ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រា​ជ​ធានី​ភ្នំពេញ ៖ Global Alumni Convention មិន​ត្រឹម​ជា​ការ​ជួបជុំ​បញ្ញវន្ត​ខ្មែរ​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់ឧត្តម​នៅ​តាម​ប្រទេស​ធំ​ៗ និង​មាន​បច្ចេកវិជ្ជា​ទំនើប​នោះ​ទេ តែ​ការ​ចូលរួម​របស់​បញ្ញវន្ត​ក្នុង​ព្រឹត្តិការណ៍​ខាង​មុខ​នេះ ហើយ​ក៏​ជា​ឱកាស​ដែល​អាច​ទទួល​បាន​បញ្ញវន្ត​នៅ​ក្នុងស្រុក​ធ្វើការ​រួម​គ្នា ស្រប​ពេល​ធនាគារ ABA មាន​យុទ្ធសាស្ត្រ​ពង្រីក​ខ្លួន និង​ត្រូវការ​ធនធានមនុស្ស​ដើម្បី​អភិវឌ្ឍន៍  ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​អ្នកស្រី ចាប ច័ន្ទ​ឌី​ណា ប្រធាន​ទំនាក់ទំនង​សាធារណៈ​នៃ​ធនាគារ​ABA  ។

មាន​ប្រសាសន៍​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​២ នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់ នា​ព្រឹក​ថ្ងៃ​ទី​១៣ មក​រា អ្នកស្រី ចាប ច័ន្ទ​ឌី​ណា មាន​ប្រសាសន៍​ថា ៖ « វេទិកា​សន្និបាត​ពិភពលោក​លើក​ទី​២​នេះ បាន​ចូលរួម​ចំណែក​ជជែក​ពិភាក្សា​ផ្តោត​លើ​បញ្ហា​ជា​ច្រើន ហើយ​ព្រឹត្តិការណ៍​នេះ​ក៏​បាន​ចូលរួម​ជំរុញ​ដំណោះស្រាយ​ជា​វិជ្ជមាន​ក្នុង​ការ​ដោះស្រាយ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​។ ក្នុង​នោះ​ធនាគារ ABA ដែល​ជា​ស្ថាប័ន​ផ្តល់​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ នឹង​ទទួល​បាន​ឱកាសល្អ​មួយ​ដើម្បី​ឲ្យ​សម្លឹង​រក​ដៃគូ និង​ពង្រីក​បណ្តាញ​ជាមួយ​សហគ្រិន​ដែល​ជា​បញ្ញវន្ត​ខ្មែរ​។ លើស​ពី​នេះ​ទៀត អាច​ឲ្យ​យើង​បង្ហាញ​ពី​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​អតិថិជន​គោលដៅ ក៏​ដូច​ជា​អតិថិជន​ផ្សេង​ទៀត​ផង​ដែរ » ។

នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​អេ​មើ​រ៉ិល​ផ្លាស អ្នកស្រី ជា សុ​ផល្លា មាន​ប្រសាសន៍​ថា ៖ « ការ​ជួបជុំ​នេះ វា​ត្រឹមតែ​ជា​ការ​ជួបជុំ​ថ្នាក់​បញ្ញវន្ត​នោះ​ទេ នៅ​មាន​វាគ្មិន​មក​ពី​ក្រុមហ៊ុន​ធំ​ៗ​មក​ចែករំលែក​ពី​បទ​ពិសោធន៍ ហើយ​ជា​វេទិកា​មួយ​សំខាន់​ផង​ដែរ ដែល​ធ្វើ​អ្នកចូលរួម​អាច​រៀន​ពី​អ្នកជំនាញ​ដើម្បី​យក​ទៅ​ធ្វើ​ជា​គំរូ​ក្នុង​ការ​ប្រកប​អាជីវកម្ម ក៏​ដូច​ជា​ចំណេះ​ទូទៅ​របស់​ពួក​គាត់​។ លើស​ពី​នេះ​ទៀត ជា​ការ​ធ្វើ​ទំនាក់ទំនង​មួយ​ជាមួយ​អ្នកចូលរួម​មក​ពី​ក្រៅប្រទេស ដើម្បី​ជា​ការ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ទៅ​ដល់​ពួក​គាត់ ឬ​យើង​អាច​សិក្សា​ពី​ប្រទេស​ពួក​គាត់​មក​វិញ ។ សន្និបាត​ពិភពលោក​ដែល​គ្រោង​នឹង​រៀបចំ​នា​ពេល​ខាង​មុខ វា​ជា​ឱកាស​មួយ​សម្រាប់​អ្នក​ធ្វើ​អាជីវកម្ម​អាច​ជួប​ធនធានមនុស្ស​មក​ពី​គ្រប់​តំបន់ និង​អាច​ទទួល​បាន​ធនធានមនុស្ស​យក​មក​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​បាន​ផង​ដែរ » ។

