ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រទេស​អីុ​រ៉​ង់ និង​សហរដ្ឋ​អា​មេ​រិ​កបាន​ខិតខំ​ចៀសវាង​វិបត្តិ​មួយ​ជាមួយ​គ្នា ដោយ​មានការ​ដោះ​លែង​យ៉ាង​ឆាប់រហ័ស​កាលពី​ថ្ងៃ​ទី​១៣ មក​រា នូវ​ទាហាន​ម៉ា​រី​ន​អា​​មេ​រិ​ក​ដែល​ក្រុង​តេ​ហេ​រ៉​ង់​ចាប់​ឃុំ​ទុក ខណៈ​សល់​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ដល់​ការ​ចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ ស្តី​ពី​នុយក្លេអ៊ែរ​អីុរ៉​ង់ ។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​ច​ន ឃ័​រ​រី ក្រោយ​ការ​ដោះ​លែង​ទាហានជើងទឹក​អា​មេ​រិ​ក​ទាំង​១០​នាក់ ដែល​វង្វេង​ចូល​ដែនទឹក​អីុរ៉​ង់​អះអាង​ថា ខ្ញុំ​សូម​អរគុណ​ដល់​អាជ្ញាធរ​អីុ​រ៉​ង់​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ការ​ឆ្លើយ​តប​ដោយ​ឆាប់រហ័ស ។

ចំណែក​សម​ភាគី​អីុ​រ៉​ង់ លោក MOHAMMAD JAVAD ZARIF សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​ដោះស្រាយ​រឿង​នេះ​បាន​ឆាប់រហ័ស​តាម​រយៈ​ការ​ចរចា និង​ការ​គោរព​គ្នា​មិន​ប្រកាន់​នយោបាយ​គំរាមកំហែង​ដាក់​គ្នា​។

ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១២ មក​រា ពីលើ​នាវាចម្បាំង​លឿន​ធុន​តូច​២​គ្រឿង ក្នុង​ដែនទឹក​នៃ​កោះ FARSI របស់​អីុ​រ៉​ង់​ស្ថិត​នៅ​ភាគ​ខាងជើង​ឈូង​សមុទ្រ​ពែ​រ្ស៍ ទាហានជើងទឹក​ទាំង​១០​នាក់​មាន​បុរស​៩​នាក់ និង​នារី​ម្នាក់​ត្រូវ​បាន​ដោះ​លែង​វិញ​មិន​ដល់​២៤​ម៉ោង​ផង​ក្រោយ​ការ​ចាប់ខ្លួន​ពួក​គេ ។

កងកម្លាំង​ឆ្មាំ​បដិវត្តន៍ ជា​កងទ័ព​ពិសេស​របស់​អីុ​រ៉​ង់​ប្រកាស​ថា ក្រោយ​ការ​សុំ​ទោស ទាហានជើងទឹក​ទាំង​១០​នាក់ របស់​អា​មេ​រិ​ក​ត្រូវ​ដោះ​លែង​ក្នុង​ដែនទឹក​អន្តរជាតិ ព្រោះ​ការ​ចូល​របស់​ពួក​គេ​មក​ក្នុង​ដែនទឹក​អីុរ៉​ង់​ពុំ​មាន​ចេតនា​ទេ ។

តាម​រូបភាព​នានា​ផ្សាយ​ក្នុង​ទូរទស្សន៍​រដ្ឋ​អីុិ​រ៉​ង់ បុរស​ម្នាក់​ដែល​ប្រាប់​ថា គេ​ជា​ទាហានជើងទឹក​អា​មេ​រិ​ក​ក្នុង​ចំណោម​ទាហានជើងទឹក​ទាំង​១០​នាក់​ត្រូវ​ចាប់ខ្លួន​និយាយ​ថា នេះ​ជា​កំហុស​របស់​យើង ហើយ​យើង​សុំ​ទោស​ចំពោះ​ការ​ខុសឆ្គង​នេះ ។ បុរស​នោះ​បន្ត​ថា ពួក​គេ​ពេល​ឃុំឃាំង​មិន​ត្រូវ​បាន​គេ​ធ្វើ​ទុក​បុក​ម្នេញ​អ្វី​ឡើយ​។ រូបភាព​ឯទៀត​ៗ​ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​អីុរ៉​ង់​គេ​ឃើញ​ទាហាន​អា​មេ​រិ​ក​ទាំង​១០​នាក់​នេះ​លើកដៃ​ដាក់​លើ​ក្បាល អង្គុយ​លើ​ដី ឬ​អង្គុយ​លើ​កម្រាល​កំពុង​បរិភោគ​អាហារ ។

