រដ្ឋមន្ត្រីការបរទេស​កម្ពុជា ជំរុញ​ឲ្យ​ហុង​គ្រី នាំចូល​ពី​កម្ពុជា​បន្ថែមទៀត​នូវ​សម្លៀកបំពាក់ ស្បែកជើង និង​អង្ករ

ភ្នំពេញ: ​បន្ទាប់ពី​កិច្ចប្រជុំ​ដោយ​បិទទ្វារ​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម ប្រទេស​ហុង​គ្រី លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ ( Péter Szijjártó ) កាលពី​ព្រឹក​ថ្ងៃទី​១៤​មករា​នេះ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា ហុង​គ្រី គ្រោង​នឹងដាក់​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម ប្រចាំ​នៅ​កម្ពុជា នាពេល​អនាគត នឹង​ជំរុញ​ថែមទៀត នូវ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ​បន្ថែមទៀត ជាមួយ​កម្ពុជា​។ ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​ហោ​ណាំហុង ក៏បាន​អះអាងថា លោក​បាន​ជំរុញ​ឲ្យ​ហុង​គ្រី នាំចូល​ពី​កម្ពុជា​បន្ថែមទៀត​នូវ​សម្លៀកបំពាក់ ស្បែកជើង និង​អង្ករ​។​

​លោក ហោ ណាំហុង បាន​មានប្រសាសន៍ថា "​ខ្ញុំ​បាន​សំណូមពរ ថា​យើង​បាន​នាំ​សម្លៀកបំពាក់ ស្បែកជើង វាយនភ័ណ្ឌ ព្រមទាំង​អង្ករ​ទៅ​អឺរ៉ុប​ច្រើន​ដែរ ហើយ​ក៏បាន​នាំទៅ​ប្រទេស​ហុង​គ្រី​ដែរ ហើយ​ខ្ញុំ​សង្ឃឹមថា ហុង​គ្រី​នឹង​ចូល​ថែមទៀត​ពី​កម្ពុជា នូវ​អង្ករ​យើង ដែល​ផលិត​កាន់តែ​ច្រើនឡើង ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ ហើយ​ដែល​នឹង​នាំទៅ​ក្រៅប្រទេស បាន​ច្រើន​ទៀត ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​។ ស្បែកជើង សម្លៀកបំពាក់ ខោអាវ ព្រមទាំង​អង្ករ​យើង​ថែមទៀត​"​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បន្តថា "​ឯកឧត្តម ( រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​របស់​ហុង​គ្រី ) បាន​សន្យាថា នឹង​ពិនិត្យ​ពិចារណា ហើយ​ថា ហុង​គ្រី​នឹង​នាំចូល​ពី​កម្ពុជា ជាពិសេស​អង្ករ និង​ផ្លែឈើ ព្រោះ​ឯកឧត្តម បាន​ប្រៀបធៀប​ផ្លែឈើ ផ្លែស្វាយ​មួយ នៅ​ភ្នំពេញ ថ្លៃ ១០០០ រៀល តែ​នៅ​ហុង​គ្រី ១ ដុល្លារ​។ ទៅ​អនាគត បើសិនជា​ក្រសួងទេសចរណ៍​យើង ធ្វើ​អ្វីមួយ​នៅ​ហុង​គ្រី នោះ​ឯកឧត្តម នឹង​ជំរុញ ហើយនឹង​ធ្វើយ៉ាងណា ឲ្យ​ប្រជាពលរដ្ឋ​ហុង​គ្រី កាន់តែ​យល់​ឡើង​អំពី​សក្កា​នុព​ល​ទេសចរណ៍​របស់​យើង ជាពិសេស​ប្រាសាទបុរាណ​របស់​យើង ដែល​បន្សល់ទុក​ដោយ​ព្រះមហាក្សត្រ​យើង រាប់ពាន់ រាប់រយឆ្នាំ មកហើយ​"​។

​សូម​រម្លឹកថា រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម របស់​ប្រទេស​ហុង​គ្រី លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ ( Péter Szijjártó ) បាន​ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា រយៈពេល ២ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ និង​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា បានប្រកាសថា ដំណើរ​ទស្សនកិច្ច​រប​ស់​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម ហុង​គ្រី រយៈពេល​ពីរ​ថ្ងៃ នៅ​កម្ពុជា នៅ​ថ្ងៃទី​១៣ និង​ថ្ងៃទី​១៤​មករា​នេះ ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់​ទំនងជា​ប្រពៃណី ដែលមាន​ស្រាប់ និង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ហុង​គ្រី​។​

​តាម​កម្មវិធី ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ នឹង​ជួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ម៉ោង ៤ ថ្ងៃទី​១៤​មករា​។​

​ជាមួយគ្នា​នោះ លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស នៅ​ព្រឹក​ថ្ងៃទី​១៤​មករា​នេះ​។ លោក​រដ្ឋមន្ត្រី ក៏​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃទី​១៤​មករា​នេះ​ផងដែរ​។ ក្រៅពីនេះ លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ ត្រូវ​អញ្ជើញ​ទៅ​ទស្សនា​អគារ​ពាណិជ្ជ​មេគង្គ​កម្ពុជា​-​ហុង​គ្រី ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​៕