ឆ្នាំ​២០១៥ កម្មករ​កាត់ដេរ ៧.៣៥៧ នាក់ ជួប​គ្រោះថ្នាក់​ចរាច​ណ៍​ចំនួន ៦.៤៩១ ករណី ស្លាប់​ចំនួន ១៣០ នាក់

ភ្នំពេញ: ​កាលពី​ឆ្នាំ​២០១៥ កម្មករ​រោងចក្រ​កាត់ដេរ ចំនួន ៧.៣៥៧ នាក់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស ចំនួន ៦.៤៩១ នាក់​។ ក្នុងនោះ មាន​កម្មករ​កាត់ដេរ ១៣០ នាក់ ស្លាប់ ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ឆ្នាំ​២០១៥​។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ របស់​ក្រុមការងារ​សុវត្ថិភាព​ចា​រា​ចរណ៍​ផ្លូវគោក សម្រាប់​គាំពារ​កម្មករនិយោជិត បាន​ប្រជុំ កាលពី​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​។

​របាយការណ៍​សង្ខេប​គ្រោះថ្នាក់​ចរាចរណ៍​កម្មក​រ​និយោជិត ប្រចាំឆ្នាំ​២០១៥ ត្រូវបាន​លោក សោម អូន ប្រធាន​សហជីព​កម្មក​រ លើក​មក​ផ្សព្វផ្សាយ ដូចខាងក្រោម​៖
-​គ្រោះថ្នាក់​ចំនួន ៦៤៩១ ករណី សរុប​ជនរងគ្រោះ​ចំនួន ៧៣៥៧ នាក់ ស្លាប់​ចំនួន ១៣០ នាក់ របួសធ្ងន់ ១០៦៨ នាក់ របួសស្រាល ៦១៥៩ នាក់​
-​គ្រោះថ្នាក់​ដោយសារ​ម៉ូតូ ស្មើនឹង ៧៤ % រថយន្ត​ចំនួន ១៣ % និង​យានជំនិះ​ផ្សេងៗ ១៣ %
-​គ្រោះថ្នាក់​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ៥៩ % និង​វិស័យ​ផ្សេងៗ ៤១ %
-​គ្រោះថ្នាក់​យាន​ដទៃទៀត ៥៣ % និង​បង្កឡើង​ដោយ​យាន​របស់​កម្មករនិយោជិត​ចំនួន ៤៧ %

​ជាមួយនឹង​ការបង្ហាញ​ខាងលើ លោក​សោម​អូន ក៏បាន​លើកឡើង​ពី​សកម្មភាព​ការងារ​របស់​ក្រុមការងារ​សុវត្ថិភាព​ចា​រាច​រណ៍​ផ្លូវគោក សម្រាប់​គាំពារ​កម្មករនិយោជិត កាលពី​ឆ្នាំ​២០១៥ គឺ​៖
-​ប្រជុំ​ការងារ​ថ្នាក់កណ្តាល​បាន ៦ លើក​
-​ប្រជុំ​ផ្សព្វផ្សាយ​អប់រំ ១០៣ លើក ស្មើនឹង ៣០៧ រោងចក្រ អ្នកចូលរួម​សរុប ២១៣៦៧ នាក់ និង​អ្នកបើកបរ​ដឹក​កម្មក​រ​និយោជិត ៣៥៩១ នាក់ (​គ្មាន​ប័​ណ្ឌ​បើកបរ ១១៥៧ នាក់ និង កម្មករនិយោជិត ១៧ ៧៧៦ នាក់ )
-​បណ្តុះបណ្តាល ប្រលង និង​ផ្តល់​ប័​ណ្ឌ​បើកបរ បាន​ចំនួន ២ លើក ជាប់​ស្ថាពរ ១១៤ នាក់​
-​បណ្តុះបណ្តាល​គ្រូ​បង្គោល ផ្នែក​សុវត្ថិភាព​ចរាចរណ៍ ៤ លើក សហព័ន្ធ​សហជីព បុគ្គលិក​សហព័ន្ធ សហជីព​មូលដ្ឋាន និង​រដ្ឋបាល​រោងចក្រ ៣៨០ នាក់​
-​ផលិត​វីដេអូ​អប់រំ ស្ព័ត ស្តីពី វិជ្ជា​សង្គ្រោះ​បឋម​ចំនួន ១។

សូមរម្លឹកថា កាលពីព្រឹកព្រលឹមថ្ងៃទី១២មករា ឆ្នាំ២០១៦ ឡានដឹកកម្មករពីរគ្រឿង បានប៉ះគ្នា នៅខេត្តកំពង់ស្ពឺ បណ្តាលឲ្យកម្មករកាត់ដេរយ៉ាងហោចណាស់ ៤ នាក់ បានស្លាប់ និង ៦៩ នាក់ ផ្សេងទៀត បានរងរបួស​៕​