ក្រសួងការបរទេស​អា​​មេ​រិ​ក​អះអាង​ថា លោក​ច​ន ឃ័​រ​រី ពុំ​បាន​សុំ​ទោស​ឡើយ​ចំពោះ​ឧប្បត្តិ​ហេតុនេះ ។

តាំងពី​កើត​មានរឿង​នេះ​មក ក្រុង​វ៉ា​ស៊ី​ន​តោន មិន​យក​ប្រេង​ចាក់​លើ​ភ្លើង​ឡើយ ។ ចំណែក​ខាង​អីុរ៉​ង់​វិញ ឧត្តមនាវី ALI FADAVI មេបញ្ជាការ​កងកម្លាំង​នាវាចរណ៍​របស់​កង​ឆ្មាំ​បដិវត្តន៍​បាន​ពន្យល់​ថា សកម្មភាព​របស់​ទាហានជើងទឹក​អា​មេ​រិ​ក​ទាំងនេះ​ពុំ​មាន​លក្ខណៈ​ប្រទូស្ត​រ៉ា​យ​ឡើយ ហើយ​និយាយ​ពី​ការ​ខូច​ប្រព័ន្ធ​បើកបរ​របស់​ខ្លួន ។

យោង​តាម​អ្នកការទូត​អា​​មេ​រិ​កម្នា​ក់ថា លោក​ច​ន ឃ័​រ​រី បាន​ទូរស័ព្ទ​ទាក់ទង​មក​លោក ZARIF យ៉ាងតិច​៥​លើក ហើយ​ខិតខំ​បញ្ចុះបញ្ចូល​ឱ្យ​មាន​ដំណោះស្រាយ​រឿង​នេះ​ឱ្យ​បាន​ឆាប់ ដែល​នេះ​ជា​ប្រវត្តិសាស្ត្រ ល្អ​មួយ​សម្រាប់​ប្រទេស​ទាំង​២ បាន​ន័យ​ថា វា​ផ្តល់​ដល់​អីុ​រ៉​ង់​នូវ​ឱកាស​បង្ហាញ​ថា ខ្លួន​ជា​ប្រជាជាតិ​មានការ​ទទួលខុសត្រូវ​មួយ ហើយ​អីុរ៉ង់​អាច​រួម​សហការ​ដើម្បី​ចៀសវាង​ការ​បង្កើន​ភាព​តានតឹង ។

សហរដ្ឋ​អា​មេ​រិ​ក​រក្សា​ទុក​វត្តមាន​យោធា​សំខាន់​មួយ​ក្នុង​ដែនទឹក​យុទ្ធសាស្ត្រ​នៃ​ឈូង​សមុទ្រ​ពែ​រ្ស៍ ។ ឧប្បត្តិហេតុ​ជា​ច្រើន​ធ្លាប់​កើត​មាន​រួច​ហើយ រវាង​កង​ម៉ា​រី​ន​អា​មេ​រិ​ក និង​កងកម្លាំង​ជើង​ទឹក​អីុ​រ៉​ង់ ។

ក្រោយ​ការ​ដោះ​លែង​ទាហានជើងទឹក​អា​មេ​រិ​ក​ទាំង​១០​នាក់​នោះ អ្នក​ចរចា​នុយក្លេអ៊ែរ​សំខាន់​មួយ​រូប​របស់​អីុ​រ៉​ង់​លោក ABBAS ARAGHCHI អះអាង​ថា ការ​ចូល​ជា​ធរមាន​ផ្លូវការ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១៧ មក​រា ៕