Carlos ថា កំពុង​ចរចា​ជាមួយ Real មក​ជួយ Zidane

អតីត​កីឡាករ​បាល់ទាត់ លោក​ Roberto Carlos បាន​ឲ្យ​ដឹង​​ថា រូប​លោក​កំពុង​ចរចា​ជាមួយ Real Madrid មក​ជួយ​ដឹក​នាំ ជាមួយ​អតីត​មិត្ត​រួម​ក្រុម និង​ជា​គ្រូ​បង្វឹក​ថ្មី Zinedine Zidane និង​បាន​ឲ្យ​តម្រុយ​ថា រូប​លោក​ប្រហែល​នឹង​នាំ​កីឡាករ​ប្រេស៊ីល Neymar មក​លេង​នៅ​ក្លិប​នេះ​បាន។

CarlosRoberto Carlos ដែល​បច្ចុប្បន្ន​កំពុង​​ជា​អ្នក​ចាត់​ចែង​កីឡាករ​នៅ​ក្នុង​ក្លិប Delhi Dynamos​ របស់​ឥណ្ឌា ធ្លាប់​ជា​អតីត​កីឡាករ និង​លេង​ឲ្យ​ក្លិប Real Madrid នេះបាន​ចំនួន​ជាង​ ៥០០ ប្រកួត​នៅ​​ចន្លោះ​ឆ្នាំ ១៩៩៦ និង ២០០៧។ លោក​ថ្លែង​ថា៖ ​«ខ្ញុំ​បាន​ជួប​ពិភាក្សា​ជាមួយ​និង Real Madrid អំពី​អនាគត​របស់​ខ្ញុំ​ជាមួយ​នឹង​ក្លិប។ នៅ​ពេល​ឆាប់​នេះ​ ខ្ញុំ​នឹង​ដឹង​ថា តើ​ខ្ញុំ​អាច​ធ្វើ​ការ​​រួម​គ្នា​ ជាមួយ​ Zidane ដោយ​របៀបណា»។

អតីត​កីឡាករ​ជម្រើសជាតិ​ប្រេស៊ីល​វ័យ ៤២ ឆ្នាំ រូប​នេះ​ក៏​បាន​ធ្វើ​ការ​កោត​សរសើរ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ ប្រធាន​ក្លិប​ស្តេច​សនេះគឺ​លោក Florentino Pérez​ ដែល​ងាក​មក​តែងតាំង​ Zidane ឲ្យ​ធ្វើ​ជា​គ្រូ​បង្វឹក ​បន្ទាប់​ពី​លោក Rafael Benitez ។ Carlos បាន​អះ​អាង​ថា៖​ «Zidane គឺ​ជា​អ្នក​ដឹកនាំ​កីឡាករ​នៅ​ក្នុង​ក្លិប។ បុគ្គលិក​លក្ខណៈ​របស់​គេ​នឹង​ធ្វើ​ឲ្យគេ​ទទួល​បាន​ជោគ​ជ័យ។ គ្រូ​បង្វឹក​ត្រូវ​តែ​ធ្វើ​ជាមិត្ត​ជាមួយ​នឹង​កីឡាករ​គ្រប់គ្នា តែ​ផ្ទុយ​ទៅ​វិញ លោក Benitez​ បាន​ជួប​ការ​លំបាក​ជាច្រើន​ក្នុង​ការ​រាប់​អាន​កីឡាករ​ទាំង​នោះ»។

បន្ទាប់​ពី កីឡាករ Neymar ត្រូវ​បាន​អ្នក​គាំទ្រ​បោះ​ឆ្នោត​ជ្រើសរើស​សម្រាប់​ចំណាត់​ថ្នាក់​លេខ ៣ ​នៃ​ពាន​រង្វាន់​ Ballon d Or លោក Roberto Carlos បាន​ផ្តល់​យោបល់​ ចង់​ឲ្យ​ក្លិប​ទិញ​យក​កីឡាករ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​​ប្រេស៊ីល​ចេញ​ពី​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ដែលជាគូ​ប្រជែង​ស៊ីសាច់​ហុត​ឈាមរបស់ Real Madrid។ លោក Carlos ​បាន​បន្ថែមបានបន្ថែម​ទៀតថា៖ «ខ្ញុំ​អាច​នាំ​គេ (Neymar) មក Real Madrid បាន។ គេ​នៅ​ក្មេងណាស់ ហើយខ្ញុំ​ប្រាកដ​ក្នុង​ចិត្តថា គេ​នឹង​បាន​ចំណាត់​ថ្នាក់​ល្អជាង​នេះ សម្រាប់​ពាន​រង្វាន់ Ballon d Or»៕