ក្រុមហ៊ុន​LM Auto Car របស់​មេ​ឈ្មួញ ឡុង ម៉េង ដាក់លក់​ម៉ូតូ​ជំនួស​រថយន្ត​ទំនើបៗ​អត់​ពន្ធ​

មួយរយៈ​ពេល​ចុង​ក្រោយនេះ​ក្រុមហ៊ុន​លក់​រថយន្ត​យីហោ​LM Auto Car ដែលមាន​ទីតាំង​នៅមុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ពីមុន​នាំចូល​និង​លក់​រថយន្ត​ថ្មីៗ​ទំនើបៗ​តម្លៃ​ច្រើន​ម៉ឺន​ដុល្លារ​ក្នុង​១​គ្រឿងៗ​នោះ បច្ចុប្បន្ន​មិនឃើញ​មាន​ដាក់តាំង​លក់​រថយន្ត​តទៅទៀត​ទេ​។ ផ្ទុយទៅវិញ​ក្រុមហ៊ុន​នេះ​បាន​ដាក់តាំង​លក់​ម៉ូតូ​ជំនួស​វិញ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​សង្ស័យថា មកពី​រថយន្ត​ទាំងនោះ​ជា​រថយន្ត​អត់​ពន្ធ​ទើប​គេ​យកចេញ ដើម្បី​កុំ​ឲ្យ​សមត្ថកិច្ច​គយ​ចុះទៅ​ចាប់​។ បញ្ហា​នេះ​លោក គុណ ញឹម ដែលជាអគ្គនាយកនៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ត្រូវ​ពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់ ព្រោះ​ប្រភព​ជាច្រើន​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុនមេ​ឈ្មួញ ឡុង ម៉េង នាពេល​កន្លងមក​នាំចូល​រថយន្ត​ទំនើប​អត់​ពន្ធ​ពី​ប្រទេស​សៀម​មក​លក់​ឲ្យ​មន្ត្រី​ធំៗ និង​ឧកញ៉ា​មួយចំនួន​។

​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​កន្លងមក​ក្រុមហ៊ុន​LM Auto Car របស់​ឧត្ដមសេនីយ៍ ឡុង ម៉េង គឺជា​ក្រុមហ៊ុន​រកស៊ី​នាំចូល​រថយន្ត​ថ្មីៗ​ទំនើបៗ​យកមក​លក់​ឲ្យ​មន្ត្រី​ធំៗ ឧកញ៉ា និង​អ្នកមាន​លុយ​មួយចំនួន ដែល​ហ៊ាន​ទិញ​យកទៅ​ជិះ​ព្រោះ​ធូរ​ថ្លៃ​ជាង​រថយន្ត​នាំចូល​មាន​ពន្ធ​ត្រឹមត្រូវ​។ ក៏ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ​នេះ មិនឃើញ​មានការ​តាំង​លក់​រថយន្ត​ទំនើបៗ​នៅក្នុង​ក្រុមហ៊ុន​តទៅទៀត​ទេ ហើយ​បែរ​ជាមាន​ដាក់តាំង​លក់​ម៉ូតូ​ជំនួស​វិញ​។ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​មានការ​សង្ស័យថា រថយន្ត​ទាំងនោះ​ជា​រថយន្ត​អត់​ពន្ធ​ទើប​គេ​យកទៅ​លាក់​ដើម្បី​កុំ​ឲ្យ​គយ​ចាប់​យកទៅ​ពិន័យ​តាមច្បាប់​។

ប្រភពពី​មន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​ស្និទ្ធ​នឹង​ឧ​ត្ត​ម​សេនីយ៍ ឡុង ម៉េង បាន​ឲ្យ​ដឹងថា កន្លងមក​មេ​ឈ្មួញ​រូបនេះ​រកស៊ី​នាំចូល​រថយន្ត​ថ្មីៗ​ដែល​ភាគច្រើន​ជា​រថយន្ត​អត់​ពន្ធ​មក​លក់​នៅ​ស្រុក​ខ្មែរ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយឆ្នាំៗ ហើយ​ទាំង​សមត្ថកិច្ច​គយ​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ ឡុង ម៉េង ទាល់តែសោះ​។ ជាក់ស្តែង​បន្ទាប់ពី​លោក គុ ណ ញឹម ឡើងកាន់តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ជំនួស​លោក ប៉ែន ស៊ីម៉ន ក៏​មេ​ឈ្មួញ ឡុង ម៉េង នៅតែ​នាំចូល​រថយន្ត​ទំនើបៗ​អត់​ពន្ធ​មក​លក់​នៅក្នុង​ស្រុក​ខ្មែរ​ដដែល​។ ជាងនេះទៅទៀត​មេ​ឈ្មួញ ឡុង ម៉េង បាន​រកស៊ី​ម៉ៅការ​ដឹកជញ្ជូន​ទំនិញ​នាំចូល​ពី​ក្រៅប្រទេស​មកកាន់​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​រថយន្ត​ធំៗ​ដែលមាន​ស្លាក​សញ្ញា​(LM)​ជា​សម្គាល់​។ ទំនិញ​ដែល​មេ​ឈ្មួញ ឡុង ម៉េង ម៉ៅការ​ដឹកជញ្ជូន​ពី​ច្រក​ស្រែអំបិល និង​ច្រក​ផ្សេងៗ​ចូលមក​រាជធានី​ភ្នំពេញ​នោះ ភាគច្រើន​ជា​ទំនិញ​អត់​ពន្ធ​ឬ​ទំនិញ​ខុសច្បាប់​ដោយមាន​ការឃុបឃិត​ពី​សមត្ថកិច្ច​ពុករលួយ​ផងដែរ​៕

115លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