បញ្ជូនកម្មករ ៥នាក់ ទៅតុលាការ ខណៈខឹងថៅកែ បញ្ឈប់ការងារ គម្រាមដុតស្ថានីយ៍ ប្រេងឥន្ធនៈ និងឃ្លាំងផលិតទឹកសុទ្ធ

កំពង់ចាម៖ នគរបាលនៃអធិការដ្ឋាន នគរបាលស្រុកព្រៃឈរ បានចាប់បញ្ជូន ជនសង្ស័យចំនួន ៥នាក់ ទៅសាលាដំបូងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ ក្នុងករណីប៉ុនប៉ង ហឹង្សាដោយចេតនា គម្រាមកំហែងដុត ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង និងឃ្លាំងផលិតទឹកសុទ្ធ នៅចំណុចភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦។

តាមមន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ នោះទី១.ឈ្មោះ សេក ចំរើន ភេទប្រុស អាយុ ២៥ឆ្នាំ. ទី២.ឈ្មោះ ឆុន សុខណា ហៅម៉ាប់ ភេទប្រុស អាយុ ១៨ឆ្នាំ, ទី៣.ឈ្មោះ សម្បត្តិ ចាន់រិទ្ធ ហៅរ័ត្ន ភេទប្រុស អាយុ ២៥ឆ្នាំ. ទី៤.ឈ្មោះ ញឹម វ៉ាន់អ៊ី ភេទប្រុស អាយុ ១៧ឆ្នាំ និងទី៥.ឈ្មោះ សុខ ដា ហៅឃុយ ភេទប្រុស អាយុ ១៧ឆ្នាំ។

មន្ត្រីនគរបាលឲ្យដឹងទៀតថា កាលពីល្ងាច ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ អ្នកគ្រប់គ្រង កន្លែងផលិតទឹកសុទ្ធ និងស្ថានីយ៍ប្រេងឥន្ធនៈ ស្ថិតក្នុងភូមិស្លែង បានបើកប្រាក់ខែឲ្យទៅឈ្មោះ សេក ចំរើន និងកម្មករផ្សេងទៀត បន្ទាប់មកនៅល្ងាចថ្ងៃដដែលនោះ ស្រាប់តែមានកម្មករ ៥នាក់ បានកាន់ដាវអូស ចុះគ្រវីច្រង៉េងច្រង៉ាង នាំគ្នាស្រែកជេរបញ្ចោរ ដោយពោលពាក្យថា បើកលុយហើយបញ្ឈប់ការងារ។ កម្មករទំាងនោះ ក៏នាំគ្នាកាន់ដាវគម្រាមកំហែង ប្រុងដុតស្ថានីយ៍ប្រេងឥន្ធនៈ ព្រមទាំងដុតឃ្លាំងផលិតទឹកសុទ្ធ ដោយសារ តែពួកគេខឹងថៅកែ បញ្ឈប់ការងារព្រោះតែផឹកស្រាក្នុងម៉ោងការងារ។

បន្ទាប់មកទើបឈ្មោះ ម៉ាង សុភារម្យ ជាមេការបាន ដាក់ពាក្យប្តឹង មកសមត្ថកិច្ចនគរបាល ដើម្បីមានវិធានការក្នុងករណីនេះ។ ហើយជនសង្ស័យទាំង ៥នាក់ ក្រោយពីសមត្ថកិច្ចបានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ រួច កម្លាំងនគរបាល ស្រុកព្រៃឈរ បានចងក្រងសំណុំរឿង និងបានបញ្ជូន ជនសង្ស័យទាំង ៥នាក់ ទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការទៅតាមនិតិវិធី៕

បញ្ជូនកម្មករ ៥នាក់ ទៅតុលាការ ខណៈខឹងថៅកែ បញ្ឈប់ការងារ គម្រាមដុតស្ថានីយ៍ ប្រេងឥន្ធនៈ និងឃ្លាំងផលិតទឹកសុទ្ធ