លក់​សាំង​ពេលយប់ អុច​ទៀន​បំភ្លឺ វាល់​ចាក់​សាំង​ចាក់​ឲ្យ​គេ​ត្រូវបាន​ភ្លើង​ឆាបឆេះ​ពន្លត់​មិនទាន់ រាល​ឆេះ​ផ្ទះ​ម៉ត់​គ្មាន​សល់​

​ខេត្តមណ្ឌលគិរី​៖ លោក ឈិន​ឆៃ បឿន អាយុ​៤៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សឿន ហ៊ុំ អាយុ​៣៥ ជា​ជនជាតិ​ព្នង ដែល​ផ្ទះ​របស់គាត់ ត្រូវបាន​ភ្លើង​ឆេះ អស់​គ្មាន​សល់ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែមករា ត្រង់ចំណុច​ភូមិ​ស្រែ​ល្វី ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី បានទទួល​អំណោយ​សប្បុរស​ធ​ម៍​ពី កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃទី ១២ ខែមករា​នេះហើយ​។

​ក្រុមគ្រួសារ​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ បានអោយដឹងថា ផ្ទះ​គាត់​មាន​ទំហំ ៧ គុណ ៨ ម៉ែត្រ គាត់​ប្រកប​របរ​លក់ដូរ​ចាបហួយ និង​លក់​សាំង ជា​របរ​បន្ទាប់បន្សំ គ្រាន់​ចិញ្ចឹម​គ្រួសារ តែដោយសារ​ការធ្វេសប្រហែស នៅពេល​លក់​សាំង ពេលយប់ បាន​អុច​ទៀន​បំភ្លឺ វាល់​ចាក់​សាំង​អោយគេ ក៏ត្រូវ​បាន​ភ្លើង​ឆាបឆេះ ពន្លត់​មិនទាន់ ឆេះ​គ្មាន​សល់​តែម្តង​។ ពួកគាត់ បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ ដល់ កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដែល​បាន​ចុះជួយ​ទាន់ពេលវេលា ដើម្បី​យក​នូវ​គ្រឿងឧបភោគ​បរិភោគ មួយចំនួន​ដើម្បី​ជួយ​ដោះ​ទុក្ខ​ដល់​គ្រួសា​របស់គាត់​។​

​នាយក​សាខា​កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី លោក ឡុង វិបុល បានអោយដឹងថា អំណោយ​ដែល​នាំយក​ទៅជូន​នៅពេលនោះ​រួមមាន អង្ករ​៥០ គីឡូក្រាម សារុង ២ ក្រមា​២ កន្ទេល​២ មុង​២ ភួយ​២ តង់​២ និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន ព្រមទាំង​ថវិការ ២០ ម៉ឺន​រៀល​ផងដែរ​។ យ៉ាងណាក៏ដោយ លោក ឡុង វិបុល បាន​បញ្ជាក់ថា ជំនួយ​ទាំ​នេះ​មិន​គ្រប់គ្រាន់​ទេ តែ​អាចជួយ​ដោះ​ទុក្ខ​មួយគ្រា​ដែរ​។ ដូច​ច្នេះ​គ្រួសារ​រងគ្រោះ​នៅតែ​ត្រូវការ​ជំនួយ​សប្បុរសជន ជា​បន្តបន្ទាប់​៕ ឦសាន​២ ​

KA-14-01-2016-01 KA-14-01-2016-02 KA-14-01-2016-03