លោក ម៉ៅ ស្រេង នាយក IDP Education ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ « ការ​ជួបជុំ​គ្នា​នៅ​ក្នុង​សន្និបាត​ពិភពលោក​លើក​ទី​២ នៅ​ឆ្នាំ​២០១៦​នេះ រវាង​បញ្ញវន្ត​ខ្មែរ​ដែល​រៀន​នៅ​ក្នុង និង​ក្រៅប្រទេស​មាន​ជំនាញ​ផ្សេង​គ្នា​ៗ​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍ និង​ព័ត៌មាន​ថ្មី​ៗ​ទាក់ទង​នឹង​វិស័យ​ផ្សេង​ៗ ។ ក្នុង​នោះ​ក៏​មានការ​ជជែក​គ្នា​អំពី​សមាហរណកម្ម​អាស៊ាន​ដែល​កម្ពុជា និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​ចូលរួម​កាលពី​ចុងឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ដើម្បី​ឲ្យ​ឃើញ​ថា សក្តានុពល​នៃ​សមាគម​ថ្មី​នេះ​ផ្តល់​មក​ប្រទេស​ជា​សមាជិក ក៏​ដូច​ជា​ប្រទេស​នៅ​ជុំវិញ​ទាក់ទង​នឹង​ការ​ប្រកួតប្រជែង ។ សន្និបាត​ពិភពលោក​នេះ ក៏​ផ្តល់​ឱកាស​ឲ្យ​អតីត​និស្សិត បញ្ញវន្ត​ជួប​ជាមួយ​អ្នកជំនួញ​ធំ​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ដើម្បី​ជជែក​គ្នា​អំពី​ឱកាស​ធ្វើ​ការងារ​ជាមួយ​គ្នា ឱកាស​បង្កើត​គម្រោង​កិច្ចសហការ​ថ្មី​ជាមួយ​គ្នា ដែល​អាច​នាំ​ឲ្យ​មានការ​រីក​ចម្រើន​ទាំង​វិស័យ​អប់រំ សុខាភិបាល បច្ចេកវិទ្យា និង​សារព័ត៌មាន ជាដើម » ។

លោក​បន្ត​ថា ៖ « នៅ​ថ្ងៃ​អនាគត ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​កិត្តិនាម​កេរ្តិ៍ឈ្មោះ​ទាក់ទង​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង ដែល​ប្រមូល​ឲ្យ​បាន​នូវ​ការ​ជួបជុំ​គ្នា​រវាង​អតីត​សមាគម​ជំនួញ និង​មន្ត្រីជាន់ខ្ពស់ ហើយ​សង្ឃឹមថា កិច្ច​ខិតខំ​ទាំង​អស់នេះ​នឹង​នាំ​កម្ពុជា​ឆ្ពោះទៅ​ការ​អភិវឌ្ឍ​ដែល​មាន​ល្បឿន​កាន់តែ​ល្អ​ជាង​មុន​លើ​គ្រប់​វិស័យ » ។

លោក​បន្ថែម​ទៀត​ថា ៖ « កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​យើង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​កំណើន​ល្អ ជា​មធ្យម​មាន​កម្រិត​ប្រហែល​៧%​ក្នុង​មួយ​ឆ្នាំ និង​ជា​កម្រិត​មួយ​ល្អ បើ​ប្រៀបធៀប​នឹង​ប្រទេស​នៅ​ក្នុង​តំបន់ ។ ប៉ុន្តែ​យើង​ត្រូវ​យកចិត្តទុកដាក់​ថា តើ​យើង​ត្រូវ​យកចិត្ត​ទុក និង​មាន​វិធានការ​យ៉ាងម៉េច​ដើម្បី​ថែរក្សា​នូវ​កម្រិត​កំណើន ក៏​ដូច​ជា​ព​ន្លឿ​ន​នៅ​កម្រិត​កំណើន​នេះ ខណៈ​ពេល​សព្វ​ថ្ងៃនេះ យើង​ពឹងផ្អែក​លើ​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់ ផលិតផល​កសិកម្ម ក៏​ប៉ុន្តែ​យើង​នៅ​មិន​ទាន់​អាច​នាំ​ចេញ​វត្ថុធាតុដើម ផលិតផល​សម្រេច​បាន​ច្រើន​ដូច​ប្រទេស​ជិតខាង​នៅឡើយ » ។

គូសបញ្ជាក់​ថា Global Alumni Convention (GAC) ២០១៦ រៀបចំ​ឡើងជា​ពីរ​ផ្នែក​គឺ ៖ ១-​ពិធី​បដិសណ្ឋារកិច្ច​បណ្ដាញ​ទំនាក់ទំនង​ផ្នែក​ធុរកិច្ច និង​ការ​អប់រំ នៅ​ល្ងាច​ថ្ងៃ​ទី​២៩ មក​រា និង​២-​សន្និបាត​ធំ​ដែល​នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​៣០ មក​រា ២០១៦ ។ ពិធី​បដិសណ្ឋារកិច្ច​បណ្ដាញ​ទំនាក់ទំនង​ផ្នែក​ធុរកិច្ច និង​ការ​អប់រំ នៅ​ថ្ងៃ​ទី​២៩ នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ។

ចំណែកឯ​សន្និបាត​ធំ​នៅ​ថ្ងៃ​ទី​៣០ មក​រា នឹង​ប្រកាស​បើក​ជា​ផ្លូវការ​ដោយ​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ។ លោក ហ៊ុន ម៉ា​ណែ​ត នឹង​អញ្ជើញ​ជា​កិត្តិយស​ក្នុង​ការ​ផ្តល់​អនុសាសន៍​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​ពិសេស ចំណែក​លោក ជា សុ​ផា​រា រដ្ឋមន្ត្រី ក្រសួង​អភិវឌ្ឍន៍ជនបទ ក៏​នឹង​អញ្ជើញ​ជា​កិត្តិ​- យស​ក្នុង​ការ​ផ្តល់​អនុសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​បិទ​សន្និបាត​ផង​ដែរ​។ គេ​រំពឹង​ថា អ្នកចូលរួម​ក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក​នឹង​មាន​ចំនួន​៥០០​នាក់​ក្នុងឆ្នាំនេះ ដែល​រួម​មាន​អ្នកជំនាញ​អ្នកដឹកនាំ​ពី​ជួរ​រដ្ឋាភិបាល និង​ស្ថាប័នឯកជន ៕