លោក ពេជ្រ ស្រស់ៈ CNRP អំពាវនាវឲ្យសមាជិក រក្សាភាពថ្លៃថ្នូរ ព្រោះទទួលស្គាល់ កំហុសធ្លាប់ប្រព្រឹត្ត

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៦នេះ បានប្រតិកម្ម ទៅលើសេចក្ដីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ (CNRP) ដែលបានអំពាវនាវឲ្យ សមាជិករបស់ខ្លួនរក្សាភាពថ្លៃថ្នូរ ឈប់ជេរប្រមាថតាមប្រព័ន្ធផ្សព្វផ្សាយ ព្រោះCNRPទទួលស្គាល់កំហុស ដែលសមាជិក និងអ្នកគាំទ្ររបស់ខ្លួនបានប្រព្រឹត្តក្នុងពេលកន្លងមក។

លោក ពេជ្រ ស្រស់ បានសរសេរអះអាងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា "គណបក្សសង្រ្គោះជាតិ បានទទួលស្គាល់ថារាល់មតិដែល បានបញ្ចេញត្មិះដៀល និងកាត់តរូបភាពបែបអាក្រក់ៗជាដើម ទាំងអស់នោះជា សកម្មភាពរបស់សមាជិកខ្លួនហើយ។ ធូរស្រាលតិចហើយក្រុម អិល ឌី ភី (LDP)ដែលមានអ្នក ចេញមុខសារ ភាពទង្វើអាក្រក់ៗរបស់ខ្លួន ដោយហេតុ កន្លងមកខ្ញុំគិតថាមានតែក្រុម អិល ឌី ភី(LDP) តែមួយទេដែលជេគេជេឯង (ឥ)ឡូវឃើញថា មានក្រុមសង្រ្គោះជាតិដែរ។

លោកបានសរសរបន្ថែមថា ចំពោះគណបក្សយុវជនកម្ពុជា គឺដាច់ខាតមិនឲ្យ មានវប្បធម៌ប្រមាថអាក្រក់ៗ និងលាបពណ៌អ្នកដទៃឡើយ គឺមានតែរួបរួម និងអភិវឌ្ឍន៍ប្រទេសទាំងអស់គ្នា។

គួរបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ (CNRP) កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ បានចេញសេចក្តីថ្លែង ការណ៍ ដោយបានអំពាវនាវ ទៅដល់ក្រុមដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិទាំងអស់ រក្សានូវភាពថ្លៃថ្នូរ សីលធម៌ខ្ពស់ ដោយមិនជេរប្រមាថ មិនប្រើរូបភាពប្រមាថ ក្នុងការបញ្ចេញមតិយោបល់ ឬការរិះគន់តាម ប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីស្វែងរកនូវ ការផ្សះផ្សាជាតិ និងឯកភាពជាតិ៕