ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រៃវែង ៖ នៅ​ក្នុង​ប្រតិបត្តិការ​​ចុះ​បង្ក្រាបក្រុម​អ្នកលេង​ជល់​មាន់នៅ​តាម​ វាលស្រែក្នុងភូមិ​តង​ឡង ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៣ ​មក​រា លោក​វរ​សេនីយ៍​ទោ ពុំ កាន់ អធិការ​នគរបាល​ស្រុក ត្រូវ​បាន​អ្នកស្រុក​ចោទប្រកាន់​ថា បាន​ដក​កាំភ្លើងខ្លី​បាញ់​បុរស​ម្នាក់ ដែល​កំពុង​ពកូន​ឈរ​មើល​ហេតុ​ការ​ណ៍​ពី​ផ្ទះ​របស់​គេ បណ្តាល​ឱ្យ​ស្លាប់​​យ៉ាង​អ​ណោ​ច​អធ័ម។

បងស្រី សឹម ម៉េ​ន អាយុ​៣៤​ឆ្នាំ ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​រៀបរាប់​ឱ្យដឹង​ថា មុន​ពេល​កើតហេតុ នៅ​ជាប់​ផ្ទះ​របស់​គាត់​មាន​មនុស្ស​ប្រមាណ​ជិត​១០០​នាក់ បាន​មក​ប្រមូលផ្តុំ​គ្នា​លេង​ជល់​មាន់ ហើយ​ខណៈ​ពេល​ដែល​កំពុង​ជល់​នោះ ស្រាប់តែ​មាន​ប៉ូ​លិស​ចំនួន​៦​នាក់ ដឹកនាំ​ដោយ​លោក ពុំ កាន់ អធិការ​ស្រុក​បាន​ចូល​មក​ដល់​ធ្វើ​ឱ្យក្រុម​អ្នកលេង​ជល់​មាន់​ភ័យ​ស្លន់ស្លោ រត់​ចែក​ជើង​គ្នា​ប្រសេចប្រសាច​ពេញ​វាល ភ្លាម​នោះ​ប្តី​របស់​គាត់​( ជន​រង​គ្រោះ ) ឈ្មោះ កិ អ៊ិម អាយុ​៣៧​ឆ្នាំ បាន​ពកូន​ពៅ​អាយុ​១​ខួប​ចេញពី​ក្រោមផ្ទះ​មក​ឈរ​មើល ស្រាប់តែ​ត្រូវ​លោក​អធិការដក​កាំភ្លើង​បាញ់​១​គ្រាប់​ចំ​ក្បាល​ធ្លុះ​ពី​សៀត ​ថ្កា​ខាងស្តាំ ធ្លាយ​ទៅ​ខាងឆ្វេង​ដួល​បោក​ទៅ​ដី​សង្កត់ពីលើ​កូនញ័រ​ខ្លួន​ទទ្រើក​ និង​មាន​ឈាម​ហូរ​ចេញ​មក​យ៉ាង​ខ្លាំង​។

បងស្រី​បញ្ជាក់​ថា ពេល​ឃើញ​ប្តី​ត្រូវ​គ្រាប់​ភ្លាម គាត់​ក៏​ស្រែកហៅ​ឱ្យ​គេ​ជួយ ទើប​ក្រុម​អ្នកលេង​មាន់​ជា​ច្រើន​នាក់​ឈប់​រត់ ហើយ​នាំ​គ្នា​មក​ជួយ​លើកយក​ប្តី​គាត់​ទៅ​ពេទ្យ​ឯកជន​នៅរ​ង្វ​ល់​មូល​ស្វាយ​អ ​ន្ទ​រ តែ​ស្ថានភាព​ធ្ងន់ធ្ងរ​មិន​អាច​ជួយ​បាន គ្រូពេទ្យ​ក៏​ដឹក​បន្ត​ទៅ​ភ្នំពេញ​ តែ​បាន​ពាក់​កណ្តាលផ្លូវ​ក៏​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​។

ដោយឡែក​ ប្រភព​ព័​ត៌​មាន​ពី​មន្ត្រី​ប៉ូ​លិស​ស្រុក​ស្វាយ​អ​ន្ទ​រ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​​ដោយសារ​គ្រាប់កាំភ្លើង​របស់​លោក​អធិការ​ស្រុក​ មែន ប៉ុន្តែ​លោកអធិការ​ពុំ​មាន​ចេតនា​បាញ់​ជន​រង​គ្រោះ​នោះ​ទេ គឺ​លោក​អធិការ​បាញ់​គំរាម​ក្រុម​អ្នកលេង​ជល់​មាន់​កុំឱ្យរត់​ប៉ុណ្ណោះ ប៉ុន្តែ​មិនដឹង​ថា​យ៉ាងម៉េច​បានជា​គ្រាប់កាំភ្លើងខ្ទាត​ទៅ​ត្រូវ​ជនរង​គ្រោះ ​បែប​នេះ​។

ចំណែក​លោក​ឩ​ត្តម​សេនីយ៍ ស្រេង ជា ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា តាម​ចម្លើយ​របស់​លោក ពុំ កាន់ ដែល​បាន​រាយ​ការ​ណ៍ប្រាប់​លោក គឺ​បាន​អះអាង​ថា ពេលដែល​ចូល​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម ក្រុម​អ្នកលេង​ជល់​មាន់​ទាំងនោះ​បាន​រត់​សំដៅ​មករក​រូប​លោក​ជា​ច្រើន​នាក់ ដោយ​ភ័យ​ខ្លាច​មនុស្ស​ទាំងនោះ​ព្រួត​វាយ​លោក ទើប​លោក​ដក​កាំភ្លើង​បាញ់​ឡើង​លើ​ចំនួន​១​គ្រាប់ ដើម្បី​គំរាម​ពួក​គេ​ តែ​មិនដឹង​យ៉ាងម៉េច ស្រាប់តែ​គ្រាប់រត់​ទៅ​ត្រូវ​ជន​រង​គ្រោះ​ទៅ​វិញ​។

ទោះជាយ៉ាងណា​ក៏​ដោយ ក្រោយ​ពី​បាញ់​ត្រូវ​ជន​រង​គ្រោះហើយ​នោះ លោក​អធិការ​បាន​បើករថយន្ត​មក​កាន់​ស្នងការ​ខេត្ត​ដោយ​ខ្លួនឯង  និង​រាយ​ការ​ណ៍​ពី​ហេតុ​ការ​ដែល​បាន​កើតឡើង ហើយ​ពេល​នេះ​លោក​បាន​ឃាត់ខ្លួន​លោក​អធិការទុក​នៅ​ស្នងការដ្ឋាន​ហើយ រត់​ចាំ​ការ​ស៊ើបអង្កេត និង​អនុវត្ត​ទៅ​តាម​និ​តិ​វិធី​៕