹង​ស្ថានភាព​របស់​ប្រទេស​កម្ពុជា ដែល​បង្ក​ការ​លំបាក​ដល់​ដំណើរ​ការ​អនុវត្ត​ជាក់ស្ដែង ហើយ​ត្រូវ​ចំណាយ​ពេល​ធ្វើ​វិសោធនកម្ម​ថ្មី​ទៀត។

លោក អ៊ា ចរិយា ថា​ការ​ដែល​មិន​បាន​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ឲ្យ​ទូលាយ​កាល​ពី​កន្លង​ទៅ ទើប​នៅ​ពេល​អនុវត្ត​មាន​ការ​រអាក់រអួល។ លោក​ចង់​ឃើញ​ច្បាប់​នេះ​មាន​ការ​កែលំអ​កាន់​តែ​ប្រសើរ៖ «ជា​សំណូមពរ​របស់​ខ្ញុំ សូម​ឲ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ដោយ​មាន​ការ​បើក​ចំហ​ឲ្យ​អ្នក​ជំនាញ និង​អ្នក​ពាក់ព័ន្ធ បាន​ចូលរួម​ពិគ្រោះ​យោបល់​ទាំងអស់​គ្នា ដើម្បី​ឲ្យ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ហ្នឹង ត្រូវ​ទៅ​នឹង​ស្ថានភាព និង​តម្រូវ​ការ​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ»

ត្រង់​ចំណុច​នេះ អ្នក​វិភាគ​បញ្ហា​សង្គម លោក កែម ឡី យល់​ថា ចាប់​ពី​ពេល​នេះ​ទៅ រដ្ឋាភិបាល​ត្រូវ​ការ​ពេលវេលា​មួយ ដើម្បី​ពង្រឹង​ទំនុក​ទុក​ចិត្ត​របស់​ពលរដ្ឋ​លើ​ប្រព័ន្ធ​រដ្ឋបាល ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធ និង​ទំនុក​ទុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ។ លោក​ថា បើ​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ទំនុក​ទុក​ចិត្ត នោះ​ពលរដ្ឋ​ខ្មែរ​លែង​ប្រើ​អំពើ​ហិង្សា ហើយ​អ្នក​ដែល​ប្រព្រឹត្ត​ខុស ក៏​សុខ​ចិត្ត​ទទួល​ទោស​តាម​ច្បាប់​ដែរ៖ «មូលហេតុ​ធំ​មាន​បី គឺ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ពេល​បើកបរ។ អ៊ីចឹង​ត្រូវ​ទៅ​រៀបចំ​ច្បាប់​គ្រឿង​ស្រវឹង​ឲ្យ​មាន​ប្រសិទ្ធភាព។ ទី​២ រឿង​ល្បឿន​អ៊ីចឹង ច្បាប់​ត្រូវ​សង្កត់​ធ្ងន់​ទៅ​លើ​រឿង​ល្បឿន និង​បញ្ហា​ទី​៣ គឺ​ដោយសារ​ស្ថានភាព​ផ្លូវ»

របាយការណ៍​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បង្ហាញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ជិត ៥​ពាន់​លើក (៤.៥៩៥​ករណី) ដែល​តួលេខ​នេះ​កើន​ជាង​ឆ្នាំ​២០១៤ ដែល​កាល​ណោះ​មាន​ជាង ៤​ពាន់​លើក (៤.១០១​ករណី)។

បើ​ទោះ​បី​ជា​គេ​មិន​ដឹង​ថា ករណី​បុក​ហើយ​រត់​គេច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​បន្ថែម​ទៀត​ដោយ​អ្នក​បង្ក​តែ​មួយ​នោះ របាយការណ៍​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៥ មាន​ជាង ២​ពាន់​នាក់ (២.២៦៥​នាក់) និង​របួស​ជិត ៨​ពាន់​នាក់ (៧.៥១០​នាក់)។ តួលេខ​នេះ កើន​ឡើង​ជាង​ឆ្នាំ​២០១៤ ដែល​មាន​អ្នក​ស្លាប់​ជិត ២​ពាន់​នាក់ (១.៦៧៥​នាក់) និង​របួស​ជិត ៦​ពាន់​នាក់ (៥.៩៥៨​នាក់)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។