ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្ត​កំពង់ធំ ៖ ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍រវាង​គោ​យន្ត​កន្ត្រៃ​បុក​ជាមួយ​​​ម៉ូតូ​១​គ្រឿង​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង និង​រង​របួសធ្ងន់​​ម្នាក់​​កាលពី​យប់ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧១ ក្នុងភូមិ​ស្រឡៅ​ទោង ឃុំ​បល្ល័ង្ក ស្រុក​បារាយ​ណ៏ ។

ប្រភព​ព័ត៌មាន​ពី​​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ​មុន​ពេលកើតហេតុ​ គេ​ឃើញ​ម៉ូតូ​សង់​កូរ៉េ​ ពណ៌​ក្រហម ​គ្មាន​ស្លាក​លេខ ​​មួ​យ​គ្រឿង ជិះ​គ្នា​២​នាក់ ​​ធ្វើ​ដំណើរ​​ពី​ត្បូង​ទៅ​ជើង​ ​​លុះ​មក​ដល់​ចំណុច​​កើតហេតុ​​បើក​វ៉ា​​រថយន្ត​១​គ្រឿង​ទៀត ​​ក៏​ជ្រុល​ទៅ​បុក​ជាមួយនឹង​គោ​យន្ត​កន្ត្រៃ​​​​ដែល​បើក​បញ្ច្រាស​ទិសគ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួសធ្ងន់​​​ ។​

ជន​រង​គ្រោះ​ដែល​ស្លាប់ ឈ្មោះ ស៊ុប សុត ​ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​តា​ប្រុ​ក​ថ្នល់​ថ្មី ​ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយ​ណ៍ ​​​ចំណែក​អ្នក​របួសធ្ងន់ ​ឈ្មោះ ស្វាយ ផេ​ន ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ត្រូវ​បាន​បញ្ជូន​​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​ ចំណែក​អ្នក​បើ​ក​​គោ​យន្ត​កន្ត្រៃឈ្មោះ​ ដែក ជីវ៉ា ​ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​វៀន ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​​​ចុះ​ដល់​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​​អ្នក​បើក​​បរ​គោ​យន្ត​ និង​នាំ​យក​ទាំអ​​គោ​យន្ត​និង​​ម៉ូតូ​​ទៅ​​អធិការដ្ឋាន​នគរ​បាល​​ស្រុក​បារាយ​ណ៍ ។​

សព​ជន​រង​គ្រោះ​ ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​រៀប​ចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី ៕