Roma និង Palermo ដេញគ្រូបង្វឹកចោលក្នុងខែនេះដូចគ្នា

ក្លិប Roma បានបណ្តេញគ្រូបង្វឹក លោក Rudi Garcia បន្ទាប់ពីក្លិបមានទម្រង់លេងធ្លាក់ចុះ និងធ្លាក់ពិន្ទុក្នុងលីក Serie A ជាបន្តបន្ទាប់។ Roma ដែលដើមរដូវកាលឈរកំពូលតារាង បច្ចុប្បន្ន កំពុងស្ថិតនៅលេខរៀងទី ៥ ក្នុងតារាងក្នុងលីកកំពូលរបស់អ៊ីតាលីនេះ។
2
លោក Garcia ដែលធ្លាប់ជាអតីតគ្រូបង្វឹកក្លិប Lille ដឹកនាំក្រុម Roma នេះឈ្នះបានតែម្តងទេ ចាប់តាំងពីដើមខែ វិច្ឆិកា គឺជាការប្រកួតឈ្នះ ២-០ ក្នុងទឹកដីខ្លួនឯងលើក្រុមជិតតំបន់គេកាត់ចោល Genoa។ ប៉ុន្តែក្លិបអ៊ីតាលីនេះ ប្រកួតស្មើជាមួយយក្សអេស្បាញ Real Madrid ក្នុងវគ្គជម្រុះ ១៦ក្រុមចុងក្រោយក្នុងក្របខណ្ឌ Champions Leauge។ លោក Aberto de Rossi ដែលជាឪពុករបស់កីឡាករប្រធានក្រុមរង Daniele នឹងទទួលបន្ទុកជំនួសក្នុងការហ្វឹកហាត់កីឡាករ Roma នៅថ្ងៃព្រហស្បតិ៍នេះ។

ដោយឡែក ក្លិប Palermo ដែលបច្ចុប្បន្នត្រដាបត្រដួស នៅលេខ ១៦ ក្នុងលីក Serie A ក៏បានបណ្តេញលោក Ballardini និងជួលលោក Schelotto ជំនួសវិញផងដែរ។
ក្លិប Palermo បានរកអ្នកជំនួសលោក Davide Ballardini ក្នុងនាមជាគ្រូបង្វឹក ក្រោយពីចូលកាន់តំណែងបានរយៈពេល ២ ខែ និងបានជំនួសលោកជាមួយនឹងអតីតកីឡាករអាហ្សង់ទីន Guillermo Barros Schelotto។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Serie A មួយនេះកាលពីថ្ងៃចន្ទ។

ក្លិបនេះបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោក Guillermo Barros Schelotto បច្ចុប្បន្ន ជាគ្រូបង្វឹកថ្មីរបស់ Palermo។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះនឹងត្រូវជួយដោយលោក Fabio Viviani ដែលទើបតែបានចាប់ផ្តើមបង្វឹកក្រុមជម្រើសដំបូងកាលពីសប្តាហ៍មុន» ។ លោក Ballardini បានកាន់តំណែងជាលើកទី ២ ក្នុងក្លិបនេះកាលពីខែវិច្ឆិកា ក្រោយចូលជំនួសលោក Giuseppe Iachini ដែលបានក្លាយជាគ្រូបង្វឹកទី ២៩ ក្នុងការរងនូវការបណ្តេញចេញដោយម្ចាស់ក្លិបលោក Zamparini៕