Angelina Jolie​ ទទួលយក​កូន​ខ្មែរ​ម្នាក់ទៀត​ ទៅ​ចិញ្ចឹម​ជា​កូន​ទី ​៧​ ​ ​ ​

តារា​សម្ដែង​ស្រី​ល្បីឈ្មោះ​របស់ Hollywood​ គឺ​នាង Angelina Jolie​ រួម​ជាមួយនឹង​ស្វាមី​លោក Brad Pitt ត្រូវបាន​លេចចេញ​នូវ​ព័ត៌មាន​ថា យល់ព្រម ទទួលយក​កូនស្រី​ខ្មែរ​ម្នាក់ទៀត​ទៅ​ចិញ្ចឹម​ដែល កុមារី​នោះ​នឹង​ក្លាយជា​កូន​ទី​ប្រាំពីរ​ក្នុង​គ្រួសារ​មួយ​នេះ ។​ យោងតាម​សារព័ត៌មាន RadarOnline បាន​ឲ្យ​ដឹងថា​កូន​ទី​ប្រាំពីរ​ដែល​ត្រូវបាន​យកមក​ចិញ្ចឹម​នេះ​មាន​ឈ្មោះថា ​AllouyShoun គឺជា​កូន​ក្នុង​ក្រុមគ្រួសារ​ក្រីក្រ​មួយ​នៅ​ខេត្តសៀមរាប​។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​តារា​សម្ដែង​ស្រី​វ័យ​៤០​ឆ្នាំ​រូបនេះ​បាន​យល់ព្រម​ប្រគល់​ថវិកា​ចំនួន ១ ​លាន​ដុល្លារ ដើម្បី​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ក្រីក្រ​មួយ​នោះ នឹង​សុខចិត្ត ទទួល​ចិញ្ចឹម​កូនស្រី ម្នាក់នេះ​ធ្វើជា​កូន​ទី​ប្រាំពីរ​របស់​នាង​។​

បច្ចុប្បន្ន​គូស្នេហ៍​មួយគូ​នេះ​មានកូន ចំនួន​៦​នាក់​រួចមកហើយ ដោយ​ក្នុងនោះ​រួមមាន Maddox អាយុ​ ១៤ ​ឆ្នាំ ជា​កូនប្រុស​ច្បង​ដែល​បានទទួល​ចិញ្ចឹម​ពី​ប្រទេស​កម្ពុជា​។​​តួឯក​ស្រី​ប្រចាំ​ហូលីវូដ Angelina Jolie ដែល​ត្រូវបាន​មនុស្ស​ទូទាំង​សកលលោក​ស្គាល់​ថា​ជា​កំពូល​តារា​សម្ដែង និង​ជា​អ្នក​ដែលមាន​ចិត្ត​សន្ដោស​ប្រណី ចូលចិត្ត​ជួយ​សង្គម កុមារកំព្រា និង​អ្នក​ដែល​ជួប​ការលំបាក​នោះ ធ្លាប់បាន​ជួយ​កម្ពុជា​មិនតិច​ទេ ក្នុងនោះ​រួមមាន​ទាំង​ការបរិច្ចាគ​ជា​ទឹកប្រាក់ និង​ការបង្កើត​គម្រោង​ផ្សេងៗ​ជាដើម ជាក់ស្ដែង​នាង​ធ្លាប់បាន​បោះ​លុយ​ជាច្រើន​ដើម្បី​ទិញ​ដី​៦​ម៉ឺន​ហិច​តា​នៅ​កម្ពុជា ទុក​សម្រាប់​ជា​កន្លែង​អភិរក្ស​សត្វព្រៃ ។​

Angelina Jolie​ ទទួលយក​កូន​ខ្មែរ​ម្នាក់ទៀត​ ទៅ​ចិញ្ចឹម​ជា​កូន​ទី ​៧​ ​ ​ ​

​រឿងរ៉ាវ​ទាំងនេះ​ចាប់​ផ្ដើមឡើង​កាលពី​ឆ្នាំ​២០០៣ ដែល​កាលនោះ​អ្នកនាង Angelina Jolie បាន​ទិញ​ផ្ទះមួយ​កន្លែង​នៅ​ភាគ​ខាង​ភាគ​ពាយ័ព្យ​នៃ​ខេត្តបាត់ដំបង ក្នុង​ផ្ទៃដី​៣៩​ហិច​តា ក្នុង​គោលបំណង​ផ្សារភ្ជាប់​កូនប្រុស​របស់​នាង​ដែលមាន​ដើមកំណើត​ជា​ជនជាតិខ្មែរ ឈ្មោះ Maddox Chivan Jolie-Pitt ទៅនឹង​ទឹកដី​កំណើត​របស់គេ ។​

