ទូរទស្សន៍ អាល់ហ្សាហ្ស៊ារ៉ា ប្រកាស បិទសាខា នៅអាមេរិក

ឡូស អាន់ជែឡែស៖ ទូរទស្សន៍ អាល់ហ្សាហ្ស៊ារ៉ា បានប្រកាស នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ ២០១៦ នេះថា នឹងបិទសាខារបស់ខ្លួន នៅសហរដ្ឋអាមេរិក  ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៦ ខាងមុខនេះតទៅ ដោយសារតែ មិនអាចប្រកួតប្រជែង លើវិស័យ សោតទស្សន៍ នេះជាមួយនឹងទីផ្សារអាមេរិកទៀតឡើយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដកស្រង់ សេចក្តីប្រកាសរបស់លោក អាល់ អាន់ស្ទេយ នាយកប្រតិបត្តិ អាល់ហ្សាហ្ស៊ារ៉ា ប្រចាំអាមេរិក ទៀតថា “សេចក្តីសម្រេចនេះ ត្រូវបានធ្វើ ឡើង ចំពោះមុខការពិត ដែលពាណិជ្ជកម្មរបស់យើង ហាក់មិនមានចីរភាព ចំពោះមុខការ ប្រកួតប្រជែងសេដ្ឋកិច្ច នៅលើទីផ្សារសោតទស្សន៍ របស់អាមេរិក។”

បន្ថែមពីនេះ នាយកប្រតិបត្តិខាងលើ ក៏បានផ្ញើសារជូនបុគ្គលិកគ្រប់រូប ដោយលួងលោមពួក គេថា ការបញ្ឈប់ប្រតិបត្តិការនេះ មិនមែនដោយសារបុគ្គលិកទាំងអស់ អសមត្ថភាពនោះឡើយ តែផ្ទុយទៅវិញអ្នករាល់គ្នា បានបំពេញភារកិច្ចគ្រប់យ៉ាង ប្រកបដោយទេពកោសល្យ និងសមត្ថភាពខ្ពស់បំផុត។

គួរបញ្ជាក់ថា ទូរទស្សន៍ អាល់ហ្សាហ្ស៊ារ៉ា របស់ប្រទេស កាតា បានពង្រីកសាខានៅអាមេរិក កាលពី ឆ្នាំ ២០១៣ ដើម្បីប្រកួតប្រជែងជាមួយនឹង ទូរទស្សន៍ CNN, HLN, MSNBC, RT America និង Fox News America ប៉ុន្តែវាពុំបានទទួលជោគជ័យ ដូចការរំពឹងទុកឡើយ៕

ទូរទស្សន៍ អាល់ហ្សាហ្ស៊ារ៉ា ប្រកាស បិទសាខា នៅអាមេរិក