មេ​ឈ្មួញ​ឈើ​នៅ​ខេត្តស្ទឹងត្រែង​យាយ​ព្រឿង​កំពុង​ជួល​ពលរដ្ឋ​ចូល​កាប់​ឈើ​យកមក​លក់​ឲ្យ​ខ្លួន​

ប្រជាពលរដ្ឋ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​រាយការណ៍​មក​ថា មេ​ឈ្មួញ​ឈើ​ជា​ជនជាតិ​យួន​មាន​ឥទ្ធិពល​ឈ្មោះ​យាយ ព្រឿង​បាន​យកលុយ​ឲ្យ​កូនចៅ​ទៅ​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​នៅតាម​ស្រុក​នានា​ដែល​នៅមាន​ឈើ​ប្រណីត​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បក្ខពួក​យាយ​ព្រឿង​បាន​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​ប្រជាពលរដ្ឋ​យកមក​ទុក​តាម​មាត់ទន្លេ​ជាច្រើន​កន្លែង ហើយ​យក​ទូក​ទៅ​ដឹក​ពី​ស្រុក​សៀម​ប៉ាង និង ស្រុក​សេសា​ន មកកាន់​ទី​រួម​ខេត្ត​ដើម្បី​ចែកចាយ​បន្ដ​តាម​រោង​សិប្បកម្ម​ក្នុង​ខេត្តស្ទឹងត្រែង​។ ប្រជាពលរដ្ឋ​ស្រុក​សៀម​ប៉ាង​បាន​បង្ហើប​ថា ការពិត​ប្រជាពលរដ្ឋ​មួយចំនួន​បានទទួល​ប្រាក់​ពី​យាយ​ព្រឿង​តាំង​ពីមុន​ពេលដែល​ពួកគេ​ចូលទៅ​កាប់​ឈើ​នៅ​ក្នុងព្រៃ ហើយ​សន្យាថា​នឹង​យក​ឈើ​ដែល​កាប់​បាន​ពី​តំបន់​អភិរក្ស​យកមក​លក់​ឲ្យ​យាយ​ព្រឿង និង​បក្ខពួក​។​

​សកម្មជន​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា ក្រុម​ឈ្មួញ​ដែល​កំពុង​បំផុសបំផុល​ឲ្យ​មាន​ការកាប់​ឈើ​នោះ​មិនមែន​មានតែ​ក្រុម​យាយ​ព្រឿង​ទេ តែ​ឈ្មួញ​ឈ្មោះ​យាយ ព្រឿង​ជា​មេ​ឈ្មួញ​ដែល​ជួល​ប្រជាពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​មាន​ឥទ្ធិពល និង​ទ្រង់ទ្រាយ​ធំជាងគេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មាន​ឈ្មួញ​ខ្លះ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​មានអំណាច​នៅក្នុង​ខេត្តស្ទឹងត្រែង​នាំ​ឈើ​ប្រណីត​យកទៅលក់​ឲ្យ​ឈ្មួញ​ធំៗ​នៅក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ និង​កំពង់ចាម ហើយ​ឈ្មួញ​នៅ​ខេត្ត​ទាំងពីរ​បាន​នាំ​ឈើ​ទាំងនោះ​យកទៅលក់​បន្ត​ឲ្យ​ឈ្មួញ​ជនជាតិ​យួន​នៅតាម​ព្រំដែន​។ សកម្មជន​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា បច្ចុប្បន្ន​មាន​ឈើ​មួយចំនួនធំ​ត្រូវបាន​គេ​កែច្នៃ​ជា​គ្រឿង​សង្ហា​រឹម​ក្នុង​រោង​សិប្បកម្ម​នៅ​ខេត្តស្ទឹងត្រែង​រួច​នាំយកទៅ​លក់​នៅ​បណ្តា​ខេត្ត​ជិតខាង និង​រាជធានី​ភ្នំពេញ តែ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ចេញមុខ​បង្ក្រាប​នោះឡើយ​។​

ចំពោះមុខ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ធ្វើការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព និង​យុត្តិធម៌​សម្រាប់​ជនល្មើស​គ្រប់រូប ព្រោះ​កន្លងមក​មាន​ឈ្មួញ​ខ្លះ​សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​នោះទេ ខណៈ​ជនល្មើស​ផ្សេងទៀត​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ដោយ​គ្មាន​ការលើកលែង​ឡើយ​។ ជាក់ស្តែង​មេ​ឈ្មួញ​ឈើ​នៅ​ខេត្តស្ទឹងត្រែង​ឈ្មោះ​យាយ​ព្រឿង​ដែល​កំពុង​ជួល​ពលរដ្ឋ​ចូល​កាប់​ឈើ​យកមក​លក់​ឲ្យ​ខ្លួន មិនដែល​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ខេត្តស្ទឹងត្រែង​បង្ក្រាប​នោះទេ បើទោះជា​ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង​បានដឹង​ច្បាស់​ថា​យាយ​ព្រឿង​ជា​អ្នក​បាន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ច្រើន​ឆ្នាំ​មកហើយ​ក៏ដោយ​៕

illegal-logging-14-01-16-2016-01-14