រដ្ឋសភា បន្ត​កិច្ចប្រជុំ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី គណនេយ្យ និង​សវនកម្ម​

ភ្នំពេញ: កិច្ចប្រជុំ​រដ្ឋសភា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន នា​ព្រឹក​ថ្ងៃទី​១៤​មករា ឆ្នាំ​២០១៦ បានធ្វើការ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី គណនេយ្យ និង​សវនកម្ម​។ សេចក្តីព្រាងច្បាប់ គណនេយ្យ និង​សវនកម្ម ដែលមាន ១៣ ជំពូក និង ៣៩​មាត្រា ត្រូវបាន​សមាជិក​រដ្ឋ​សភា ៩៧​រូប លើ ៩៨​រូប បាន​លើកដៃ​យល់ព្រម​។​

​ហ្វេ​ស​ប៊ុ​ក​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា បាន​ផ្សព្វផ្សាយ​ថា "​សេចក្តីព្រាងច្បាប់ ស្តីពី គណនេយ្យ និង​សវនកម្ម ជា​មូលដ្ឋាន​នៃ​ការអនុវត្ត​អភិបាលកិច្ច​ល្អ របស់​អង្គភាព មាន​សមត្ថកិច្ច នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដោយបាន​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច​មួយ​រឹងមាំ និង​ប្រកបដោយ​និរន្តរភាព និង​តម្លាភាព ព្រមទាំង​បង្កើន​គុណភាព និង​សមត្ថភាព​ធនធានមនុស្ស ដើម្បី​ធានា​កម្រិតជីវភាព និង​សុខដុមភាព​របស់​ប្រជាជន​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​។ វិស័យនេះ ក៏មាន​តួនាទី​យ៉ាងសំខាន់​បំផុត នៅក្នុង​ការអភិវឌ្ឍ​កិច្ចប្រតិបត្តិការ​ហិរញ្ញវត្ថុ​ក្នុងប្រទេស ពិសេស​ធានា​ភាពត្រឹមត្រូវ​ច្បាស់លាស់ និង​ធានា​នូវ​អភិបាលកិច្ច​ល្អ ក្នុងការ​គ្រប់គ្រង​កិច្ចប្រតិបត្តិការ​ហិរញ្ញវត្ថុ ទាំង​ក្នុង​វិស័យ​សាធារណៈ វិស័យ​ឯកជន ស្រម​តាម​ស្តង់ដារ មូលដ្ឋាន​អន្តរជាតិ ក្នុង​ក្របខ័ណ្ឌ​នៃ​សមាហរណកម្ម​តំបន់ និង​អន្តរជាតិ​"​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក​សម្តេច​ហេង​សំរិន ក៏បាន​បន្តថា "​សេចក្តីព្រាងច្បាប់​នេះ មាន​តួនាទី​ដ៏​សំខាន់ ក្នុងការ​ចូលរួមចំណែក​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ក្នុងការ​ជម្រុញ​សេដ្ឋកិច្ចជាតិ ឲ្យ​មាន​កំណើន​ជា​និរន្ត និង​រក្សា​ស្ថិរភាព​សង្គម ពិសេស​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ព្រមទាំង​ឈានទៅ​កាត់បន្ថយ​យ៉ាង​ឆាប់រហ័ស​នូវ​ភាពក្រីក្រ​របស់​ប្រជាជន ក្រោម​យុទ្ធសាស្ត្រ​ចតុកោណ​-​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​"៕​