ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ជនសង្ស័យ​៥​នាក់​ត្រូវ​ចាប់​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១៣ មក​រា ទាក់ទិន​នឹង​ការ​វាយប្រហារ​អត្តឃាត​ជា​ស្នាដៃ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​សំដៅ​ជា​លើក​ដំបូង​នៅ​ប្រទេស​តួ​ក​គី​លើ​ពួក​អ្នកទេសចរ​បរទេស ហើយ​បណ្តាល​ឱ្យ​អ្នកទេសចរ​ជនជាតិ​អា​ល្លឺ​ម៉​ង់​ស្លាប់​១០​នាក់​នៅ​ទីក្រុង​អីុស្តង់​ប៊ុល ។

យោង​តាម​អាជ្ញាធរ​តួ​ក​គី​ថា ការ​វាយប្រហារ​ថ្មី​នេះ ប្រព្រឹត្ត​ដោយ​បុរស​អាយុ​២៨​ឆ្នាំ​ម្នាក់ ដែល​ទើប​ចូល​ក្នុង​ដែនដី​តួ​ក​គី​ប៉ុន្មាន​ថ្ងៃមុន​នេះ មក​ពី​ស៊ី​រី​ធ្វើខ្លួន​ជា​ជនអន្តោប្រវេសន៍​ធម្មតា​ម្នាក់ ។

កាលពី​ថ្ងៃ​ទី​១៣ មក​រា នាយក​រដ្ឋមន្ត្រី​តួ​ក​គី លោក AHMET DAVUTONGLU ប្រកាស​ថា បន្ទាប់​ពី​កិច្ចប្រជុំ​ខាង​សន្តិសុខ​មួយ​មក ប៉ូលិស​ចាប់ខ្លួន​មនុស្ស​៤​នាក់​ទៀត ធ្វើ​ឱ្យ​ចំនួន​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​ឡើង​ដល់​៥​នាក់​ហើយ​ក្រោយ​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​មក​។ ចំណែក​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក EFKAN ALA គូសបញ្ជាក់​នា​ពេល​មុន​នេះ​ថា មនុស្ស​ម្នាក់​ត្រូវ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១២ មក​រា ទាក់ទិន​ជាមួយ​ការ​វាយប្រហារ​ភេរវកម្ម​នោះ ។

លោក DAVUTOGLU អះអាង​ថា ជន​អត្តឃាត​អាច​ចូល​មក​ក្នុង​ដែនដី​តួ​ក​គី​ដូច​ជនអន្តោប្រវេសន៍​ធម្មតា​ម្នាក់​ក្នុង​ចំណោម​ជនភៀសខ្លួន​ប្រមាណ​ជា​២,៥​លាន​ដែល​ចាក​ចេញពី​ប្រទេស​ពួក​គេ​កំពុង​កើតសង្គ្រាម​ឆ្លងកាត់​ព្រំដែន​ប្រទេស​ជិតខាង ។

យោង​តាម​បណ្តាសារ​ព័ត៌មាន​តួ​ក​គី​ថា អ្នក​វាយប្រហារ​នៅ​ទីក្រុង​អីុស្តង់​ប៊ុល​នេះ​មានឈ្មោះ​ថា NABIL FALDI កើត​ឆ្នាំ​១៩៨៨ នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ហើយ​ចូល​មក​តូ​ក​គី​កាលពី​ថ្ងៃ​ទី​៥ មក​រា ។ សារព័ត៌មាន​គូសបញ្ជាក់​នា​ថ្ងៃ​ទី​១៣ មក​រា ថា ដោយសារ​ប្រ​យ៉ៅ​ដៃ​របស់​គេ​ឱ្យ​ផ្តិត​ដោយ​ភ្នាក់ងារ​អន្តោប្រវេសន៍ ទើប​អាច​កំណត់​អត្តសញ្ញាណ​ជន​នេះ​ដោយ​រហ័ស ។

ការ​វាយប្រហារ​នៅ​ទីក្រុង​អីុស្តង់​ប៊ុល សំដៅលើ​អ្នកទេសចរ​អា​ល្លឺ​ម៉​ង់​មួយ​ក្រុម ដែល​មក​ទស្សនា​ស្រុក SULTANAHMET ស្ថិត​នៅ​ក្បែរ​ព្រះ​វិហារ​គ្រិស្ត SAINTE SOPHIE និង​ព្រះ​វិហារ​អ៊ិ​ស្លា​ម​ពណ៌​ខៀវ ដែល​ជា​វិមាន​២​ទាក់ទាញ ពួក​អ្នកទេសចរ​បំផុត​នៅ​ទីក្រុង​អីុ​ស្តង់​ប៊ុល​ជាទី​ក្រុង​ធំ​បំផុត​របស់​តួ​ក​គី ។ ក្រៅពី​មនុស្ស​ស្លាប់​១០​នាក់ មនុស្ស​១៧​នាក់​ទៀត​រង​របួស ៕