ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​អ្នកនំាពាក្យក្រសួង​ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ​របស់ប្រទេសកម្ពុជា ​លោក ជុំ សុន្ទរី ​បានមានប្រសាសន៍នៅ​ប៉ុន្មាននាទីមុននេះថា ក្រសួង​ការបរទេសមិនទាន់​បានទទួលព័ត៌មានពីពលរដ្ឋខ្មែរ​នៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីនោះ​នៅឡើយទេ ​ហើយថាក្រសួងការបរទេស​កំពុងតាមដានប្រមូល​ព័ត៌មាន​និងតាមដានព្រឹត្តិ​ការណ៍បំផ្ទុះគ្រាប់ជា​បន្តបន្ទាប់នៅក្នុងទីក្រុងហ្សាកាតា ។

ការលើកឡើងរបស់អ្នកនំា​ពាក្យក្រសួងការបរទេសកម្ពុជាខាងលើនេះ​ បានធ្វើឡើងក្រោយប៉ុន្មាន​ម៉ោងប៉ុណ្ណោះបន្ទាប់ពីគ្រាប់ជាច្រើន​គ្រាប់បានត្រូវជនមិនស្គាល់​អត្តសញ្ញាណ​បំផ្ទុះជាបន្តបន្ទាប់ក្នុងទីក្រុងហ្សាកាតា ​ប្រទេសឥណ្ឌូនេស៊ី ​បណ្តាលឲ្យមនុស្សយ៉ាង​ហោចណាស់៦នាក់ស្លាប់ ​(ប៉ូលិស០៣នាក់) ។

ដោយឡែកពីប្រទេសឥណ្ឌូនេស៊ីនោះវិញ​ លោកប្រធានាធិបតីឥណ្ឌូនេស៊ី​ ចូកូ វីដូដូ​ បានលុបចោលដំណើរទស្សន​កិច្ចទៅកាន់ចាវ៉ា (Java) ​ភ្លាមៗ និង​ បើកកិច្ចប្រជុំបន្ទាន់​ជាមួយក្រុមសន្តិសុខជាតិ​ នៅប៉ុន្មាននាទីបន្ទាប់ពី​មានការបំផ្ទុះ​គ្រាប់បែក​អត្តឃាត ​ និង​ការបាញ់ប្រហារ​ពី​​ក្រុម​សកម្មប្រយុទ្ធ​មួយក្រុម​ប្រមាណ​ ១០​ទៅ​១៤​នាក់ ​ នៅក្បែរ​ផ្សារ​ទំនើប Sarinah ​​ស្ថិតនៅក្នុង​កណ្តាល​ក្រុង​​ហ្សា​កា​តា​ប្រទេស​ឥណ្ឌូនេស៊ី​ ​បណ្តាលឲ្យមនុស្សយ៉ាង​ហោចណាស់ស្លាប់០៦នាក់ ៕