ដោយសារតែ​ផ្ទះ​នេះ​ស្ថិត​នៅក្បែរ​ឧទ្យាន​ជាតិ​ដែល​ត្រូវបាន​ទន្ទ្រាន​ដោយ​ក្រុម​អ្នក​បរបាញ់​សត្វព្រៃ​ខុសច្បាប់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​សត្វព្រៃ​ផ្សេងៗ​ដូចជា ខ្លាឃ្មុំ​ខ្មៅ​អាស៊ី ដំរី​អាស៊ី និង​ខ្លា​ឥណ្ឌូចិន ដែល​ប្រភេទ​សត្វ​ទាំងនេះ​ជា​ប្រភេទ​សត្វ​កម្រ​ក្នុងប្រទេស​កម្ពុជា ដូច្នេះហើយ​នាង​ក៏​សម្រេចចិត្ត​ទិញ​ដី​ជុំវិញ​តំបន់​នោះ​៦​ម៉ឺន​ហិច​តា ទុក​សម្រាប់​អភិរក្ស​សត្វព្រៃ​ទាំងនេះ ដោយ​គម្រោង​នេះ​មាន​ឈ្មោះថា Maddox Jolie Project ។

Angelina Jolie​ ទទួលយក​កូន​ខ្មែរ​ម្នាក់ទៀត​ ទៅ​ចិញ្ចឹម​ជា​កូន​ទី ​៧​ ​ ​ ​

រហូតដល់​ឆ្នាំ​២០០៦ អ្នកនាង Angelina Jolie បាន​ពង្រីក​គម្រោង​នេះ ហើយ​ប្ដូរ​ឈ្មោះថា Maddox Jolie-Pitt Project (MJP) ក្នុង​គោលបំណង​បង្កើត​តំបន់​នោះ​ឲ្យ​ក្លាយជា​ភូមិ​សហស្សវត្ស (Millennium Village) ទីមួយ​នៅ​អាស៊ី ហើយ​គិត​ត្រឹម​ឆ្នាំ​២០០៧ អ្នកភូមិ​ចំនួន​៦​ពាន់​នាក់ និង​បុគ្គលិក​ ៧២ ​នាក់ ដែល​ក្នុងនោះ​មាន​ខ្លះ​ធ្លាប់ជា​អ្នក​បរបាញ់​សត្វព្រៃ​ខុសច្បាប់ រស់នៅ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​ក្រោម​គម្រោង MJP នេះ ដោយ​ទីនោះ​មាន​ទាំង​សាលារៀន ផ្លូវថ្នល់ និង​រោងចក្រ​ទឹក​សណ្ដែក​ជាដើម ហើយ​អ្វី​ទាំងនោះ​សុទ្ធតែ​ត្រូវ​បានផ្ដល់​មូលនិធិ​ដោយ​អ្នកនាង Jolie ទាំងអស់ ។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រៅពី​ការផ្ដល់ប្រាក់​ដល់​ការបង្កើត​គម្រោង​នេះហើយ អ្នកនាង Angelina Jolie ក៏​ធ្លាប់បាន​ផ្ដល់ប្រាក់​សង់សា​លា​រៀន និង​មូលនិធិ​ថែរក្សា​កុមារ​ឆ្លង​មេរោគ​អេដស៍​នៅ​កម្ពុជា​ផងដែរ ហើយ​ដោយសារតែ​ទឹកចិត្ត​មនុស្សធម៌​របស់​នាង​ទាំងនេះហើយ បានធ្វើ​ឲ្យ​នាង​ទទួលបាន​សញ្ជាតិ​កម្ពុជា​ស្របច្បាប់ ដែល​ប្រទាន​ដោយ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះបាទ​នរោត្តម​សីហមុនី ៕ ដេវីត​

Angelina Jolie​ ទទួលយក​កូន​ខ្មែរ​ម្នាក់ទៀត​ ទៅ​ចិញ្ចឹម​ជា​កូន​ទី ​៧​ ​ ​ ​